នគរបាលជាតិ បានចោទមន្ត្រីកាំកុងត្រូលប្រចំាខេត្តកោះកុងថា បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាពរាប់សិបតោនពីប្រទេសថៃ យកមកចរាចរណ៍នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ និងនៅរាជធានីភ្នំពេញ។
នគរបាលជាតិ បានចោទប្រកាន់មន្ត្រីកាំកុងត្រូលបែបនេះ នៅក្នុងសេចក្ដីរាយការណ៍ចុះផ្សាយលើវេបសាយអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ ដោយអះអាងថា បានដកស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះជាច្រើន។
សេចក្ដីរាយការណ៍នោះ បានផ្សាយថា យ៉ាងហោចណាស់គ្រឿងក្នុង ស្លាប ជង្គង់មាន់ និងប្រហិតខូចគុណភាពចន្លោះពី ១តោន ទៅ ២តោន ត្រូវបានសមត្ថកិច្ចគយកាំកុងត្រូល អនុញ្ញាតិឲ្យនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងដដែល ដោយថា ទោះបីមុខទំនិញមួយនេះ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរឹតបន្តឹងនៅតាមច្រកព្រំដែននានាទូទាំងប្រទេសក៏ដោយ។
សេចក្ដីរាយការណ៍បានរំលឹកឡើងវិញថា កាលពីថ្ងៃទី១៧ ខែតុលាកន្លងមក នគរបាលខេត្តកោះកុង បានស្ទាក់ចាប់បានមុខសាច់ខូចគុណភាពចំនួន ២តោន ខណៈដែលពួកឈ្មួញ បានដឹកតាមម៉ូតូកង់បីមកដល់ទីរួមខេត្ត។
ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺពីប្រធានសាខាកាំកុងត្រូលប្រចំាខេត្តកោះកុង លោក ហ៊ុយ ភារម្យ បានទេនៅថ្ងៃនេះ៕