សាលាឧទ្ធរណ៍ឲ្យបន្តឃុំខ្លួនលោក កឹម សុខា ដូចសាលាដំបូង

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដូចសាលាដំបូងដដែល ដោយសម្រចច្រានចោលបណ្តឹងជំទាស់ របស់ក្រុមមេធាវីការពារក្តី ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន នៅ​ព​ន្ធ​​នា​​គារ​​​ត្រ​ពាំងផ្លុងខេត្តត្បូងឃ្មុំកាលពីដើមខែកញ្ញានេះចោទពីបទ«ក្បត់​ជាតិ​»ដូ​ចរដ្ឋា​ភិបាល​ចោទ​ដែរ។

ប៉ុន្តែនីតិវិធីបញ្ជូនទៅឃុំខ្លួននេះ ត្រូវក្រុមមេធាវីការពារក្តី លោ​ក កឹម សុខា ប្តឹងទា​ស់​ ទៅសា​លាឧទ្ធ​រណ៍ ស្វែង​រក​យុ​ត្តិ​ធម៌ ដោយអះអាង​​ថា ការបង្គាប់​​​រ​ប​ស់​​សាលាដំបូងនោះ បានរំលោ​ភ​អភ័​​យឯក​សិ​ទ្ធិសភា រប​ស់​​​កូនក្តី។

នៅថ្ងៃ​​ទី២៦ខែកញ្ញានេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់សវនាការ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេល២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រម។​

យ៉ាងនេះក្តី សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានប្រកាសច្រានចោលការទាមទារ របស់​ក្រុ​មមេ​ធាវី​​កា​រ​​ពា​រ​ក្តីឲ្យលោក កឹម សុខា។

អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ បានបញ្ជាក់​ដូចនេះថា​៖ «សាលាឧទ្ធរណ៍គេតម្កល់ដីកាសម្រេ​​​​ស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ បានន័យថា ឲ្យបន្តឃុំខ្លួន [លោក កឹម សុខា]»

មេធាវីការពារមួយរូប គឺ លោក សំ សុគង់ ហៅការសម្រេចរបស់សាលាឧទ្ធរណ៍នេះថា ជាការស​ម្រេច​មួយ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ ដោយអះអាងថា អវត្តមានកូនក្តី ក្នុងសវនាការ ជាកា​របាត់​ឱ​កា​​ស​បកស្រាយពីភាពស្អាតស្អំ ជំទាស់ទៅនិងបទចោទប្រកាន់។

លោកថា៖ «ក្រុមមេធាវីយល់ឃើញថា កាលណាគ្មានវត្តមានឯកឧត្តម កឹមសុខា សេចក្តីសម្រេចហ្នឹងមិនបានផ្តល់យុត្តិធម៌ដល់ឯកឧត្តម កឹមសុខា ទេដោយសារឯកឧត្តម គ្មានឱកាសលើកនូវភស្តុតាង ក៏ដូចជាឆ្លើយដោះសារ ។ ក៏ដូចជាបង្ហាញនូវភាពសុចរិត ភាពគ្មានកំហុស របស់ឯកឧត្តម ដើម្បីដាក់ក្នុងសវនាការ ក៏ដូចជាចៅក្រម ធ្វើការពិចារណា ឬក៏ពិនិត្យអំពីបទចោទប្រកាន់ ឬក៏ការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរ។អញ្ចឹងកាលណាអវត្តមានជនត្រូវចោទ មិនអាចថាសវនាការនោះល្អ ហើយត្រឹមត្រូវទេ»

បើតាមលោក សំ សុគង់ សវនាការមួយ ដែលជនត្រូវចោទគ្មា​នឱកាសបក​ស្រាយ ឬប​ង្ហាញ​ភស្តុតា​ង ដើ​ម្បី​ដោះ​​​​បន្ទុក លោកថា នីតិវិធីនោះ បានរំលោភលើច្បាប់ជាតិ និងគោលការណ៍សកល។

ទោះ​ជាយ៉ាងណា រដ្ឋាភិបាល អះអា​ង​ថា​​​ ការចាប់ខ្លួន លោក កឹម សុខា ជា​វិធានការច្បាប់។ ​ប៉ុន្តែសហ​គ​ម​ន៍​​​​​អន្តរជាតិ មានស​ហ​ភា​ព​អឺរុប បារាំង អាលឺម៉ង់ និងសហ​រដ្ឋអាមេរិកផងនោះ ​ហៅ​​ការចាប់​ខ្លួន​នេះ​ថា ជា​​ការ​គាំរាម​កំហែ​ងផ្នែកន​យោ​​បា​​​យ និងទាមទារឲ្យដោះ​លែង​ជា​បន្ទាន់​ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ