រដ្ឋាភិបាលកម្ពុជាស្នើឱ្យអាមេរិកនិងសហភាពអឺរ៉ុប បង្កើនការទិញផលិតផលវាយនភណ្ឌកាត់ដេរ មានសម្លៀកបំពាក់ និងស្បែកជើងតាមកិច្ចព្រមព្រៀង ខណៈសភាអាមេរិកកំពុងជំរុញឲ្យមានការទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ដើម្បីពង្រឹងយន្តការប្រជាធិបតេយ្យ។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ លោក ហេង សួរ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អ្នកបញ្ជាទិញបង្កើនការទិញ និងជួយសម្រួលពាណិជ្ជកម្មផ្នែកផលិតផលវាយនភណ្ឌកាត់ដេរ ពីប្រទេសកម្ពុជាឲ្យបានល្អប្រសើរជាងនេះ។
លោក ហេង សួរ បន្តថា ប្រទេសទាំងនោះធ្លាប់ ជំរុញឱ្យកម្ពុជាផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារឱ្យបានច្រើនជាងគេនៅក្នុងតំបន់ និងត្រូវមានលក្ខខណ្ឌការងារល្អប្រសើរ និងត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករជារៀងរាល់ឆ្នាំ ដោយពួកគេសន្យានឹងពង្រីកទីផ្សារលក់ផលិតផលដែលនាំចេញពីកម្ពុជាកាន់តែធំ។
លោកបន្ថែមថា «បើកម្ពុជាមានការរើកចំរើន បើកម្ពុជាកាន់តែពង្រីកទីផ្សាររបស់ខ្លួនទៅសហរដ្ឋអាមេរិកទៅកាន់ សហភាពអឺរ៉ុប នោះបណ្តាប្រទេសគេនឹងយល់ឃើញថា ការសន្យារបស់អាមេរិក និងសហគមន៍អឺរ៉ុបគឺពិតជាល្អ ហើយគេនឹងធ្វើតាម ហើយបើកម្ពុជាមិនទទួលបានការលើកលែងការអនុគ្រោះពីអាមេរិក និងសហគមន៍អឺរ៉ុប ទេ យើងជឿថា ទាំងបង់ក្លាដេស និងប្រទេសមួយចំនួនទៀត គេនឹងមិនកែលម្អលក្ខខណ្ឌការងារទេ ហើយពេលបេសកម្មរបស់ ILO បេសកម្មរបស់អាមេរិកនិង EU ដែលចង់លើកតង្កើនសិទ្ធិកម្មករនយោជិក និងលក្ខខណ្ឌ ការងារប្រកដបរាជ័យនៅក្នុងតំបន់នេះតែម្តង»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី សាទរចំពោះការស្នើសុំរបស់រដ្ឋាភិបាលឲ្យប្រទេសលោកសេរី បង្កើតការទិញផលិតផលវាយនភណ្ឌកាត់ដេរ ប៉ុន្តែលោកថា ដើម្បីឲ្យការស្នើសុំនោះប្រសិទ្ធភាព អ្នកនយោបាយត្រូវបញ្ឈប់ការទាស់ទែងគ្នា ហើយរដ្ឋាភិបាលត្រូវមានទំនាក់ទងការទូតល្អជាមួយប្រទេសលោកសេរីដែលជាប្រទេសមានទីផ្សារសេដ្ឋកិច្ចធំជាងគេ និងត្រូវពង្រឹងយន្តប្រជាធិបតេយ្យឡើងវិញ។
លោកបន្ថែថា «អញ្ចឹងសម្រាប់អ្នកនយោបាយរឿងសំខាន់ក្រៅពីការទាស់ទែងគ្នាឯងមិនចេះចប់ មិនចេះហើយ ហ្នឹង យើងត្រូវពិចារណាអំពីការទំនាក់ទំនងនយោបាយការបរទេសមួយដែលស្នើភាពគ្នាដូចដែលយើងបានចែងក្នុងរដ្ឋធម្មញ្ញយើងមិនត្រូវប្រកាន់បក្សសម្ព័នណាមួយ ហើយធ្វើជាប្រទេសឯករាជនិងអព្យាក្រឹត្សនោះវាទទួលបានភាពល្អប្រសើរហើយ»។
របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចក្រភពអង់គ្លេស OEC បានបង្ហាញថា ប្រទេសបីដែលកម្ពុជានាំចេញផលិផលធំបំផុតទៅលក់នោះមាន សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដែលមានទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ។
តែទោះយ៉ាងណាមួយរយៈចុងក្រោយនេះ ទំនាក់ទំនងការទូតកម្ពុជា អាមេរិក ហាក់មានភាពតានតឹង ក្រោយពីរដ្ឋាភិបាលចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយចោទថា មេបក្សរូបនោះ លួចឃុបឃិតជាសម្ងាត់ជាមួយអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសច្រានចោល ដោយថា ចំណាត់ការចាប់ខ្លួននោះជាការគំរាមផ្នែកនយោបាយ និងជំរុញឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ហើយប៉ុន្មានថ្ងៃក្រោយចាប់ខ្លួនមេបក្សប្រឆាំងរូបនោះ អាមេរិក ក៏បានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ ដល់មន្ត្រីនៅក្រសួងការបរទេសកម្ពុជាចាប់ពីអគ្គនាយកឡើងទៅឈប់ឲ្យចូលទឹកដីអាមេរិកផងដែរ៕