អតីត​បក្ស​ប្រឆាំង​អំពាវ​នាវ​ទៅ​អ្នក​គាំ​ទ្រ​ឲ្យ​បន្ត​តស៊ូ​ប្រឆាំង​លោក ហ៊ុន សែន

បាតុកម្មអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក សូ ណារ៉ូ)

អតីតគណបក្ស​ប្រឆាំង ដែលត្រូវបានរំលាយចោលកាល​ពី​ខែ​មុន​នោះ បានអំពាវនាវទៅ​ក្រុមអ្នកគាំទ្រនៅក្រៅប្រទេស ឲ្យ​បន្ដការតស៊ូដោយអហិង្សា បន្ទាប់​សហគមន៍​អន្តរជាតិ​ បាន​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុងលិខិតមួយចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ​នេះ គណៈកម្មាធិការអចិន្ដ្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ បានអរគុណ​ដល់ក្រុមអ្នកគាំទ្ររបស់ខ្លួននៅឯនាយសមុទ្រ ដោយថា ពួកគេបានលះបង់ទាំងកម្លាំងកាយចិត្ត និងបន្ដសកម្មភាពតស៊ូដោយអហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីទាមទារឲ្យលុបចោលសេចក្ដីសម្រេចរំលាយបក្សសង្គ្រោះជាតិ ទាមទារឲ្យដោះលែងលោក កឹម សុខា និងដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឡើងវិញ។

អតីតគណបក្សសង្គ្រោះជាតិ អះអាងថា ការឈឺឆ្អាលរបស់សហគមន៍អន្ដរជាតិចំពោះវិបត្តិនយោបាយនៅកម្ពុជា គឺជាការចូលរួមចំណែកពីអ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេស និងអំពាវនាវឲ្យពួកគេ បន្ដការតស៊ូដោយអហិង្សាតទៅទៀត រហូតដល់មានដំណោះស្រាយនយោបាយសមស្របមួយ។

ក្នុងលិខិតនោះ អតីតគណបក្សសង្គ្រោះជាតិ ជឿជាក់ថា «សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅឯនាយសមុទ្រទាំងអស់ នៅតែបន្ដការតស៊ូប្រឹងប្រែងតទៅទៀត ជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីសង្គ្រោះជាតិ ឲ្យរួចផុតពីគ្រោះមហន្ដរាយ នៃរបបផ្ដាច់ការរបស់លោក ហ៊ុន សែន»។

គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រប្រហែល៣លាននាក់ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅ ហើយមន្ដ្រីគណបក្សប្រឆាំងចំនួន១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែក ប្រធានគណបក្សនេះ គឺលោក កឹម សុខា ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាល ថា «ក្បត់ជាតិ»។

ក្រោយរំលាយគណបក្សសង្គ្រោះជាតិ  សហគមន៍អន្ដរជាតិ ដែលនាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានពិចារណាដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ និងទណ្ឌកម្មសេដ្ឋកិច្ច លើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោយថា កម្ពុជាបានដើរឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ សេរី ពហុបក្ស និងផ្ទុយពីខ្លឹមសារ ចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ