ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់បានដើរដល់ភាពផុយស្រួយនៃការបែកបាក់ជាតិ ក្រោយមេបក្សប្រឆាំងដ៏ធំមួយត្រូវបានចាប់ខ្លួន។
ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជំរុញឲ្យប្រទេសលោកសេរី រួមទាំងអាមេរិកផង បានថ្កោលទោស និងដាក់សម្ពាធឲ្យរដ្ឋាភិបាលដោះលែងវិញ ដោយថា ចំណាត់ការនេះ ជាការគំរាមកំហែងផ្នែកនយោបាយ ដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសថា បានគំរាមដល់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែមហាអំណាចចិន បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា។
បើទោះបីជាប្រទេសចិន បានចេញមុខការពាររដ្ឋាភិបាលកម្ពុជាក្តី ក៏អ្នកតាមដានវិភាគថា កំណើនសេដ្ឋកិច្ចនិងទីផ្សារសម្រាប់លក់ផលិតផលកាត់ដេររបស់កម្ពុជា នៅប្រទេសលោកសេរី មិនមែនមហាអំណាចយក្សចិននោះទេ។
ជាងនេះទៅទៀត សប្តាហ៍មុននេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានប្រាប់មន្ត្រីពាក់ព័ន្ធថា សភាអាមេរិកកំពុងជំរុញរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោកថា បើការជំរុញនោះបានជោគជ័យ កម្ពុជាប្រឈមនឹងការបាត់បង់ទីផ្សារដ៏ធំផ្នែកលក់ផលិតផលវិស័យកាត់ដេរ។
តើអ្នកនយោបាយខ្មែរគួរដើរផ្លូវណា ដើម្បីចំណេញកម្ពុជា?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងស្តីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ជាមួយអង្គការសហប្រជាជាតិនោះ លោកថា ការដាក់សម្ពាធរបស់អាមរិក ជំរុញឲ្យកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យនោះ លោកថា មិនខុសទេ។
ប៉ុន្តែលោក សូ ចន្ថា វិភាគថា អ្វីដែលខុសទៅនឹងរដ្ឋធម្មនុញ្ញ ហើយធ្វើឲ្យកម្ពុជាខាតបង់នោះ គឺការសម្រេចចិត្ត ដើរចេញពីសហគមន៍អន្តរជាតិ នៃប្រទេសលោកសេរី ហើយរត់ទៅឱបជើងមហាអំណាចិនតែមួយ។
លោកថា៖ «ជាយោបល់របស់ខ្ញុំ។ ខ្ញុំគិតថា ការពឹងផ្អែកតែមហាអំណាចណាមួយផ្តាច់មុខនោះ មិនមិនមែនជារឿងល្អទេ ហើយវា អាចខុសឆ្គង ទៅនឹងរដ្ឋធម្មនុញ្ញ ដែលកម្ពុជាត្រូវតែមានជំហរ អព្យាក្រិតភាពមិនចូលសម្ព័ន្ធណាមួយនោះ»។
ប្រធានរាជបណ្ឌិត្យសភារបស់រដ្ឋាភិបាល និងជាបណ្ឌិតវិទ្យាសាស្ត្រនយោបាយ មកពីប្រទេសរុស្ស៊ី លោក សុខ ទូច ថ្លែងក្នុងកម្មវិធីតុមូលមួយ កាលពីសប្តាហ៍មុនថា ការដែលរដ្ឋាភិបាលទៅចាប់ចិន លោកថាដោយសារជំនួយចិនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លោក សុខ ទូច វិភាគថា ដើម្បីជំរុញការអភិវឌ្ឍផ្នែកឧស្សាហកម្មបាន កម្ពុជា ត្រូវការចាំបាច់ថាមពលអគ្គិសនី ពីដៃគូមិត្តចិន។
លោកថា៖ «ចិនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជំនួយរបស់ចិន ជាជំនួយគ្មានចំណង។ ប៉ុន្តែជំនួយចិនមានបំណង។ បំណងអី បំណងរ៉ែ អគ្គិសនី វាជារឿងធម្មតា នៃការវិនិយោគ។ យើងត្រូវការអគ្គិសនី ដើម្បីធ្វើបដិវត្តឧស្សាហកម្មបាន ត្រូវតែធ្វើអគ្គិសនីកម្ម»។
ជាការកត់សម្គាល់ ពេលសហគមន៍អន្តរជាតិ ប្រទេសលោកខាងលិច រិះគន់និងដាក់សម្ពាធឲ្យដោះលែងលោក កឹម សុខា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានសរសើរមហាអំណាចចិន ហើយរិះគន់សហរដ្ឋអាមេរិក ពីការទម្លាក់គ្រាប់បែបលើទឹកដីកម្ពុជាពីអតីតាល ដែលលោក ហ៊ុន សែន រំឭកថា ការទម្លាប់គ្រាប់បែករបស់អាមេរិក បានបង្កវិនាសសកម្មដល់កម្ពុជារហូតពេលនេះ។
លោក សុខ ទូច រំឭកពីប្រវត្តិសសាស្ត្រថា មហាអំណាចចិនធ្លាប់គាំទ្រ ប៉ុល ពត មិនគាំទ្រសម្តេចព្រះនរោត្តម សីហនុ បង្កឲ្យខ្មែរក្រហម សម្លាប់មនុស្សជិត២លាននាក់ដូចគ្នា។
ប៉ុន្តែលោក សុខ ទូច វិភាគថា ជំនួយរបស់អាមេរិកពេលនេះ គឺចង់ជំរុញសិទ្ធិមនុស្ស មិនមែននាំគ្រាប់បែកមកទម្លាក់ ដាក់កម្ពុជា ដូចពីអតីតកាលនោះទេ។
លោកថា៖ «ប៉ុន្តែអាមេរិកពេលនោះ និងអាមេរិកឥឡូវ វាខុសគ្នា។ អាមេរិកឥឡូវ មិនយក B52 មកឲ្យកម្ពុជាទៀតទេ គឺយកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លាភាព ភ្ជាប់ដោយលុយ»។
លោក សុខ ទូច រំឭកអ្នកនយោបាយបែបនេះថា៖ «អ្នកនយោបាយកម្ពុជា បានក្លាយជាអ្នកចង់បាន របស់មហាអំណាច។ ម្ខាងអាមេរិកចាប់ ម្ខាងចិនចាប់ ម្ខាងសូវៀតចាប់ ហែកកម្ពុជាជាបំណែកៗ។ ដែលយើងថា ការដឹកនាំបែបស្បែកខ្លា នាសម័យនោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ទើបយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយហែកជាស្បែកខ្លា។ យើងត្រូវចងចាំ? ខ្មែរហែកខ្មែ គ្រាន់តែគេលាភពណ៌ អាមួយកុម្មុយនីស្ត បែបចិន អាមួយកុម្មុយនីស្តបែបរុស្ស៊ី អាមួយសេរី បែបអាមេរិកកាំង។ យើងឈ្លោះគ្នាបង្ហូរឈាមគ្នា»។
ជំនួយរបស់សហរដ្ឋអាមេរិក និងប្រទេសលោកសេរី តែងភ្ជាប់ទៅនឹងការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ច។ ប៉ុន្តែសម្រាប់អ្នកស្រាយជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លោកឡើងថា រដ្ឋាភិបាលពិបាលមួយ ដែលមិនអាចទប់ស្កាប់អំពើពុករលួយបាន លោកថា រដ្ឋាភិបាលនោះ ច្រើនតែមិនចង់បានជំនួយ ដែលមានលក្ខខណ្ឌបែបនេះទេ។ ប៉ុន្តែលោកថា បើអ្នកនយោបាយស្វែងរកជំនួយ ដើម្បីតែការពារអំណាច លោកថា មិនខុសអីពីការពឹងបរទេស ឲ្យមកបំផ្លាញជាតិឯងនោះទេ។
លោកថា៖ «យើងជំពាក់លុយអាមេរិកកន្លងទៅ ដោយសារយកមកសម្លាប់ខ្មែរគ្នាឯង។ យើងខ្ចីលុយរុស្ស៊ី១ ៥០០លាន ក្នុងសម័យយើងទសវត្សឆ្នាំ៨០ ក៏យកមកសម្លាប់ខ្មែរគ្នាឯង ហើយក្នុងរបបខ្មែរក្រហម ដែលសម័យចិនគាំទ្រនេះ ក៏យកមកសម្លាប់ខ្មែរគ្នាឯងដូចគ្នា។ អញ្ចឹង ត្រង់ចំនុចហ្នឹងហើយ ដែលយើងមើលឃើញថា ក្រុមណាក៏ដោយ ឲ្យតែទាក់ទងនឹងខ្ចីលុយគេ ដើម្បីមកសម្លាប់ខ្មែរគ្នាឯង! អាហ្នឹងសុទ្ធតែសម្លាប់ជាតិខ្លួនឯងហើយ»។
សរុបជារួម អ្នកវិភាគលើកឡើងថា មានតែបង្កើតទំនាក់ទំនងល្អ ជាមួយមហាអំណាច និងបណ្តាប្រទេសនានាលើពិភពលោកទេ ទើបអាចនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងសន្តិភាពយូរអង្វែងបាន៕