អ្នកតាមដានលើឡើងថា បក្សកាន់អំណាចហាក់កំពុងរុញយន្តការ ចង់រំលាយបក្សប្រឆាំង មុនការបោះឆ្នោត បើទោះបីសហគមន៍អន្តរជាតិមួយចំនួន បានប្រតិកម្មខ្លាំងៗនិងស្នើឲ្យដោះលែងមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ក៏ដោយ។
ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន បានដាក់ពាក្យប្តឹងជាផ្លូវការ ទៅតុលាការកំពូល ដោយផ្នែកលើសំណុំរឿងចោទប្រកាន់ លោក កឹម សុខា ខណៈអ្នកតាមដានថា តុលាការនៅតែជាសេនាធិការរបស់មេដឹកនាំនៅឡើយ។
ស្របគ្នានេះដែរ សារព័ត៌មានក្នុងស្រុកខ្លះបានចុះផ្សាយថា ពេលគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយ អាសនៈ៥៥ របស់បក្សប្រឆាំង ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរនោះ នឹងត្រូវគេយកទៅបែងចែកឲ្យគណបក្សមួយចំនួន ដែលគ្មានសំឡេងគាំទ្រ ជាប់ជាតំណាងរាស្ត្រ អំឡុងបោះឆ្នោតឆ្នាំ២០១៣។
ប៉ុន្តែបើគេពិនិត្យមើលពីចរន្តក្រៅប្រទេសវិញ ក្រោយចាប់ខ្លួនលោក កឹម សុខា សហគមន៍អន្តរជាតិមានសហភាពអឺរ៉ុប អាលឺម៉ង់ អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិកជាដើម បានជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែង លោក កឹម សុខា វិញ ដោយថាចំណាត់ការចាប់ខ្លួននោះ ជាការគំរាមកំហែង ផ្នែកនយោបាយ ផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
បើគណបក្សប្រឆាំងត្រូវរំលាយមែន នឹងជះឥទ្ធិពលអ្វីដល់ទំនាក់ទំនងអន្តរជាតិ?
អ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង លើកឡើងថា បើគេពិនិត្យពីចំនួនអាសនៈរបស់បក្សប្រឆាំង៥៥ ទល់នឹងបក្សប្រជាជន៦៨នោះ លោកថា គណបក្សទាំងពីរមានអ្នកគំាទ្រប្រហាក់ប្រហែលគ្នា។
ព្រឹទ្ធាចារ្យរូបនេះ លើកឡើងទៀតថា បើតុលាការកំពូលសម្រេចឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដូចក្រសួងមហាផ្ទៃប្តឹងមែន លោកវិភាគថា ពលរដ្ឋស្ទើរពាក់កណ្តាលនគរ នឹងអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ដោយចាត់ទុកថា តុលាការឧបករណ៍សម្រាប់អ្នកនយោបាយបញ្ជា ដែលលោកប្រើពាក្យថា ជាតុលាការ «តេឡេ»។
លោក លឺ ឡាយស្រេង វិភាគទៀតថា ជម្រើសបែបនេះ បង្ហាញថា ស្ថាប័នកំពូលពីរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហាក់កំពុងជំរុញឲ្យមានការបែកបាក់ជាតិ។
លោកថា៖ «ខ្ញុំថា ធ្វើអត្តឃាតទេ ធ្វើរបៀបនេះនោះ។ ហើយកុំសង្ឃឹមថា យកកៅអី[អាសនៈក្នុងសភា]ទៅចែកគណបក្សតូចៗ នោះអត់ផ្លូវទេ។ សភាតំណាងរាស្ត្រ គឺសភាជ្រើសតាំងដោយសំឡេងឆ្នោត។ មិនមែនសភា ឲ្យពីណាមកយកក៏បានដែរអត់ទេ។ អញ្ចឹងបានថា ចេះតែនាំគ្នាលេងសើចទៅបំពានច្បាប់ទៅៗ»។
លោក លឺ ឡៃស្រេង បន្តដូចនេះថា៖ «រំលាយគណបក្សសង្គ្រោះជាតិនេះ ដូចរំលាយគណបក្សខ្លួនឯងអញ្ចឹង។ ពីព្រោះរំលាយសង្គ្រោះជាតិទៅ សភាមានតែ៦៨ ដល់អញ្ចឹងទៅវាខុស ពីរដ្ឋធម្មនុញ្ញសភាពេញអង្គ ទាល់តែមាន១២៣ ដូច្នេះ៦៨ហ្នឹង វាមិនអត់ស្របច្បាប់ ដូចនេះគណបក្សប្រជាជនត្រូវតែរលាយដូចគ្នា។ អាហ្នឹងខ្ញុំនិយាយតាមច្បាប់ទេ»។
មន្ត្រីផ្នែកច្បាប់ នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា លើកឡើងថា ច្បាប់បោះឆ្នោតថ្មី ដែលប្រកាសឲ្យប្រឆ្នាំ២០១៥ មានចែងពីការដកយកអាសនៈ របស់គណបក្សនយោបាយមួយ ទៅចែកឲ្យគណបក្សនយោបាយមួយផ្សងទៀត ក្នុងករណីគណបក្សនោះ ធ្វើពហិការមិនចូលប្រជុំសភាដំបូង ឬ មិនចូលស្បថ តាមការកោះ របស់ព្រះមហាក្សត្រ។ ប៉ុន្តែមន្ត្រីផ្នែកច្បាប់រូបនេះថា តាមគោលការណ៍ច្បាប់ថ្មីនេះ មិនអាចអនុវត្តថយក្រោយ ដោយទៅយកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានអំឡុងឆ្នាំ២០១៣ មកអនុវត្តបានទេ។
លោកថា៖ «ប៉ុន្តែនៅក្នុងច្បាប់បោះឆ្នោតថ្មី គេមានចែងអំពីបញ្ញត្តិហ្នឹង អញ្ចឹងបើយកច្បាប់បោះឆ្នោតថ្មីហ្នឹង មកអនុវត្ត វាទៅជាអនុវត្តច្បាប់ប្រតិសកម្មហើយ មានន័យថា ធាក់ថយក្រោយហើយ»។
តាមច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើឆ្នាំ២០១៥ ត្រង់ជំពូក៩ ចែងពីការបាត់បង់អាសនៈ នៃរដ្ឋសភា និងការជ្រើសតាំងជំនួស។
មាត្រា១៣៩ ចែងថា បន្ទាប់ពីការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងត្រូវប្រកាសជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ គណបក្សអាចបាត់បង់អាសនៈវិញក្នុងករណី «គណបក្សនយោបាយនោះ ធ្វើពហិការមិនព្រមចូលរួមសម័យប្រជុំដំបូង តាមការកោះប្រជុំ របស់ព្រះមហាក្សត្រ។ ធ្វើពហិការមិនព្រមចូលរួមប្រជុំសភា សម្រាប់ការប្រកាសសុពលភាពនៃអាណត្តិ របស់សមាជិកនិមួយៗ។ ធ្វើពហិការមិនព្រមធ្វើសច្ចាប្រណិធានសម្រាប់ចូលកាន់តំណែង»។
អ្នកវិភាគនយោបាយ មួយរូបទៀតគឺលោក ឯម សុវណ្ណារ៉ា លើកឡើងថា បើយោងតាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា រដ្ឋសភា មានសមាជិតំណាងរាស្ត្រយ៉ាងតិច១២០។ លោកថា ការរំលាយបក្សប្រឆាំង និងប៉ះពាល់ដលស្ថានប័នធំៗបី ដូចជារដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនស្របច្បាប់ដែរ។
លោកថា៖ «បញ្ហាប្រឈម វាចោទត្រង់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកើតចេញពីសភា ដែលរើសហ្នឹង វាត្រូវរលាយហើយ។ បឋមសភាខ្លួនឯង ហ្នឹងត្រូវរលាយហើយ។ បានន័យថា គណបក្សដែលមាន៥៥អាសនៈ ត្រូវរលាយដែរ។ អញ្ចឹងបើសភាជាតិ រលាយ អញ្ចឹងយើងសួរថា សភាជាតិរលាយសភាក្លាយជាសភាមិនពេញលេញ ត្រូវបោះឆ្នោតឡើងវិញ ហើយការបោះឆ្នោតវាគៀកដែរ នៅខែ៧ឆ្នាំក្រោយ។ បើរលាយឥឡូវ ក៏ត្រូវរៀបបោះឆ្នោតឲ្យបានលឿនដែរ។ រដ្ឋាភិបាល ក៏លែងជារដ្ឋាភិបាល ស្របច្បាប់ដែរ ពីព្រោះសភារលាយហើយ នៅសល់តែ៦៨របស់គណបក្សប្រជាជន បើមាត្រា៧៦ ចែងថា ត្រូវមាន១២០យ៉ាងតិច»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើស្ថាប័នទាំងបីរបស់កម្ពុជា មិនស្របច្បាប់ អាចនឹងធ្វើឲ្យសហគមន៍អន្តរជាតិ ចាប់ផ្តើមពិចារណាពីភាពស្របច្បាប់កៅអីកម្ពុជា នៅអង្គការសហប្រជាតិ។
លោកថា៖ «ស្ថាប័ន៣នេះ វាប្រឈមនឹងភាពមិនស្របច្បាប់ ហើយបើសិនជារដ្ឋាភិបាល មិនស្របតាមគោលការណ៍ច្បាប់ពេញលេញ តើអាសនៈ របស់កម្ពុជានៅអង្គការសហប្រជាជាតិ គេឲ្យតម្លៃបែបណា? គេគិតបែបណា? នេះ ហើយជាបញ្ហា នៃកិច្ចសហប្រតិបត្តិការនានា ទាក់ទងនឹងរដ្ឋាភិបាល ជាបញ្ហាប្រឈមនៅក្នុងសម័យអន្តរកាលទៀតហើយ»។
បើតាមលោក ឯម សុវណ្ណារ៉ា បើសហគមន៍អន្តរជាតិ មិនជឿលើភាពស្រប់ច្បាប់របស់រដ្ឋាភិបាលកម្ពុជា ពួកគេនឹងជំរុញឲ្យកម្ពុជារៀបចំការបោះឆ្នោតមុនអាណត្តិ ឬជំរុញឲ្យរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ មានលក្ខខណ្ឌត្រឹមត្រូវ ដើម្បីធានាភាពស្របច្បាប់ ដល់រដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោត៕