ក្រសួងការទេសកម្ពុជា បានប្រកាសថា ប្រមុខការទូតកម្ពុជា គ្រោងធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីននៅថ្ងៃស្អែកនេះ ដោយថា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ ទំាងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលវីអូឌីទទួលបាននៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជា បាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទសន្សកិច្ចផ្លូវការនៅហ្វីលីពីនចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូនេះ។
ក្រសួងអះអាងថា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន គឺដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ ទំាងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រមុខកាទូតកម្ពុជារូបនេះ និងប្រមុខកាទូតហ្វីលីពីន គ្រោងដឹកនាំកិច្ចប្រជុំក្រុមចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន ដែលក្រសួងថា ជំនួបនោះនឹងជជែកលើវិស័យនានា ចាប់ពីវិស័យនយោបាយរហូតដល់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌។
ក្នុងដំណើរទស្សនកិច្ចនោះ ប្រមុខកាទូតកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ទប់ស្កាត់ការលួច និងការជួយដូរខុសច្បាប់សម្បត្តិវប្បធម៌រវាងប្រទេសទាំងពីរ និងអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរលើវិស័យការពារជាតិ៕