សកម្មជនបរិស្ថានអះអាងថា អាជ្ញាធរខេត្តព្រះវិហារបានរារាំងពួកគាត់មិនឲ្យចុះល្បាយព្រៃ និងដាក់ផ្លាកហាមកាប់ឈើ នៅតំបន់ព្រៃឡង់ ក្នុងស្រុកសែនជ័យ។
តំណាងក្រុមការងារការពារបរិស្ថាន និងព្រៃឈើ លោក អ៊ូច ឡេង ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃអាទិត្យម្សិលមិញ មន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ ៤នាក់ មានលោក ជិន មនោរិទ្ធ លោក ឈន ឈៀន និងបក្ខពួក ២នាក់ទៀត បានហាមឃាត់ក្រុមយុវជនការពារបរិស្ថាន មិនឲ្យចូលក្នុងតំបន់ព្រៃការពារ ស្ថិតនៅភូមិពើក ឃុំពុទ្រា ក្រោមហេតុផលថា គ្មានលិខិតអនុញ្ញាតិ។
សកម្មជនបរិស្ថានរូបនេះថា មន្រ្តីបរិស្ថានទាំងនោះ មានចេតនាបិទបាំងបទល្មើសព្រៃឈើកំពុងកើតមានក្នុងតំបន់នោះ។ លោកចាត់ទុកទង្វើមន្ត្រីឧទ្យានុរក្សទាំងនោះថា ធ្វើឡើងផ្ទុយច្បាប់ និងប្រសាសន៍លោកនាយករដ្ឋ ហ៊ុន សែន ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងសហគមន៍ចូលរួមការពារព្រៃឈើរួមគ្នា។
លោកបន្ថែមថា៖ «មានន័យថា អនុសាសន៍របស់នាយករដ្ឋមន្រ្តី ត្រូវបានមន្រ្តីមួយចំនួនហ្នឹងយកមកទ្រាប់អង្គុយ ដោយមិនគោរពតាមជាដើម។ មួយវិញទៀត គឺចេតនាខាងឧទ្យានរក្សហ្នឹងបង្កររឿងជាមួយអ្នកមានទឹកចិត្តស្រលាញ់បរិស្ថាន ខាងព្រៃឈើតែម្តង ដោយគាត់ចាត់ទុកយើងជាសត្រូវ ដោយសារតែយើងតែងតែរាយកាណ៍ពីបទល្មើលព្រៃឈើ អំពើពុករលួយ អំពីរបរកស៊ីឈើក្នុងតំបន់ព្រៃឡង់ពេលកន្លងមក។ មួយទៀត គាត់ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញដែលតម្រូវឲ្យប្រជាពលរដ្ឋមានសិទ្ធិការពារព្រៃឈើ»។
ប្រធានឧទ្យានុរក្ស លោក ជិន មនោរិទ្ធ បានច្រានចោលការចោទប្រកាន់នេះ ហើយថា លោកត្រូវការការសហការគ្នា និងលិខិតអនុញ្ញាត្តិអភិបាលខេត្តជាមុនសិន ដោយថា តំបន់នោះជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក បើមានបញ្ហាលោកជាអ្នកទទួលខុសត្រូវ។
លោកបន្ថែមថា៖ «ខ្ញុំមិនបានឃាត់ទេ ខ្ញុំគ្រាន់តែសួរអំពីបញ្ហានៃការចូលនោះ តើចូលក្នុងគោលបំណងអ្វី?គាត់ចូលទៅនោះអត់មានលិខិតស្នាមអីទេ?ហើយសួរនាំក៏ដឹងទៅណាពិតប្រាកដដែរ?ការចូលរួមល្បាត សូមឲ្យពួកគាត់សហការជាមួយពួកខ្ញុំមក។ ខ្ញុំចូលរួមជាមួយផងដើម្បីការពារ។ ចុះបើចូលទៅមានគ្រោះថ្នាក់អីៗនៅក្នុងហ្នឹង បើបទល្មើសសុទ្ធតែកាំភ្លាំងកែច្នៃសាហាវអញ្ចឹង?បើគាត់ចូលអត់សហការអញ្ចឹង វាពិបាកដែរ»។
ពលរដ្ឋនៅក្នុងសហគន៍ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភសុវត្តិភាព បានប្រាប់ថា ព្រៃឡង់ស្ថិតក្នុងភូមិពើក មានបទល្មើសព្រៃឈើកើតឡើងស្ទើររាល់ថ្ងៃ និងដឹកជញ្ជូនកាត់មុខមន្រ្តីឧទ្យានុរក្សថែមទៀត ដោយមន្រ្តីទាំងនោះមិនមានយន្តការទប់ស្កាត់ឡើយ។
ក្នុងវេទិកាមួយដែលរៀបចំដោយក្រសួងបរិស្ថានកាលពីថ្ងៃ២២វិច្ឆិកា សហគមន៍ព្រៃឈើមកពីខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានរាយការណ៍ប្រាប់លោករដ្ឋមន្រ្តី សាល សំអាល់ ថា បទល្មើសព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេនៅតែបន្តកើតមាន ដោយថា សមត្ថិកិច្ចពាក់ព័ន្ធមិនបានសហការល្អជាមួយសហគមន៍ក្នុងការទប់ស្កាត់នោះទេ។
ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកទៅមន្ត្រីរបស់លោក ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»៕