ខណៈបក្សកាន់អំណាចកំពុងជំរុញយន្តការ រឹបអូសយកអាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនៅក្នុងសភានោះ អ្នកតាមដានអះអាងថា ភាពផុយស្រួយនៃការបែកបាក់ជាតិ កាន់តែខិតជិតមកដល់។
ក្រសួងមហាផ្ទៃ កាលពីសប្តាហ៍មុន បានប្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយសំអាងទៅលើការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ខណៈតុលាការជាន់ទាប នៅមិនទាន់បើកសវនាការកាត់ទោសមេបក្សរូបនេះនៅឡើយ។
ចំណែកលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន វិញ ប៉ុន្មានថ្ងៃមុននេះ បានប្រកាសថា រយៈពេលដ៏ឆាប់នេះ ច្បាប់ថ្មីមួយនឹងកើតឡើង។ លោកថា ពេលនោះ អាសនៈទាំងអស់របស់គណបក្សប្រឆាំង នឹងត្រូវរឹបអូស យកទៅចែកគណបក្ស៥ផ្សេងទៀត ដែលមិនបានឈ្នះអសនៈនៅសភា។
រីឯអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានហៅការជំរុញរបស់ មេដឹកនាំកាន់អំណាចនេះថា បានរំលោភសិទ្ធិម្ចាស់ឆ្នោត និងថាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា កំពុងងាកឆ្លាយពីលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជាញឹកញាប់ ថ្លែងប្រតិកម្មតបវិញថា ការជំរុញរបស់សហគន៍អន្តរជាតិ លោកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា អ្វីដែលកម្ពុជា កំពុងធ្វើ គឺជាការអនុវត្តច្បាប់សុទ្ធសាធ។
ស្ថិតក្នុងស្ថានការនយោបាយ កំពុងតាមតឹងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបង្ហាញការខកចិត្ត ទៅលើចំណាត់ការរបស់រដ្ឋាភិបាលនេះដែរ ពួកគេបានសរសើររិះគន់ធ្ងន់ៗ និងខ្លះប្រកាសឲ្យរួមគ្នា ប្រឆាំងនឹងការប៉ុនប៉ងរឹបអូសយកអាសនៈរបស់បក្សប្រឆាំងនេះ។
បរិយាកាសនយោបាយបែបនេះ តើមានតួអង្គណាខ្លះ ដើរតួសំខាន់ ដើម្បីដោះស្រាយបញ្ហានេះ?
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា យន្តការក្នុងស្រុក មានព្រះមហាក្សត្រជា តួអង្គសំខាន់។ លោកថា រដ្ឋធម្មនុញ្ញ បានចែងពីតួនាទីដ៏សំខាន់របស់ព្រះអង្គ ក្នុងការបង្រួបបង្រួមជាតិ។
លោកថា៖ «នៅក្នុងប្រទេស គឺព្រះមហាក្សត្រ លោកមានតួនាទីធានានូវការអនុវត្តសន្ធិសញ្ញាអន្តរជាតិនៅប្រទេសកម្ពុជា គឺសន្ធិសញ្ញាមួយ ដែលពាក់ព័ន្ធ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
បើយើងពិនិត្យលើរដ្ឋធម្មនុញ្ញជំពូក២ ក៏ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តភាពជាតិ។ ព្រះមហាក្រត្រទ្រង់ជា អ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជា អ្នកធានាការគោរពសិទ្ធិ និងសេរីភាពភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់»។
លោក ឡៅ ម៉ុងហៃ វិភាគទៀតថា តួអង្គសំខាន់មួយទៀត គឺ ប្រទេស ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១។
លោកថា៖ «ក្នុងករណី មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ង ប្រទេសទាំងឡាយហ្នឹង អាចសុំឲ្យអង្គការពាក់ព័ន្ធ អង្គការសហប្រជាជាតិហ្នឹង ធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ទៅនឹងការរំលោភបែបហ្នឹង»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា មានប្រទេសចំនួន១៨ បានចុះហត្ថលេខា ក្នុងនោះ ក៏មានប្រទេសមហាអំណាចទាំង៥ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី ផងដែរ។
បើតាមលោក ឡៅ ម៉ុងហៃ តួអង្គសំខាន់មួយទៀត គឺ រដ្ឋាភិបាលខ្លួនឯង ដែលលោកថា ត្រូវគោរពច្បាប់ជាតិ និងអន្តរជាតិ តាមស្មារតីនៃរដ្ឋធម្មនុញ្ញ នោះដំណោះស្រាយនយោបាយ នឹងធានាពីប្រយោន៍ជាតិ។
លោកថា៖ «យកល្អ វិលមករកភាពប្រក្រតី ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មានការគោរព និងអនុវត្តលិទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១១ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លែងមានឥទ្ធិពលលើកម្ពុជា ដោយថា ក្រោយពីកម្ពុជា មានរដ្ឋធម្មនុញ្ញនោះ។
លោកថា៖ «សុំកុំស្រមើស្រម៉ៃថា កោះប្រជុំសន្ធិសីទប៉ារីស ឡើងវិញនោះ។ ព្រោះសន្ធិសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយ ក្លាយជារដ្ឋ មិនដឹងប៉ុន្មាននោះ។ សូម្បីតែ ប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ដែរ វាមាននៅសល់អីទៀតៗ»។
ប៉ុន្តែ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា សហគមន៍អន្តរជាតិ នៅតែមានតួនាទីសំខាន់ ដោះស្រាយបញ្ហានេះ តាមស្មារតីនៃកិច្ចព្រមព្រៀងនានា និងកតិការសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ។
លោកថា៖ «កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស អាហ្នឹងយើងត្រូវមើលលើគោលការណ៍ហ្នឹងទៀត អាហ្នឹង បានយើងអាចនិយាយគ្នាត្រូវ។ បើសិនជា យើងគិតតែថា កម្ពុជាធ្វើត្រូវ សហគមន៍អន្តរជាតិគេថាអត់ត្រូវ អញ្ចឹងទស្សនពីរ នៅតែប្រឈមខុសគ្នា អូសបន្លាយពេលកាន់តែយូរ បានន័យថា កម្ពុជាកាត់តែខាតបង់ទេ»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ចរន្តពីរទៀត ដែលលោកថា ជាចរន្តបន្ទប់បន្សំ អាចជំរុញឲ្យមានដំណោះស្រាយនយោបាយពេលនេះដែរ គឺការជំរុញទាមទាររបស់ពលរដ្ឋ ជាកោសិកាសង្គម និងសកម្មភាពតស៊ូមតិរបស់បក្សប្រឆាំង។
សរុបជារួម អ្នកវិភាគថា មានតួអង្គសំខាន់៣ សម្រាប់ដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន គឺសហគមន៍អន្តរជាតិ ដែលជាប់កាតព្វកិច្ចឃ្លាំមើលសិទ្ធិមនុស្ស តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រីឯយន្តការក្នុងស្រុក មានព្រះមហាក្សត្រ ពលរដ្ឋ និងរដ្ឋាភិបាលខ្លួនឯង តាមយន្តការ ចរចាខ្មែរនិងខ្មែរ៕