លោក ហ៊ុន សែន ​បន្តអំពាវនាវឲ្យមន្ត្រីបក្សប្រឆាំងចុះចូលជាមួយ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

មេដឹកនាំគណបក្សប្រជាជនកម្ពុជា​​បានអំពាវនាវជាថ្មីទៀត ឲ្យសមាជិកគណបក្សប្រឆំាងចុះចូលជាមួយ ​ ជា​ថ្នូរ​ទៅ​នឹង​ការ​រក្សា​តំណែង​ជាប់​ឆ្នោត​របស់​ពួកគេ បន្ទាប់ពី​បក្សប្រឆំាងត្រូវ​បាន​តុលាការ​​​​​សម្រេច​រំលាយចោល កាលពីថ្ងៃ១៦ ខែវិច្ឆិកាម្សិលមិញ។

ក្រោយពីរំលាយ​គណបក្សសង្គ្រោះជាតិភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន​ សែន បាន​អំពាវ​នាវជាថ្មីទៀតតាម​ទូរទស្សន៍ជាតិ (ទ.ទ.ក) ដោយ​ថា លោក​ផ្តល់​ឱកាស​យ៉ាងយូរពីរ​សប្តាហ៍​ឲ្យ​មន្ត្រី​​​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ស្រុក ខ័ណ្ឌ ខេត្ត របស់គណបក្សប្រឆំាងចុះចូលជាមួយបក្សកាន់អំណាច ដោយ​​លោក​សន្យា​រក្សា​តំណែង​របស់​ពួកគេ ដែល​បាន​មក​តាម​រយៈ​ការ​បោះ​ឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូល​ដ្ឋាន។

លោកថ្លែងថា «ខ្ញុំនៅតែបន្តអំពាវនាវ​ចំពោះបងប្អូនដែលជាសមាជិកក្រុមប្រឹក្សា​ ឃុំ ​សង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​​ខេត្ត ស្រុក ខ័ណ្ឌនៅទូទំាងប្រទេស​​ បងប្អូននៅមានពេលវេលានៅឡើយ​ ដូច្នេះបងប្អូននៅ​មាន​លទ្ធភាពមួយអាទិត្យ ឬច្រើនជាងមួយអាទិត្យ​បន្តិច នៅមុនពេល​ដែលគណបក្សនយោបាយ​នានានឹងដាក់​ឈ្មោះទៅកាន់គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត ដើម្បី​ជំនួសតំណែងបងប្អូន​ដែលត្រូវ​បាត់បង់ នេះជាការផ្តល់ឱកាសសម្រាប់​បងប្អូនទំាងនោះ​ ដើម្បីទទួលបាន​នូវ​ការបំរើប្រជាជន​ជាបន្តទៀត​ ក្រោម​ឆ័តរបស់​គណប​ក្សប្រជាជនកម្ពុជា​​»។

ផ្ទុយទៅវិញ លោក ហ៊ុន សែន បាន​ព្រមាន​ថា បើមន្ត្រីណា ដែល​មិន​បាន​ចុះចូល ជា​មួយ​​គណបក្សកាន់អំណាច ត្រូវ​ប្រគល់ត្រានិងគិតគូទូទាត់ទ្រព្យសម្បត្តិ ថវិកាដែល​ជំពាក់​​​នៅ​ក្នុង​មូល​ដ្ឋាន ​ដោយថា​បើមិនដោះស្រាយ​នឹងត្រូវ​មានទោសព្រហ្មទណ្ឌ។

ប៉ុន្តែ​អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង​ កាលពីម្សិលមិញ បានថ្លែងនៅក្នុង​វិទ្យុ​អាស៊ីសេរី​ ដោយបង្ហាញជាចម្ងល់ថា បើលោក ហ៊ុន សែន ចោទថា ក្រុម​មេដឹកនាំគណបក្សប្រឆំាង ថាក្បត់ជាតិ ប៉ុន្តែ បែរជា​លោក​ ហ៊ុន សែន ព្យាយាម​អំពាវនាវឲ្យមន្ត្រីបក្សប្រឆំាង​ ចុះចូលជាមួយបក្សប្រជាជន ទៅវិញ ករណី​នេះ លោក​ចោទលោក ហ៊ុន​ សែន វិញថា គឺ​ក្បត់ជាតិដូចគ្នា​។

លោកថ្លែងថា​ «វាចំឡែក…គឺគាត់​[លោក ហ៊ុន សែន]បានចោទគណបក្សសង្គ្រោះជាតិថា ជាគណបក្ស​ក្បត់ជាតិ​ ចោទប្រធានគណបក្សសង្គ្រោះជាតិថា ជាជនក្បត់ជាតិ​ ធ្វើចារកម្មឲ្យបរទេស​ ចុះហេតុអ្វី​បាន​ជាគាត់មកអំពាវនាវឲ្យកូនចៅ​ដែលមានប្រធានបក្សក្បត់ជាតិទៅចូលរួមជាមួយគណបក្ស​[ប្រជា​ជន]​គាត់​ ចឹងបានន័យថា គណបក្សគាត់ក្បត់ជាតិដូចគ្នា​ ប៉ុន្តែអ្វីដែលគាត់ធ្វើនេះ​ គឺយើងឃើញថាមតិជាតិ អន្តរជាតិ​ គេមើលឃើញច្បាស់​ពីគំនិត​អាក្រក់របស់គាត់​»។

នាយកប្រតិបត្តិអង្គការ​និចហ្វិចលោក សំ គន្ធាមី យល់ឃើញថា ខណៈស្ថានការណ៍នយោបាយ​កំពុង​ឡើង​​កម្តៅបែបនេះ លោកថាសមាជិកបក្សប្រឆំាងទំាងអស់ត្រូវ​ពង្រឹងសកម្មជននិងមន្ត្រី​របស់ខ្លួន​ឲ្យ​បាន​រឹង​មំា​ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ​ ដោយថាអាចនឹងមានដំ​ណោះស្រាយ​នយោបាយ​ ពី​សហគមន៍​​​អន្តរជាតិ។

លោក គន្ធាមី បញ្ជាក់ថា ជម្រើសល្អគណបក្សសង្គ្រោះជាតិអាច​បង្កើតបក្ស​ថ្មី និងដាក់មន្ត្រីដែលមិ​នជាប់​ពាក់​​ព័ន្ធនឹងការព្យួសិទ្ធិនយោបាយដើម្បីធ្វើជាអ្នកដឹកនាំ ​ ដោយថាទោះគ្មានក្បាល​ម៉ាស៊ីនចាស់​លោក កឹម សុខា និងលោក សម រង្ស៊ី ក៏អ្នកគំាទ្រជាង៣លាននាក់នៅតែបោះឆ្នោតឲ្យបក្សថ្មីនោះផង​ដែរ។

លោកយល់ថា «គាត់ពង្រឹងសកម្មជន សមាជិកគ្នាគាត់ទៅ​​គណបក្សសង្គ្រោជាតិ ពីព្រោះគាត់មានក្រុម​ការ​ងារ គាត់ពង្រឹងទៅ ដើម្បីរៀប​ចំ​បង្កើតគណបក្សថ្មីរបស់គាត់ ហើយរៀប​ចំផែនការ​ក្នុងការចូលរួមបោះ​ឆ្នោតនៅថ្ងៃខាង​មុខ​គាត់ត្រូវ​ធ្វើអ្វីខ្លះ​ ពីព្រោះអ្នកគំាទ្រ[CNRP]ជាង៣លាននាក់​នៅដែរ​ យើងមានការគំាទ្រ វិញហើយ​​»។

កាលពីពេលថ្មីៗនេះ តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ធ្លាប់​ប្រាប់ VOD ថា ដោយ​គិត​ត្រឹម​ថ្ងៃ​ទី៩​​ ខែវិច្ឆិកានេះ គណបក្ស​​លោក​ទទួលបានពាក្យលាលែង​ពីតំណាង​រាស្ត្រមួយរូប និង​សមា​ជិក​ក្រុម​​​ប្រឹក្សាឃុំសង្កាត់​​របស់​បក្សសង្គ្រោះជាតិ​សរុប​ជាង ​៤០នាក់ ដែលទៅ​ចុះចូលជា​មួយ​គណ​បក្ស​កាន់​​អំណាច។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជនកម្ពុជា ដែល​​ធ្លាប់គ្រប់គ្រងឃុំ-សង្កាត់ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះ១ ១៥៨ វិញ នៅ​ឆ្នាំ២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០ មេឃុំ ចៅសង្កាត់។

ចំណែ​ក​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០ឃុំសង្កាត់ នៅឆ្នាំ២០១២ បានកើនឡើងដល់៤៨៧    ឃុំ-សង្កា​​ត់​​​​នៅឆ្នាំ២០១៧នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ