អាជ្ញាធរឥណ្ឌូនេស៊ីថា គ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរ ៤នាក់ ដែលចូលនេសាទខុសច្បាប់ ក្នុងប្រទេសនេះ ត្រឡប់មកកម្ពុជាវិញ។
យោងតាមការផ្សាយរបស់សារព័ត៌មាន The Jakata Post នៅថ្ងៃព្រហស្បតិ៍នេះថា កម្លាំងល្បាតសមុទ្រឥណ្ឌូនេស៊ី បានឃាត់ខ្លួនជនជាតិខ្មែរ ៤នាក់ នៅក្បែរកំពង់ផែ Belawan ភាគឦសាននៃកោះស៊ូម៉ាត្រា កាលពីថ្ងៃទី១៦ ខែតុលា ដោយចោទថា បានចូលទៅនេសាទខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចដែនទឹករបស់ខ្លួន និងប្រើប្រាស់នាវា ដែលមានទង់ជាតិម៉ាឡេស៊ី។
បើតាម The Jakata Post អាជ្ញាធរឥណ្ឌូនេស៊ី អះអាងថា បច្ចុប្បន្ន កំពុងរកការសហការជាមួយស្ថានទូតកម្ពុជា ប្រចាំនៅទីនោះ ដើម្បីសម្រួលឲ្យពួកគេ អាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងខែវិច្ឆិកានេះ៕