អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នឹងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សួរចម្លើយជាថ្មី នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ស្អែកនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ តែម្ដង។ នេះ ដោយយោងតាមលិខិតអញ្ចើញ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើទៅកាន់ក្រុមមេធាវីការពារក្ដីរបស់លោក លោក កឹម សុខា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងមកនេះ។
លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌី បន្ថែមនៅថ្ងៃនេះថា ក្រុមមេធាវីនៅមិនទាន់ បានសម្រេចថា នឹងធ្វើអ្វីបន្តទៀតនោះទេ ដោយរង់ចាំពេលសាកសួរចម្លើយកូនក្ដីរួចសិន ទើបថាប្រជុំគ្នា ដើម្បីសម្រេចការងារបន្តទៀត។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីដើមខែកញ្ញា ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ»។ ប៉ុន្តែ សហគមន៍ជាតិ និងអន្តរជាតិ បានហៅចំណាត់ឃុំខ្លួន និង ការរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជានោះ ថា ជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕