ព្រឹទ្ធសភាអាមេរិកគំរាមទុកពេលកន្លះខែឲ្យដោះលែងលោក កឹម សុខា

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​តិចសាស លោក​ លោក​ ថេត គ្រូហ្ស (Ted Cruz)​ (រូបភាពពី Washington Examiner)

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានចេញលិខិតមួយគំរាមថា បើរដ្ឋាភិបាលកម្ពុជា មិនដោះ​លែ​ង​មេ​ដឹកនាំបក្ស​​​​ប្រឆាំងលោក កឹម សុខា មុនថ្ងៃទី៩ ខែវិច្ឆិកាទេ លោករួមជាមួយសមាជិកព្រឹទ្ធសភាផ្សេងទៀត​ នឹងបញ្ចុះបញ្ចូលរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យ​ហាមមន្ត្រីជាន់​​ខ្ពស់​កម្ពុជា មិនឲ្យជាន់ដីអាមេរិក។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​តិចសាស លោក​ លោក​ ថេត គ្រូហ្ស (Ted Cruz)​ កាលពីម្សិលមិញ ​ផ្ញើលិខិតទៅ​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោនលោក ​ជុំ ប៊ុនរ៉ុង ​បានលើកឡើងពីការចាប់ខ្លួនលោក កឹម សុខា ​និងការរៀបចំរំលាយគណបក្សសង្គ្រោះជាតិ​។ លោកថាសកម្មភាពទាំងនេះ ​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងអាមេរិកនោះទេ គឺថែមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៀតផង។

សមាជិកព្រឹទ្ធសភារូបនេះ បានកំណត់ពេលត្រឹមថ្ងៃទី៩ខែវិច្ឆិកាថា បើមិនមានការដោះលែងលោក កឹម សុខា ទេ លោកនឹងស្វែងរកការដាក់សម្ពាធបន្ថែម។​

លោក​សរសេរក្នុងន័យថា៖ «បើសិនជាមិនមានការដោះលែងលោក កឹម សុខា នៅត្រឹមថ្ងៃទី៩ខែវិច្ឆិកាទេ ខ្ញុំនិង ក្រុមការងាររបស់ខ្លួន នឹងធ្វើការងារជាមួយរដ្ឋការរបស់ លោក ​ត្រាំ ដើម្បីហាមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធករណីនេះ មិនឲ្យចូលសហរដ្ឋអាមេរិក​ទេ»។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស បានតវ៉ានិងដាក់ញត្តិ​ជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសដែលពួកគេកំពុងរស់នៅ​ ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោក កឹម សុខា។​ ពលរដ្ឋនៅប្រទេសទាំងនោះ រួមមានអូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាងត្បូង និងបារាំងជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រតិកម្មនឹងស្ថា​នទូតអាមេរិក ដែ​​ល​​អា​មេរិ​កអំពា​វ​នា​វ​​​ ​ឲ្យដោះ​លែង​លោ​ក កឹម សុខា ដោយអា​មេរិកថា ​កា​រព្យាយា​មរំលា​​យបក្សប្រ​ឆាំង ជា​ការ​រំលោ​ភឆ​ន្ទៈម្ចាស់ឆ្នោត។

លោកថា៖ «សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា ការផ្តន្ទាទោសចំពោះមេបក្សប្រឆាំង ដែល​ប្រ​ព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ ដែលអាច​នឹង​ត្រូវរំលាយដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត តើអ្នកមា​ន​​បា​ននឹកឃើញកាល​ពីអ្នកបានផ្តួលរំលំសម្តេច នរោត្តម ព្រះសីហនុ ហើយរហូ​ត​ទៅដ​ល់​រំលាយរ​បបរាជានិ​យមអាស្រ័​យធម្មនុញ្ញនៅកម្ពុជា តើកាលនោះ អ្នកបា​នគិត​ពីឆន្ទៈរាស្រ្តទេ?»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ដោយសារតែកម្ពុជា ជាប់កាត​ព្វកិច្ច​គោរ​ព​សិទ្ធិ​មនុស្ស តាមកិច្ចព្រមព្រៀងនានានោះ លោកថា សហគ​មន៍អន្តរ​ជាតិ នឹងនៅតែបន្តដាក់សម្ពាធ មក​លើ​រ​ដ្ឋា​ភិ​បាល ជំរុញឲ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ។

លោក ឯម សុវណ្ណារ៉ា វិភាគថា កម្ពុជាទេជាអ្នកខាតប្រយោជន៍ បើអ្នកនយោបាយខ្មែរ ធ្វើមិនដឹងមិនឮ ពី​កា​រជំរុញ របស់​សហគមន៍អន្តរជាតិនោះ។

លោកថា៖ «កម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស អាហ្នឹងយើង​ត្រូវមើលលើ​​គោលការណ៍ហ្នឹងទៀត អាហ្នឹងបានយើងអាចនិយាយគ្នាត្រូវ។ បើសិ​នជាយើងគិ​តតែថាក​ម្ពុជា​ធ្វើត្រូវ សហគមន៍អន្តរជាតិគេថាអត់ត្រូវ អញ្ចឹងទស្សនៈពីរនៅតែប្រឈមខុស​គ្នា អូស​បន្លាយពេលកាន់តែយូរបា​​នន័​យ​ថាកម្ពុជាកាត់តែខាតបង់ទេ»។

រដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ រងការរិះគន់ពីសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដូចជាស​ហ​រដ្ឋអា​មេរិក អាលឺម៉ង់ បារាំង សភាពអឺរុប និងសហភាពអន្តរសភា IPU ដែ​ល​​មានសមា​ជិក១៧៣ប្រទេស ជាដើ​ម ដោយថា របត់ដឹកនាំពេលនេះ កំពុងងា​កចេ​ញ​ពី​​​គ​ន្ល​​ង​ប្រជា​ធិបតេយ្យ និង​​បា​ន​ជំរុញឲ្យរដ្ឋា​ភិបាល ដោះលែង លោក កឹម សុខា បើកលំហ ប្រជា​​ធិប​​តេ​​យ្យឡើងវិញ ដើម្បីធានាថា រ​ដ្ឋាភិបាលដែលកើតក្រោ​យបោះ​​ឆ្នោ​តឆ្នាំ២០១៨​ជារដ្ឋាភិបា​លស្រប​ច្បា​ប់ កើ​​​ត​ចេញពីឆន្ទៈម្ចាស់ឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ