អតីតប្រធានអង្គការមួយ ប្រកាសមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ដោយអះអាងថា មិនមានជំនឿលើតុលាការ ក្រោយពីប្រធានអង្គការរូបនោះ ត្រូវបានដាក់ឱសានវាទឲ្យចូលបំភ្លឺមុនថ្ងៃព្រហស្សតិ៍នេះ ជុំវិញអ្វីដែលតុលាការហៅថា ញុះញង់ឲ្យមានបទឧក្រិដ្ធ។
អតីតប្រធានអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង បានបញ្ជាក់តាមបណ្តាញសង្គមថា លោកមិនទៅបំភ្លឺតាមការបញ្ជារបស់តុលាការនោះទេ ដោយថា លោកមិនបានប្រព្រឹត្តិអ្វីខុសឡើយ ហើយលោកនឹងគេចខ្លួនទៅក្រៅប្រទេសដើម្បីសុវត្តិភាព។
លោក ឡេង សេងហុង បានប្រកាសជំហរបាតុកម្មដដែល និងមិនទទួលស្គាល់រដ្ឋាភិបាល ប្រសិនបើគ្មានវត្តគណបក្សប្រឆាំងក្នុងការបោះឆ្នោតឆ្នាំ២០១៨។
លោកសរសេរថា៖ «ខ្ញុំ ឡេង សេងហុង អតីតប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា សម្រេចថា មិនចូលខ្លួនទៅបំភ្លឺតាមការបញ្ជារបស់តុលាការតេឡេលោក ហ៊ុន សែន នោះទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តិអ្វីខុសនោះទេ»។
លោក ឡេង សេងហុង ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកានេះ ពាក់ព័ន្ធរឿងញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីលោកបានអំពាវនាវឲ្យសមាជិករបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំង ក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយដោយសាលដីកាតុលាការកំពូល។
វិអូឌីមិនអាចសុំការពន្យល់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេជុំវិញបញ្ហានេះ បន្ទាប់ពីអតីតប្រធានអង្គការរូបនោះខកខានចូលបំភ្លឺ។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបណ្តោះអាសន្នរយៈពេល ៦០ថ្ងៃ ក្រោមហេតុផលថា អង្គការនេះបានធ្វើសកម្មភាពរំលោភច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រង់មាត្រា ២៤ និងលក្ខន្តិកៈមួយចំនួនដែលតម្កល់នៅក្រសួងមហាផ្ទៃ៕