តុលាការ​​សួរ​ចម្លើយ​លោក កឹម សុខា ជា​ថ្មី​នៅព្រឹក​ថ្ងៃ​នេះ

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុង​សួរ​ចម្លើយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ជាថ្មីម្ដង​ទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បួងឃ្មុំ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះ​​ដោយ​យោង​តាម​លិខិត​អញ្ចើញ ដែល​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើ​ទៅ​កាន់​ក្រុម​មេធាវី​ការពារ​ក្ដី​របស់លោក លោក កឹម សុខា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ​កន្លង​មក​នេះ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី  ក៏បានសាកសួរលោក កឹម សុខា ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងវីដេអូឃ្លីបដែលចុះផ្សាយដោយបណ្ដាញព័ត៌មាន​ CBN ដែលបង្ហាញសកម្មភាព​លោកជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសអូស្ដាស្ត្រលីកាលពីកាលពីឆ្នាំ២០១៣។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបដែលលោកថ្លែងនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានការថ្កោលពីសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស ដោយទុកថា ជាចេតនានយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ