សហគមន៍អន្ដរជាតិព្រមានដាក់ទណ្ឌកម្ម ក្រោយរំលាយគណបក្សសង្គ្រោះជាតិ

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

ប្រតិកម្មរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានអន្ដរជាតិ បានធ្លាក់មកជាហូរហែរ បន្ទាប់ពីតុលាការកំពូល បានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ អ្នកនាំពាក្យសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ លោកស្រី  Maja KOCIJANCIC មានប្រសាសន៍ថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យការបោះឆ្នោតនៅឆ្នាំក្រោយ មិនមានភាពស្របច្បាប់ទេ និងថា ក៏នឹងធ្វើឲ្យប្រជាពលរដ្ឋ លែងមានជំនឿលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

លោកស្រីជំរុញជាថ្មី ឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បើពុំនោះទេ លោកស្រីថា សហគមន៍អឺរ៉ុប នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ឬកូតានាំចេញទំនិញទៅទីផ្សារអឺរ៉ុប ជាមួយកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ដ្រីអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field បានសំដែងក្ដីព្រួយបារម្ភ​ ដោយថា កម្ពុជា កំពុងក្លាយជាប្រទេស ដែលមានការដឹកនាំដោយបក្សតែមួយ និងថា ការបោះឆ្នោតនៅឆ្នាំក្រោយ នឹងមិនអាចទទួលយកបានទេ បើបក្សប្រឆាំង មិនអាចចូលរួមប្រកួតប្រជែង។

ចក្រភពអង់គ្លេសព្រមានថា ខ្លួននឹងពិភាក្សាជាមួយប្រទេសដៃគូ ថាតើនឹងចាត់វិធានការដូចម្ដេចបន្ដទៀត ចំពោះបញ្ហានៅកម្ពុជា ប្រសិនបើគ្មានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់ទេនោះ។

ចំណែក ស្ថានទូតអូស្ដ្រាលីប្រចាំនៅទីក្រុងភ្នំពេញ ក៏សំដែងក្ដីព្រួយបារម្ភ ចំពោះករណីនេះ ដោយថា រដ្ឋាភិបាល គួរគោរពសិទ្ធិពលរដ្ឋ និងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ។

បើតាមបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃសុក្រនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert មានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងផ្ដាច់ជំនួយបោះឆ្នោត មកកម្ពុជា និងថា​ ប្រទេសមហាអំណាចមួយនេះ ក៏នឹងមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៨ ផងដែរ។

បន្ថែមលើសពីនេះ អង្គការអន្ដរជាតិមួយចំនួនទៀត រួមមាន អង្គការ Global Witness អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសអន្ដរជាតិ និងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចូលរួមទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់នូវរាល់ការគំរាមកំហែងលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងគណបក្សប្រឆាំង។

ក្រោយតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោលនោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញមុខ ថ្លែងតាមទូរទស្សន៍ជាតិ ដោយស្នើដល់សហគមន៍អន្ដរជាតិ កុំចូលជ្រៀកជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា ចំណាត់របស់រដ្ឋាភិបាលនេះ គឺជាការអនុវត្តច្បាប់។

 

អ្នកវិភាគនយោបាយ លោក អ៊ូ វីវៈ យល់ថា ស្ថានការណ៍ ដែលកំពុងតានតឹងនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋម្ចាស់ឆ្នោត។ លោកយល់ថា កម្ពុជា នឹងទទួលរងផលប៉ះពាល់សេដ្ឋកិច្ច បើសិនមានសំពាធពីសហគមន៍អន្ដរជាតិ ក្រោយគណបក្សប្រឆាំង ត្រូវបានរំលាយ។

 

សហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការរំលាយគណបក្សសង្គ្រោះជាតិនេះ ដោយពួកគេថា កម្ពុជា កំពុងងាកទៅរកការដឹកនាំបែបផ្ដាច់ការ និងផ្ទុយពីស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញាប់ បានហៅសកម្មភាពរបស់ខ្លួន ថា ជាការអនុវត្តច្បាប់​ ប្រឆាំងនឹងបរទេសឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ