ថៃនឹងមិនអនុញ្ញាតឲ្យកម្ពុជា ដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសរបស់ខ្លួន ចូលទៅប្រទេសផ្សេងៗបានទៀតទេ ខណៈអាជ្ញាធរកម្ពុជាថា កំពុងរង់ចាំការសម្រេចការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្មី ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឲ្យដឹងថា ច្បាប់គយថ្មីរបស់ប្រទេសថៃ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៣ខែវិច្ឆិកា បានហាមឃាត់មិនឲ្យមានការដឹកជញ្ជូនទំនិញពីបណ្តាប្រទេសនានា តាមផ្លូវគោកឆ្លងកាត់ប្រទេសថៃ ហើយថា អាជ្ញាធរថៃ នឹងមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញពីប្រទេសទី៣ឆ្លងកាត់ប្រទេសថៃ ចូលមកប្រទេសកម្ពុជា ឬដឹកពីប្រទេសកម្ពុជាឆ្លងកាត់ប្រទេសថៃ ចូលទៅប្រទេសទី៣ ដូចមុនទៀតឡើយ ប្រសិនបើពុំមានកិច្ចព្រមព្រៀងថ្មី នៃការយោកយល់គ្នារវាងប្រទេសទាំងពីរ។
សេចក្តីជូនដំណឹងដដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា កន្លងមកខ្លួនបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាថ្មីស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃរួចយូរហើយ តែរហូតមកដល់ពេលនេះ កំពុងរង់ចាំសេចក្តីសម្រេចពីភាគីថៃនៅឡើយ ហើយថា អគ្គនាយកដ្ឋាននឹងបន្តជំរុញភាគីថៃឲ្យពន្លឿនការសម្រេចការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ក្រុមពាណិជ្ជករនានា។
អំឡុងពេលកំពុងរងចាំការចុះហត្ថលេខាពីភាគីថៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ពាណិជ្ជករទាំអស់ ដែលធ្លាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ តាមផ្លូវគោក ត្រូវពិចារណា និងត្រៀមទុកជាមុន ក្នុងការតម្រាយផ្លូវដឹកជញ្ជូនទំនិញរបស់ខ្លួនឲ្យសមស្រប និងទាន់ពេលវេល ដើម្បីជៀសវាងនូវការខូចខាតនានា។
វីអូឌី មិនអាចសុំការបញ្ចាក់បន្ថែមពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេចំពោះ បញ្ហានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំពោះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ មានប្រសាសន៍ថា ប្រសិនបើថៃបិទលែងឲ្យកម្ពុជាដឹកជញ្ជូនទំនិញឆ្លងកាត់មែន គឺមិនធ្វើប៉ះពាល់ដល់សេដ្ឋកម្ពុជា ច្រើននោះទេ ដោយថា តាមអ្វីដែលលោកដឹងកន្លងមកការនាំទំនិញឆ្លងកាត់ប្រទេសថៃ គឺមានចំនួនតិចតួច បើប្រៀបធៀបជាមួយការនាំទំនិញឆ្លងប្រទេសវៀតណាម។
លោកបន្ថែមថា «តាមចំណេះដឹងខាងក្រៅអត់មានឯកសារអីទេ ហើយនៅអ្វីដែលជាការប៉ាន់ស្មានរបស់ខ្ញុំ នូវការនាំទំនិញចេញ ឬចូលប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសថៃហ្នឹង មិនមានទំហំជាទឹកប្រាក់ធំដុំនោះទេ បើធៀបជាមួយនឹងការនាំចេញនាំចូលតាមច្រកច្រើនផ្សេងទៀត អញ្ចឹងវាមិនមានផលប៉ះពាល់អីធំដុំជាវិជ្ជាមានទេ»។
សេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានប្រាប់ពីទំហំទឹកប្រាក់នៃការនាំចេញ ឬចូលទំនិញឆ្លងកាត់ប្រទេសថៃនោះទេ៕