លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ ប្រតិកម្មតបចំពោះអាមេរិកនិងអ្នកពាក់ព័ន្ធ ដែលពួកគេបានរិះគន់ថា ការកាត់ទោសមេបក្សប្រឆាំងនិងការរំលាយបក្សនេះ ធ្វើឲ្យប៉ះពាលដល់ឆន្ទៈពលរដ្ឋ។
បន្ទាប់ពីបក្សកាន់អំណាចអនុម័តកែច្បាប់៤ ដើម្បីបើកផ្លូវឲ្យរឹបអូសអាសនៈរបស់បក្សប្រឆាំង ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៦តុលា បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៀត ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងស្តារស្ថានភាពនយោបាយឲ្យបានប្រសើរឡើងវិញ។ ជុំវិញបញ្ហានេះ កន្លងមក អ្នកវិភាគ និងអ្នកច្បាប់មួយចំនួន មើលឃើញថា ប្រសិនបើ ករណីដកហូតកៅអីរបស់បក្សប្រឆាំងកើតឡើងមែននោះ និងធ្វើឲ្យមានភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងរំលោភសិទ្ធិម្ចាស់ឆ្នោតរាប់លាននាក់។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កាលពីអាមេរិកនៅពីក្រោយរបប លន់ នល់ បានធ្វើរដ្ឋប្រហារទំលាក់សម្តេចនរោត្តមសីហនុ និងកាលធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីអាមេរិក លោក និច សុន ពីតំណែង លោកថា អាមេរិក ក៏មិនបានគិតពីផលប៉ះពាល់ដល់ឆន្ទៈពលរដ្ឋនោះដែរ។
លោកបន្ថែមថា៖ «[…]សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា ការផ្តន្ទាទោស ចំពោះមេបក្សប្រឆាំង ដែលប្រព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ ដែលអាចនឹងត្រូវរំលាយ ដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត តើអ្នកមានបាននឹកឃើញកាលពីអ្នកបានផ្តួលរំលំសម្តេច នរោត្តម ព្រះសីហនុ ហើយរហូតទៅដល់រំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា តើកាលនោះ អ្នកបានគិតពីឆន្ទៈរាស្រ្តទេ? ហ្នឹងសម្រាប់នៅកម្ពុជា ប៉ុន្តែសម្រាប់នៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលជាបិតាប្រជាធិបតេយ្យ សុំឆ្លើយមក? តើពេលនោះ មានត្រូវទៅសុំការសម្រេចពីប្រជាជន ទុកឱកាសឲ្យប្រជាជនបោះឆ្នោតទំលាក់លោក និច សុន ទេ?»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីការកាត់ទោសមេដឹកនាំមួយចំនួន នៃប្រទេសកាន់របបប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង និងថៃ ជាដើម ដោយថា ក៏មិនបានគិតដល់ឆន្ទៈពលរដ្ឋផងដែរ។
វីអូឌី នៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្ថានទូតអាមេរិកបាននៅឡើយទេ។
ចំពោះមន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា លោក ហ៊ុន សែន មិនអាចប្រៀបធៀបការកាត់ទោសមេដឹកនាំប្រទេសកាន់របបប្រជាធិបតេយ្យមួយចំនួន និងការកាត់ទោសមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពេលនេះបានទេ ដោយថា ប្រព័ន្ធតុលាការ នៃប្រទេសសេរីទាំងនោះ មានភាពឯករាជ្យ។
លោកបន្ថែមថា៖ «ឧបមាថា ដូចការរំលាយគណបក្សមួយស្រេច តែទំនើងចិត្ត ឬក៏ការរំលាយគណបក្សមួយ ដោយប្រើប្រាស់យន្តការតុលាការ ដែលខ្លួនមានអំណាចក្នុងការគ្រប់គ្រង ដែលខ្លួនមានឥទ្ធិពល ក្នុងការគ្រប់គ្រង តើមធ្យោបាយទាំងអស់នេះ ជាមធ្យោបាយយុត្តិធម៌ ដែរឬទេ? បើជាមធ្យោបាយយុត្តិធម៌អាហ្នឹង គឺវាអត់មានអីត្រូវសួរទេ ប៉ុន្តែប្រសិនបើមធ្យោបាយហ្នឹង មិនយុត្តិធម៌ អាហ្នឹងហើយ ដែលត្រូវដោះស្រាយ»។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦តុលា ក្រសួងការបរទេសអាមេរិក ក៏បានបង្ហាញក្តីបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ក្រោយសមាជិករដ្ឋសភាបក្សប្រជាជន បានអនុម័តទាំងស្រុងសេចក្តីស្នើកែច្បាប់ ដើម្បីបើកផ្លូវឲ្យបែងចែកអាសនៈគណបក្ស ដែលត្រូវរំលាយ ចំពេលតុលាការកំពូល កំពុងពិនិត្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
កន្លងមកសហគមន៍អន្តរជាតិ រួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី សហគមន៍អឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទទូចឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយថា ដើម្បីធានាដំណើរការបោះឆ្នោត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕