គណបក្សចំនួន៣ប្រកាសមិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទាំងនៅរដ្ឋសភា និងនៅឃុំសង្កាត់ ដោយថាមិនចង់រំលោភឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត។
គណបក្សទំាងនោះរួមមាន គណបក្សខ្មែរឈប់ក្រអាចទទួលបានអាសនៈនៅសភា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ចំណែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានអាសនៈទាំងនៅសភា និងនៅក្រុមប្រឹក្សាឃុំសង្កាត់។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បានប្រសាសន៍ថា គណបក្សលោកធ្វើការ ឈរលើគោលការណ៍ប្រជាធិតេយ្យ និងគោរពឆន្ទៈប្រជាពលរដ្ឋជាធំ។ ករណីនេះលោកថា ដើមចមដែលនាំឲ្យគណបក្សលោកមិនទទួលយកអាសនៈបក្សប្រឆំាង ក្រោយពីតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ខែវិច្ឆិកានោះ ដោយថាមិនចង់រំលោភលើឆន្ទៈប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សនោះ។
លោកមានប្រសាសន៍ថា «គ្មាននរណាមួយមានសិទ្ធិយករបស់(អាសនៈ CNRP) អ្នកដទៃ ដែលមិនមែន ជារបស់ខ្លួន យកទៅចែកទៅឲ្យអ្នកផ្សេងទៀត យើងគិតថាជារឿងមួយមិនយុត្តិធម៌ទេ ការដែលយើងប្រកាន់ទៅលើគុណតម្លៃរបស់យើង ភាពយុត្តិធម៌ គឺយើងមិនអាចទទួលយករបស់មួយដែលមិនមែនជារបស់យើងបាននោះទេ»។
អគ្គលេខាធិការគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក ចិន ថុន បានឲ្យដឹងដែរថា គណបក្សលោក មិនទទួលយកអាសនៈបក្សប្រឆំាង ដោយថាម្ចាស់ឆ្នោតដែលបោះឲ្យបក្សប្រឆំាងមិនគោរពនិងពេញចិត្ត គណបក្សរបស់លោកទេ។ ករណីនេះលោកថា គណបក្សលោកធ្វើនយោបាយចង់ឲ្យម្ចាស់ឆ្នោតយល់ពីគោលការណ៍ប្រជាធិបតេយ្យ មិនមែនធ្វើនយោបាយដើម្បីអំណាចនោះទេ។
លោកនិយាយថា «មិនយកបានន័យថា គាត់[ម្ចាស់ឆ្នោត] មិនមានតម្លៃឲ្យយើងទៅបំរើគាត់ មិនមែនថាគាត់មនុស្សអាក្រក់ ឬខូចទេ ក៏ប៉ុន្តែគ្រាន់ថា សន្លឹកឆ្នោតដែលគាត់គំាទ្រ ជាសន្លឹកឆ្នោតផ្អើល សន្លឹកឆ្នោតមិនយល់ ហើយគណបក្សសម្ព័ន្ធត្រូវការអ្នកយល់មកចូលរួម មកគំាទ្រគំនិត ដើម្បីធ្វើឲ្យមាតុភូមិមួយ ដែលយើងរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់ គឺគាត់ចូលរួមធ្វើ មិនមែនបោះឆ្នោតហើយគាត់ទៅសម្រាក គេហៅថាគេងជាសុខនោះទេ»។
មន្ត្រីជាន់ខ្ពស់របស់បក្សនយោបាយទំាងនោះបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់អ្នកនយោបាយ និងគណបក្សនយោបាយទំាងអស់រួបរួមគ្នា ដោយថាដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៨ ទទួលបានសេរី យុត្តិធម៌ និងស្របតាមគោលការប្រជាធិបតេយ្យ។
អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រលោក សិន វណ្ណារិទ្ធ អះអាងប្រហាក់ប្រហែលគណបក្សទាំងពីរខាងលើដែរថា មិនចង់រំលោភឆន្ទៈប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ទៀតថា ការសម្រេចមិនទទួលយកអាសនៈនេះ ជាផ្នែកមួយដែលធ្វើឲ្យអ្នកនយោបាយឈប់ឈ្លោះគ្នា។
លោកមានប្រសាសន៍ថា «គណបក្សខ្មែរឈប់ក្រ យើងអត់ប្រកាន់និន្នាការនយោបាយណាទេ គឺយើងអំពាវនាវឲ្យរដ្ឋាភិបាល ក៏ដូចជាអំពាវនាវដល់គណបក្សនយោបាយទំាងអស់ កុំឲ្យគិតពីការចែកកៅអី គឺគិតពីការបង្រួបបង្រួមជាតិវិញ ធ្វើម៉េចឲ្យប្រជាពលរដ្ឋ គាត់មានសិទ្ធិសេរីភាព ឲ្យគាត់មានការងារធ្វើ កុំឲ្យមានការភ័យខ្លាច នៅក្នុងខ្លួននៅក្នុងអារម្មណ៍ បើធ្វើដូច្នេះបាន ទាល់តែយើងចូលរួមការបោះឆ្នោតឲ្យវាមានតម្លាភាព មានន័យថា អត់មានការគំរាមកំហែង»។
គ.ជ.ប. បានប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកាថា អាសនៈសភាចំនួន ៥៥របស់បក្សប្រឆាំង នឹងត្រូវបែងចែកទៅគណបក្សចំនួន៦ ដែលពុំទទួលបានអាសនៈសភានៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងមក។ ក្នុងនោះមានគណបក្សចំនួន៣ ដែលប្រកាសទទួលយកអាសនៈបក្សប្រឆំាង។ បក្សទំាងនោះរួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា បើគណបក្សនយោបាយណាមិនព្រមទទួលយកអាសនៈបក្សប្រឆំាងទេ លោកថាបក្សប្រជាជនកម្ពុជានឹងទទួលយកទំាងអស់។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ថា គណបក្សនយោបាយ ដែលសម្រេចមិនទទួលយកអាសនៈ ទាំងនៅរដ្ឋសភា និងនៅឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិនោះ លោកថាជាសិទ្ធិរបស់បក្សនោះ។
ប៉ុន្តែលោក សូរីដា បញ្ជាក់ថា ក្រោយពីជូនដំណឹងទៅបក្សនយោបាយទំាង៦រួច យ៉ាងយូរ៤ថ្ងៃ បើគណបក្សទំាងនោះមិនឆ្លើយតបទេ មានន័យថា ព្រមទទួលយកអាសនៈបក្សប្រឆំាងដោយស្វ័យប្រវត្តិ។ ដោយលោកពន្យល់ការបែងចែកអាសនៈដូចនេះថា «ការបែងចែកនេះសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ បើសិនជាមានគណបក្សនយោបាយប្រកាសមិនទទួលយក ក៏ គ.ជ.ប នៅតែបែងចែកអាសនៈឲ្យទៅគណបក្សនោះ ហើយនិងចាត់ចែង អាសនៈដែលមិនទទួលយកទៅធ្វើការបែងចែកលើកទីពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សនយោបាយដែលប្រកាសមិនទទួលយកអាសនៈដែលនៅទំនេរ គឺធ្វើការបែងចែកបញ្ចប់តែម្តង ដោយមិនគិតថា បែងចែកលើកទីពីរដូចច្បាប់បោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនោះទេ»។
ក្រោយពី គ.ជ.ប ជូនដំណឹងទៅគណបក្សនយោបាយមិនបានជាប់ឆ្នោតចំនួន៦ឲ្យត្រៀមទទួលយកអាសនៈបក្សប្រឆំាង ។ ភ្លាមៗនោះ មេដឹកនាំ គ.ជ.ប.ទាំង ៣រូប រួមមាន អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ សម្រាប់ដឹកនាំស្ថាប័នបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០១៤នោះ បានដាក់ពាក្យ ទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី២០ ខែវិច្ឆិកាសុំលាលែងពីតំណែង ដោយថា មិនចង់ រំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕