មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ចៅក្រមបានសួរលោក កឹម សុខា ជាង៥០ សំណួរ ដែលភាគច្រើនជាសំណួរដាក់បន្ទុក និងប៉ះពាល់ដល់ជីវិតឯកជនរបស់លោក កឹម សុខា មិនពាក់ព័ន្ធរឿងក្តី។
លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្សិលមិញនេះ រាល់សំណួរដែលចៅក្រមសួរកូនក្ដីរបស់លោក ភាគច្រើនជាសំណួរដាក់បន្ទុក និងប៉ះពាល់ដល់ជីវិតឯកជនរបស់ក្រុមគ្រួសារកូនក្ដីលោក។ លោកយល់ថា សំណួរដែលចៅក្រមសួរប៉ះពាល់ដល់ជីវិតឯកជនរបស់ក្រុមគ្រួសារកូនក្ដីថា មិនសមរម្យឡើយ។
លោកថា «ចំណុចនេះ ខ្ញុំមិនដឹងថា ចៅក្រមស៊ើបសួរគាត់យល់យ៉ាងណាទេ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ឃើញថា ការសាកសួរហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជីវិតឯកជនរបស់បុគ្គលម្នាក់ៗ មិនគួរគម្បីសួរទេ ព្រោះវាអត់មានពាក់ព័ន្ធនឹងរឿងហេតុ។ ពាក់ព័ន្ធនឹងរឿងជីវិតឯកជន នឹងរឿងកូនស្រីគាត់ គឺកូនស្រីពៅគាត់ ដែលមានសំណួរសួរថា តើរៀបការពេលណា? តាមពិតវាមិនពាក់ព័ន្ធអីសោះតែម្ដង»។
នៅថ្ងៃទី២១និងទី២២ ខែធ្នូ ខាងមុខនេះ ចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីសួរចម្លើយលោក កឹម សុខា បន្តទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បួងឃ្មុំ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព សុំមិនធ្វើការអត្ថាប្បាយចំពោះរឿងនេះ ដោយលោកថា វាជារឿងបចេ្ចកទេសរបស់តុលាការ ដោយលោកឲ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោកថា «ខ្ញុំអត់ធ្វើការវិភាគសម្ដីរបស់មេធាវីទេ ខ្ញុំមិនអាចបញ្ចេញខមិនអីទៅលើហ្នឹងទេ សូមឲ្យសួរទៅខាងផ្ទៀងផ្ទាត់ថា ការដែលគាត់មានប្រសាសន៍ជាមួយនឹងអ្វីដែលខាងតុលាការធ្វើហ្នឹងយ៉ាងម៉េច។ សូមឲ្យផ្ទៀងផ្ទាត់ទៅខាងតុលាការអ្នកនាំពាក្យតុលាការ»។
ទាក់ទងរឿងនេះ វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី និង អ៊ី រិន្ទ បានទេ ដោយទូរសព្ទចូល គ្មានអ្នកទទួល។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ក្រោយចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិបានថ្កោកទោសរដ្ឋាភិបាលកម្ពុជា។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកផ្អាកផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ។
ចំណែកសហភាពអឺរ៉ុបក៏បានសម្រេចផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប ក្រៅពីនេះ សហភាពអឺរ៉ុបក៏បានប្រាប់ទៅគណៈកម្មការអឺរ៉ុប ឲ្យសើរើការផ្ដល់ភាពអនុគ្រោះផ្នែកពន្ធគយសម្រាប់ប្រទេសកម្ពុជា និងរៀបចំបញ្ជីឈ្មោះក្រុមមន្ត្រីជាន់កម្ពុជា សម្រាប់រឹតបន្តឹងផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលជាការឆ្លើយតបទៅនឹងការរំលាយគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសផងដែរ៕