ជប៉ុនចោទសួររដ្ឋាភិបាលរឿងចាប់ខ្លួនលោក កឹម សុខា

អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Iwo HORII និងរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន (រូបភាពពី ក្រសួងការបរទេស)

ជប៉ុនបានចោទសួររដ្ឋាភិបាលកម្ពុជា អំពីការចាប់ខ្លួនប្រធានគណបក្សប្រឆាំង និងបញ្ហានយោបាយមួយចំនួនទៀត ដែលបានកើតមានឡើង។ ប៉ុន្ដែកម្ពុជាឆ្លើយតបថា នេះជាការអនុវត្តច្បាប់ ប្រឆាំងនឹងក្រុម ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងជំនួបមួយ ជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Iwo HORII បានលើកឡើងនូវ បញ្ហានយោបាយមួយចំនួននៅកម្ពុជា ដូចជា ការបិទអង្គការ NDI ការបិទកាសែត ខេមបូឌា ដេលី និងការចាប់ខ្លួនប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយក្រោយជំនួបនោះ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងការទេស លោក ជុំ សន្ទរី បានទេ។

ប៉ុន្តែ ក្រៅពីជំនួប នេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុន ក៏បានជួបជាមួយប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ផងដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងបន្ថែមថា ជប៉ុនក៏បានលើកករណីនេះ ជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ប៉ុន្ដែលោកថា ជប៉ុនមិនបានជំរុញអ្វី ដល់កម្ពុជានោះទេ។

លោកថា៖ «គាត់ (ជប៉ុន) បាននិយាយ គាត់បានលើករឿងហ្នឹងដែរ ប៉ុន្ដែសម្ដេច ថា អារឿងហ្នឹង នោះជារឿងរបស់តុលាការ»។

នេះទំនងជាលើកដំបូង ដែលជប៉ុន ដែលជាប្រទេសម្ចាស់ជំនួយផ្នែកបោះឆ្នោតដ៏ធំបំផុតរបស់កម្ពុជា បានលើកអំពីបញ្ហានយោបាយនេះ ក្រោយពីបណ្ដាប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ បានបង្ហាញក្ដីបារម្ភជាបន្ដបន្ទាប់ ជុំវិញស្ថានការណ៍នយោបាយ ដែលថា កំពុងឡើងកម្ដៅខ្លាំង មុនការបោះឆ្នោត។

ប៉ុន្ដែក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បំភ្លឺថា ចំណាត់ការថ្មីៗ របស់រដ្ឋាភិបាល គឺដើម្បីទប់ស្កាត់ កុំឲ្យមានចលនាបដិវត្តន៍ និងការឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលសព្វថ្ងៃ។

សេចក្ដីប្រកាសបញ្ជាក់ថា «ឯកឧត្តមទេសរដ្ឋមន្ដ្រី បានឆ្លៀតឱកាសនេះ បកស្រាយអំពីសភាពការណ៍ ដែលកើតមាននៅកម្ពុជា ពិសេសគឺធ្វើ ការបំភ្លឺទាត់ចោទចំពោះការចោទប្រកាន់ ដោយអយុត្តិធម៌របស់មជ្ឈដ្ឋានមួយចំនួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើករណីកាសែត ខេមបូឌា ដេលី ការបិទអង្គការ NDI ករណីឃុបឃិតក្បត់ជាតិ របស់ប្រធានគណបក្សប្រឆាំង ជាមួយមហាអំណាចបរទេស សំដៅធ្វើបដិវត្ដន៍ពណ៌ ផ្ដួលរំលំស្របច្បាប់»។

នៅថ្ងៃសុក្រនេះដែរ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលការចោទប្រកាន់នានារបស់រដ្ឋាភិបាល និងហៅចេតនា ចង់រំលាយបក្សប្រឆាំងនោះថា មានចេតនានយោបាយសុទ្ធសាធ និងថា ខ្លួនមិនបានធ្វើខុសនោះទេ។

តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃសុក្រថា បើទោះបីស្ថាននយោបាយ ធ្លាក់ដល់ដំណាក់កាលនេះក៏ដោយ លោកថា គណបក្សសង្គ្រោះជាតិ នៅតែសង្ឃឹមថា អាចមានចរចាណាមួយ រវាងគណបក្សទាំងពីរ។

លោកថា៖ «គណបក្សសង្គ្រោះជាតិ មានជំហរថា រវាងខ្មែរ និងខ្មែរ អាចជជែក និងនិយាយគ្នាបានតើ ទោះបីបរទេស គាបសង្កត់ច្រើនយ៉ាងណា ក៏ត្រូវតែខ្មែរ និងខ្មែរជជែកគ្នាដែរ។ រឿងឆាប់ រឿងយូរ ឋិតនៅលើភាគីទាំងពីរ ទាល់តែភាគីមួយចំហៀងទៀត គេចង់និយាយដែរ»។

នាយកប្រតិបត្តិអង្គការ​និណហ្វិច លោក សំ គន្ធាមី យល់ថា នេះជារឿងល្អ ដែលម្ចាស់ជំនួយ បានយកចិត្តទុកដាក់ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកថា គណបក្សសង្គ្រោះជាតិ គួរត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង ដោយថា ដើម្បីធានាឲ្យការបោះឆ្នោតនៅឆ្នាំក្រោយ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គណបក្សសង្គ្រោះជាតិ ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា​ កំពុងរងការគាបសង្កត់ពីគណបក្សកាន់អំណាច ប​ន្ទាប់ពីមានការចាប់ខ្លួន លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធសភា កាលពីយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ដោយរងការចោទថា ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស។

ក្រោយមក រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើកែច្បាប់បោះឆ្នោតចំនួន៤ ដែលគេជឿថា នឹងអាចដកហូតអាសនៈបក្សប្រឆាំង បើសិនគណបក្សនេះ ពិតជាត្រូវរំលាយមែន។

សហគមន៍អន្តរជាតិ រួមមាន បារាំង អាល្លឺម៉ង់ ស​ហ​រដ្ឋអា​មេរិក សភាពអឺរុប និងសហភាពអន្តរសភា IPU ដែ​ល​​មានសមា​ជិក១៧៣ប្រទេសនោះ យល់ថា កម្ពុជា កំពុងងា​កចេ​ញ​ពី​​​គ​ន្ល​​ងប្រជា​ធិបតេយ្យ និង​​​ជំរុញឲ្យរដ្ឋា​ភិបាល ដោះលែង លោក កឹម សុខា ជាបន្ទាន់ ដើម្បីធានាថា រ​ដ្ឋាភិបាល ដែលកើតចេញពីបោះ​​ឆ្នោ​ត ឆ្នាំ២០១៨​ គឺជារដ្ឋាភិបា​លស្រប​ច្បា​ប់ និងកើត​ចេញពីឆន្ទៈម្ចាស់ឆ្នោតពិតប្រាដក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ