អាមេរិកនិងចិនហាក់ទាស់គ្នាខាងមុខហើយចែកផលប្រយោជន៍គ្នាខាងក្រោយ

សហរដ្ឋអាមេរិកគឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី១លើពិភពលោក ចំណែកចិនមានសេដ្ឋកិច្ចលំដាប់ទី២។ ប្រទេសទាំងពីរហាក់កំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងការដណ្តើមតួនាទីគ្នាជាបងធំនៅលើពិភពលោក។

មេដឹកនាំរបស់ចិន និង សហរដ្ឋអាមេរិកតែងផ្ទុះសង្គ្រាមពាក្យសម្តីជាញឹកញាប់ដូចជាករណីជម្លោះសមុទ្រចិនខាងត្បូង ជម្លោះនៅសមុទ្រចិនខាងកើត និង បញ្ហាប្រឈមនៅក្នុងឧបទ្វីបកូរ៉េលើបញ្ហាអាវុធនុយក្លេអ៊ែជាដើម។
បច្ចុប្បន្នចិនកំពុងមានជម្លោះជាមួយប្រទេស វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និង តៃវ៉ាន់ ក្នុងការដណ្តើមគ្នាកាន់កាប់ដែនកោះនៅសមុទ្រចិនខាងត្បូង។

ចិនតែងដាក់គំនាបដល់ប្រទេសតួចៗទាំងនេះឲ្យចរចាជាទ្វេរភាគីក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់ ចំណែកប្រទេសដែលមានជម្លោះមានផលប្រយោជន៍ផ្ទាល់ និង សហរដ្ឋអាមេរិកតែងជំរុញឲ្យមានការដោះស្រាយជាលក្ខណៈអន្តរជាតិ ហើយបញ្ហាទាំងនេះនៅតែអូសបន្លាយបន្តជួនតឹងជួនធូរ។

ចំណែកបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងគឺសហរដ្ឋអាមេរិកតែងតែជំរុញឲ្យចិនចេញមុខដាក់សម្ពាធដល់កូរ៉េខាងជើងឲ្យចូលតុចរចា ព្រោះអាមេរិកចាត់ទុកថា ចិនជាសម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់កូរ៉េខាងជើង។ នៅពេលដែលអាមេរិកគំរាមប្រើកម្លាំងទ័ពវាយកម្ទេចកូរ៉េខាងជើងចិនចេញមុខការពារ។

ក្រោយត្រាំឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧នេះ ចិននិង អាមេរិកក៏មានជម្លោះជាច្រើនកើតឡើងដែរ ដូចជាត្រាំព្រមានដាក់សម្ពាធក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ត្រាំជជែកតាមទូរសព្ទជាមួយមេដឹកនាំតៃវ៉ាន់ជាដើម ធ្វើឲ្យចិនខឹងយ៉ាងខ្លាំងរហូតចិនហៅរដ្ឋការរបស់លោកត្រាំថា មិនយល់ពីបែបបទការងារការទូត។

បើទោះជាជម្លោះពាក្យសម្តីជួនធ្ងន់ជួនស្រាល ពេលខ្លះរហូតដល់ថ្នាក់ព្រមានដាក់ទណ្ឌកម្មគ្នាក៏ដោយ ក៏មិនទាន់មានឃើញផ្ទុះចេញជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញកិច្ចព្រមព្រៀងសេដ្ឋកិច្ចកាន់តែកើនឡើងជាបន្តបន្ទាប់។
ចិន និងអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតបំពេញឲ្យគ្នាទៅវិញទៅមក ដែលតម្លៃទំហំពាណិជ្ជកម្មមានជិត ៦០០ពាន់លានដុល្លារ។

នៅក្នុងដំណើរទស្សនកិច្ចរបស់របស់ប្រធានាធិបតីអាមេរិកលោកដូណល ត្រាំ នៅប្រទេសចិន២ថ្ងៃគឺថ្ងៃ៨ និងថ្ងៃ៩ខែវិច្ឆិកានេះ ប្រធានាធិបតីចិនលោក ស៊ីជីនពីង រៀបចំស្វាគមន៍យ៉ាងកក់ក្តៅ ហើយថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ចិន និង អាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់២៥០ពាន់លានដុល្លារបន្ថែមទៀត។

តាមសារព័ត៌មានBBCចុះផ្សាយឲ្យដឹងថា លោកត្រាំ ក៏បានលើកឡើងពីបញ្ហានៃការធ្វើពាណិជ្ជកម្មមិនស្មើភាពរបស់ចិនដែរ ក្នុងករណីរបាំងទីផ្សារ និង ករណីចិនលួចកម្មសិទ្ធិបញ្ហាផលិតផលរបស់អាមេរិក ប៉ុន្តែលោកត្រាំថា មិនបន្ទោសចិនទេ គឺបន្ទោសមន្ត្រីអាមេរិកវិញដែលបណ្តោយឲ្យមានរឿងនេះកើតឡើង។

នៅក្នុងដំណើរទស្សនកិច្ចជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិភពលោកនេះ មេដឹកនាំឆ្នើមរបស់ចិន លោក ស៊ី ជីនពីង ក៏បានថ្លែងសារនៅចំពោះមុខលោកត្រាំថា លោកនឹងមិនរឹតត្បិតការធ្វើពាណិជ្ជកម្មទេ គឺមានតែបើកទូយឲ្យកាន់តែធំឡើងគ្មានដែនកំណត់។

លោកស៊ីថ្លែងថា លោកនឹងបន្តប្រឹងប្រែងគៀងគរអ្នកវិនិយោគរបស់អាមេរិកឲ្យដាក់ទុននៅចិនបានច្រើនឡើងថែមទៀត ហើយនឹងជំរុញឲ្យអ្នកវិនិយោគចិនទៅដាក់ទុននៅអាមេរិកវិញ។

នៅពេលដែលមេដឹកនាំអាមេរិក និង មេដឹកនាំចិនកាន់ដៃគ្នាបង្ហាញឲ្យពិភពលោកឃើញនោះ បានធ្វើឲ្យបញ្ហាប្រឈមមុខដាក់គ្នានៅពេលកន្លងមកនេះ របស់ប្រទេសទាំងពីរបានរួមតូចទៅវិញអស់ ហើយប្រទេសទាំងពីរកំពុងតែចែកផលប្រយោជន៍សេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមក និង បង្ហាញពីការទំនាក់ទំនងបែបយល់ចិត្តនិងស៊ីជម្រៅបំផុត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ