ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ផ្អាក​សកម្មភាព​តវ៉ា ខណៈ​ស្ថានការណ៍​នយោបាយ​តាន​តឹង

ពលរដ្ឋនៅសហគមន៍​បុរីកីឡា (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

តំណាងសហគមន៍ដីធ្លីដែលមិនទាន់ទទួលបានដំណោះស្រាយ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ផ្អាក​សកម្មភាព​តវ៉ា​របស់​ពួកគេ​មួយ​រយៈ ដោយសារតែស្ថានភាពនយោបាយ​កំពុង​តាន​តឹង ដោយ​ពួគេ​ថា ព្រោះបារម្ភពីសុវត្ថិភាព។

ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវមតិជាតិ និងអន្តរជាតិមើលឃើញថា កំពុងមានភាពតានតឹង បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​នៅ​ក្នុង​សប្ដាហ៍​នេះ។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ឲ្យដឹងថា ពលរដ្ឋក្នុង​សហគមន៍​របស់​អ្នក​ស្រី បានផ្អាកសកម្មភាពតវ៉ារកដំណោះស្រាយដីធ្លី​រយៈពេលជាង ២ខែហើយ ដោយ​អ្នកស្រី​បារម្ភពីសុវត្ថិភាព ខណៈស្ថានភាពនយោបាយកំពុងតានតឹង។

អ្នកស្រីបន្ថែម​ថា រហូតមកដល់ពេលនេះ ពលរដ្ឋសហគមន៍បុរីកីឡា ១២គ្រួសារទៀត នៅ​មិនទាន់ទទួលបានដំណោះស្រាយ​នៅ​ឡើយ​ទេ ក្នុងចំណោមពលរដ្ឋដែលធ្លាប់តវ៉ា ១៥៤គ្រួសារ។

អ្នកស្រីប្រាប់​ថា​៖ «យើងជាប្រជាពលរដ្ឋ យើងមិនអាចធ្វើអីគេបានទេ ដល់ថ្នាក់មេបក្ស លោក កឹម សុខា នៅ​គេចាប់ ហើយវិទ្យុអាស៊ីសេរី វិទ្យុឯករាជ្យ​គេបិទអស់ហើយៗ អង្គការមួយចំនួនក៏បិទដែរ ដល់អញ្ចឹងទៅ ពេលយើងធ្វើអី វាប្រឈមមុខណាស់។ ដូចមីងក៏មីងខ្លាចដែរ​ ហើយ ទេព វន្នី ក៏នៅជាប់ក្នុងឃុំនៅឡើយ។ គេតាមដានពួកមីងតែរហូតហ្នឹង សូម្បីតែយើងទៅប្រជុំទីណា ក៏គេនៅតែតាមឃ្លាំមើលរហូតហ្នឹង»។

អ្នកស្រីបន្ថែមថា ការតវ៉ាកន្លងមក ពួកគាត់តែងតែរងការលាបពណ៌ពីសំណាក់អាជ្ញាធរដោយចោទថា ធ្វើបដិវត្តពណ៌ និងតវ៉ាដើម្បីបម្រើ​បក្សប្រឆាំងជាដើម។

ប្រហាក់ប្រហែលគ្នានេះដែរ តំណាងសហគមន៍ជ្រោយចង្វារ លោក ជា សុផាត បាន​ឲ្យ​ដឹង​ថា ពលរដ្ឋជាង ១០០គ្រួសារដែលមានជម្លោះដីធ្លីជាង ១០០ហិកតាជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារ ពុំទាន់មានដំណោះស្រាយទេ ហើយពួកគាត់ក៏បានផ្អាកការ​តវ៉ាមួយរយៈដែរ ដោយសារស្ថានភាពនយោបាយមិនល្អ។

លោកប្រាប់​ថា៖ «សភាពការនយោបាយមិនល្អ យើងចេះតែគិតមួយថា មានព្រៃមិនចេះខ្វះអុសដុត អញ្ចឹងយើងរក្សារព្រៃសិនទៅ ព្រោះពួកនេះចិត្តមុតដៃឆៅ ខ្លាចធ្វើបាបពួកយើង ចាប់យើងផ្តេសផ្តាស»។

ចំណែកអ្នកស្រី ផាវ ញឺង តំណាងពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តកោះកុង បាន​ឲ្យដឹងថា ពលរដ្ឋជិត ១០០គ្រួសារនៅក្នុងសហគមន៍គាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ជាង១០ឆ្នាំហើយ ដែលរហូតមកដល់ពេលនេះ ផ្នែកខ្លះ អាជ្ញាធរកំពុងដោះស្រាយ និងផ្អែកខ្លះទៀត មិនទាន់​បានដោះស្រាយនៅ​ឡើយទេ។

អ្នកស្រីបន្តថា ចាប់តាំងពីស្ថានការនយោបាយមានភាពចម្រូងចម្រាស់​មក ពួកគាត់បានផ្អាកការតវ៉ា ដោយថា បារម្ភពីសុវត្ថិភាព ប៉ុន្តែយ៉ាងណាអ្នកស្រីថា ពលរដ្ឋមិនបោះបង់ការតវ៉ានោះទេ ប្រសិនបើនៅពុំមានដំណោះស្រាយសមស្របណាមួយ​សម្រាប់ពួកគេ​នោះ។

អ្នកស្រីប្រាប់ថា៖ «ពួកខ្ញុំ គេលាបពណ៌ឆ្អែតហើយ គេថា ពួកខ្ញុំមកតវ៉ាដីហ្នឹង គឺបម្រើ​នយោបាយឲ្យបក្សនេះបក្សនោះ ប៉ុន្តែ ពួកខ្ញុំមិនខ្វល់ដោយសារតែពួកខ្ញុំ មិនគិតរឿងនយោបាយទេ គឺគិតតែរឿងបញ្ហាសេដ្ឋកិច្ចរបស់ពួកខ្ញុំ។ ឥលូវនេះ យើងកំពុងជួបបញ្ហាខ្វះខាតដោយសារតែយើងបាត់បង់ដីធ្លី យើងមានទុក្ខកង្វល់រឿងដីធ្លី អញ្ចឹងពួកខ្ញុំនៅតែបន្តការទាមទារអត់ខ្វល់រឿងអីទៀតទេ បើសិនពួកមិនព្រមដោះស្រាយដីធ្លីឲ្យពួកខ្ញុំសមស្របទេ ច្រូតហើយពួកខ្ញុំនឹងទៅតវ៉ាទៀត»។

កន្លងមកក្រុមប្រជាពលរដ្ឋទាំងនេះ តែងតែធ្វើការតវ៉ាជារឿយៗ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ ប៉ុន្តែ សកម្មភាព​តវ៉ា​របស់​ពួកគេ បាន​ស្ងប់​ស្ងាត់​ក្នុង​រយៈ​ពេល ២​ខែ​កន្លង​មក​នេះ ក្រោយ​ចាប់​ខ្លួន​មេបក្សប្រឆាំង លោក កឹម សុខា ការ​បិទ​កាសែតឯករាជ្យ និងអង្គការមួយចំនួនពីសំណាក់​រដ្ឋាភិបាល៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ