លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យសហគមន៍អន្តរជាតិពន្លឿនដាក់ទណ្ឌកម្មឲ្យបានឆាប់ ទាំងផ្នែកបិទទិដ្ឋការ និងបង្កកទ្រព្យសម្បត្តិដោយថា មិនប៉ះពាល់រូបលោកទេ ហើយលោកក៏ចង់ដឹងដែរថា មន្ត្រីប៉ុន្មាននាក់ដែលមានទ្រព្យសម្បត្តិរក្សានៅក្រៅប្រទេស។
លោកមានប្រសាសន៍បែបនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រកាសកាលពីថ្ងៃទី៦ខែធ្នូថា អាមេរិកនឹងរឹតបន្តឹងលើការជាន់ទឹកដីអាមេរិកសម្រាប់បុគ្គល និងក្រុមគ្រួសារទាំងឡាយដែលអាមេរិកគិតថា បានជាប់ពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងការដាក់សម្ពាធពីអាមេរិកនេះ សហគមន៍អឺរ៉ុបក៏ដាក់សម្ពាធបន្តបន្ទាប់ដែរ។
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនខ្វល់ចំពោះការដាក់ទណ្ឌកម្មនេះទេ ហើយថា ការដាក់ទណ្ឌកម្មនោះមិនប៉ះពាល់ដល់រូបលោកនោះទេ។
លោក ហ៊ុន សែន បានជំរុញបន្ថែមឲ្យអាមេរិកពន្លឿនធ្វើការលើរឿងនេះ ដោយថា ដើម្បីដឹងថា មន្រ្តីកម្ពុជាណាខ្លះមានទ្រព្យសម្បត្តិនៅក្រៅប្រទេស។
លោកបន្ថែមថា «អ្នកខ្លះសង្ឃឹមទៅលើការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកម្ពុជានៅក្រៅប្រទេស សូមអញ្ចើញធ្វើទៅ ខ្ញុំរុញឲ្យអ្នកឯងធ្វើទៅដើម្បីរកឲ្យឃើញថាមេដឹកនាំកម្ពុជាណាខ្លះមានលុយនៅក្រៅប្រទេស រឹបទៅ វាមិនបានប៉ះក្បាលហ៊ុន សែន ទេកុំឆ្ងល់ លើកលែងតែអ្នកឯងលើកកងទ័ពមកវាយទន្រ្ទានប្រទេសរបស់ខ្ញុំទាំងមូល ប៉ុន្តែអ្នកឯងហ៊ានចូលក៏ អ្នកហ៊ានចោលខ្មោចនៅស្រុកខ្មែរដែរ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន នេះហាក់ បង្ហាញពីភាពមិនទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជា ដោយថា ប្រសិនបើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មផ្នែកណាមួយមកលើកម្ពុជានោះ នឹងធ្វើប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ជាពិសេសគឺក្រុមកម្មករ។
លោកបន្ថែមថា «បើសិនសហគមន៍អឺរ៉ុបគេអនុវត្តនូវសេចក្តីសម្រេចរបស់គេដែលសម្រេច កាលពីថ្ងៃម្សិលម៉ិញវានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋយើង ឧបមាថា គេលែងឲ្យយើងរួមពន្ធទៅទំនិញដែលយើងនាំចូលទៅហ្នឹង វានឹងប៉ះពាល់ទៅដល់អ្នកផលិត ប្រជាជនធម្មតា ជាពិសេសកម្មករ កម្មការនីខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហ្នឹងរាប់ លាននាក់ និងប៉ះពាល់ដល់អ្នកដែលទទួលបានផលប្រយោជន៍ដោយប្រយោលហ្នឹងរាបលាននាក់ដែរ»។
រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសមាជិកក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានរំលាយចោល ហើយមេដឹកនាំបក្សនេះ នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។
កាលពីថ្ងៃទី១៤ ខែធ្នូ សហគមន៍អឺរ៉ុបបានបោះឆ្នោតដោយឯកច្ឆន្ទលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន ដោយថា ការទណ្ឌកម្មនេះគឺ ចង់ឲ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕