លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ដល់ស្ត្រីដែលជាមន្រ្តីរាជការស៊ីវិល និងមន្ត្រីនគរបាល នៅពេលសម្រាលបានកូនមួយ ដោយថានេះ ជាគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។
ក្នុងពិធីប្រគល់សញ្ញាបត្រមួយ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៩ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីខែមករាឆ្នាំ២០១៨ រដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី ដែលជាមន្រ្តីរាជការស៊ីវិល(គ្រូបបង្រៀន និងគ្រូពេទ្យ) ស្រ្តីនគរបាល ស្រ្តីកងទ័ព កងរាជអាវុធហត្ថ នឹងទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺន សម្រាប់ការសម្រាលបានកូនមួយ កូនភ្លោះពីរ ឬកូនកូនភ្លោះបី នឹងទទួលបានច្រើនជាងនេះ។
លោកថ្លែងថា៖ «ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល ស្ត្រីដែលជា នគរបាល ស្ត្រីដែលជាកងទ័ព នឹងត្រូវទទួលបាននៅពេលឆ្លងទន្លេ ដែលមានកូនមួយ ចំនួន៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះពីរឡើងដល់ ១លាន ៦សែនរៀល នឹងបើបានកូនភ្លោះបីឡើង ២លាន ៤សែនរៀល »។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក ហៀក ព្រីង សង្កេតឃើញថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល និងនគរបាល នៅពេលសម្រាលកូន នាពេលនេះ ហាក់ធ្វើឡើងស្របពេល ដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងកម្តៅ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាត្រូវធ្វើកិច្ចការនេះ ឲ្យបានយូរអង្វែង ជាជាងធ្វើក្នុងរយៈពេលខ្លី ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ស្ត្រី ដែលទទួលបានផលប្រយោជន៍នោះ។
លោកនិយាយថា៖ «អ្វីដែល បានគាត់ផ្តល់ឲ្យ ខ្ញុំចង់ឲ្យធ្វើជាលក្ខណៈភ្លៀងរលឹម ដូចគាត់និយាយឲ្យជាប្រចំា សូមធ្វើអ្វី យើងធ្វើតាមអ្វីដែល កាលៈទេសៈនៃស្ថានភាពពេលបោះឆ្នោត[ជិតមកដល់] ខ្ញុំចង់ឲ្យគាត់ធ្វើជាប្រចំា ជាអចិន្ត្រៃយ៍ជាការល្អ កាលណាវាអត់មានជាលក្ខណៈជាអចិន្ត្រៃយ៍ វាធម្មតា គេមើលឃើញថា វាស្ថានភាពនយោបាយ ផលចំណេញនយោបាយហើយ»។
លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព សរុបប្រមាណ៩ម៉ឺននាក់ ដោយថាក្នុងនោះ ស្រ្តីដែលមានលទ្ធភាពមានកូន មានប្រមាណ ១០,៨៤៤នាក់ ដែលក្នុងនោះ មានមន្រ្តីរាជការស៊ីវិលចំនួន ១០,៣៦០នាក់ នគរបាលជាតិចំនួន ១៩៤ និងកងទ័ពមាន ចំនួន២៥០នាក់។
លោក ហ៊ុន សែន បន្តថា ចាប់ពីឆ្នាំ២០១៨ តទៅ រដ្ឋាភិបាលនឹងត្រូវឧបត្ថម្ភប្រាក់ដល់ស្រ្តីសម្រាលកូន ដែលជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មានប្រមាណ ២លានដុល្លារ ខណៈស្ត្រីផ្នែកកម្មករ ក៏ត្រូវចំណាយប្រមាណ១០លានដុល្លារ នៅដើមឆ្នាំ២០១៨នេះ ផងដែរ៕