ក្រសួងធនធានទឹកនិងឧតុនិយម ប្រាប់ឲ្យប្រជាពលរដ្ឋ ផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់មានជ្រោះ ស្ទឹង ព្រែក និងតំបន់ផ្សេងៗទៀត ខណៈជំនន់ទឹកភ្លៀងបានហក់ឡើង បន្ទាប់ពីមានភ្លៀងធ្លាក់អំឡុងពេល មួយសប្ដាហ៍កន្លងមក។
ក្នុងសេចក្ដីអំពាវនាវរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៣ ខែតុលានេះ ឲ្យដឹងថា ភ្លៀង ដែលបានធ្លាក់យ៉ាងគំហុស ក្នុងអំឡុងពេលមួយសប្ដាហ៍កន្លងមកនេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ច្រើនកន្លែង ហើយទន្ទឹមនេះ កំពស់ទឹកនៅតាមអាងទឹក ជ្រោះជ្រលដងអូរ ស្ទឹង ព្រែក មួយចំនួន ក៏បានហក់ឡើងខ្ពស់លឿនខុសពីប្រក្រតីផងដែរ។
ករណីខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យសាធារណជនគួរផ្អាកការ ធ្វើដំណើរកំសាន្តទៅកាន់តំបន់ទាំងនោះមួយរយៈសិន។
បើតាមទំព័រហ្វេសប៊ុកក្រសួងធនធានទឹក ឲ្យដឹងថា នៅក្នុងថ្ងៃទី៣ ខែតុលានេះ បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់ បានបង្កឲ្យមានទឹកជន់ឡើងលិចចូលលើផ្លូវជាតិលេខ ៧ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែក នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លំនៅដ្ឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ទទួលរងនូវការលិចលង់ដែរ៕