ក្រសួងមហាផ្ទៃ ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលចំណាកស្រុកមកនៅរស់នៅភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ទៅធ្វើនៅស្រុកកំណើតដូចមុនទៀត។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ សម្រេចឲ្យប្រជាពលរដ្ឋទាំងអស់ ដែលផ្លាស់ទីលំនៅមករកស៊ី ឬ ធ្វើការងារ និងបន្តការសិក្សានៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋានតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់នីរោធ ខណ្ខច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការអនុញ្ញាត្តឲ្យពលរដ្ឋអាចចម្លងសំបុត្រអត្រានុកូលដ្ឋានផ្សេងៗ នៅភ្នំពេញ បែបនេះ គឺដើម្បីជួយសម្រួលដល់ពលរដ្ឋកុំឲ្យពិបាកត្រឡប់ទៅធ្វើស្រុកកំណើតវិញ។
គួររំលឹកថា កន្លងមករាល់សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានផ្សេង រួមានបញ្ជីកើតស្លាប់ និងអាពាហ៍ពិពាហ៍ គឺតម្រូវឲ្យប្រជាពលរដ្ឋត្រឡប់ទៅសុំសេចក្តីចម្លងពីសាលាក្រុង ស្រុក នៃលំនៅឋាន ដែលពលរដ្ឋទាំងនោះបានចុះបញ្ជី៕