កម្ពុជា​ពិចារណា​ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការតបទៅអាមេរិកវិញ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

មេដឹកនាំ​កម្ពុជា បាន​អះ​អាង​ថា ​នឹងពិចារណាដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសមហាអំណាចមួយនេះ​វិញ បន្ទាប់​ពី​ក្រុង​វ៉ាស៊ីងតោន បាន​សម្រេច​រឹត​ត្បិត​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​កន្លង​មក​នេះ អាមេរិក បាន​សម្រេច​​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា ដែល​អាមេរិក​គិត​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​ទាំង​​ក្រុម​គ្រួសារ​របស់​ពួកគេ។

ជា​ការ​ឆ្លើយ​នឹង​វិធានការ​រដ្ឋាភិបាល​អាមេរិក លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានថ្លែងកាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាលរបស់លោក បានការពារបូរណភាព និងអធិបតេយ្យភាពជាតិ ដោយថា មិនព្រមឱនក្បាលធ្វើតាមការចង់បានរបស់ប្រទេសមហាអំណាចណាមួយនោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែងថា៖ «ឯករាជ្យអធិបតេយ្យជាតិមួយ គឺវាមានតម្លៃធំណាស់ ឧទាហរណ៍គេគំរាម បើមិនធ្វើតាមអញ អញនឹងកាត់ផ្ដាច់នេះ កាត់ផ្ដាច់នោះ កាត់ទៅ។ លោកឯងជ្រើសរើសមនុស្សប៉ុន្មាននាក់ ឬជ្រើសរើសប្រជាជន ១៥លាននាក់? លោកឯងជ្រើសរើសបុគ្គលមួយក្រុម ឬជ្រើសរើសទំនាក់ទំនងរវាងប្រទេស និងប្រទេស។ ពាក្យរឹតបន្តឹង Visa ទិដ្ឋាការ សូមអញ្ជើញ វាចំណេញលុយខ្មែរផង ហើយយើង​បន្ដឹងវិញទៅ វាមានស្អី វាមានទៅខុសអី។ បើអញ្ចឹង ដើម្បីបានជំនួយ យើងត្រូវតែឱនក្បាលថា បាទ បាទ អញ្ចឹង ហើយជាតិមួយ យើងធ្វើអញ្ចឹង តើធ្វើទៅរួចទេ សុំទោស ខ្ញុំមិនអាចតំណាងឲ្យជាតិសាសន៍មួយនេះ ធ្វើអញ្ចឹងបានទេ»

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក David Josar បានប្រាប់ VOD នៅថ្ងៃនេះ​ថា លោកមិនមានការឆ្លើយតប​ចំពោះសម្ដី​លោក ហ៊ុន សែន ទេ និងថា​ អាមេរិកបានប្រកាសជំហររួចហើយ​អំពីការដាក់ទណ្ឌកម្មទិដ្ឋាការនេះ។

បើតាមសេចក្ដីប្រកាស​កាលពីថ្ងៃទី៦ខែធ្នូ ក្រសួងការបរទេសអាមេរិក បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​​ប្ដូរ​ជំហរ​របស់​ខ្លួន តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូលរួមប្រកួតប្រជែងការបោះឆ្នោត ការ​ដោះ​លែង​លោក កឹម សុខា និង​ការ​អនុញ្ញាត​ឲ្យ​​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើង​វិញ។

ក្រសួង​ការបរទេស​អាមេរិក បានបញ្ជាក់​ទៀតថា រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៅ​កម្ពុជា ហើយថា នឹងចាត់​វិធានការ​បន្ថែម​ទៀត បើគ្មានដំណោះស្រាយនយោបាយសមស្របណាមួយ។

អ្នកវិភាគបញ្ហានយោបាយលោកបណ្ឌិត មាស នី យល់ថា អាមេរិក បានបង្ហាញការខ្វល់ខ្វាយខ្លាំង​អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយរួមមានការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់លើរដ្ឋាភិបាលទីក្រុងភ្នំពេញ។ លោកយល់ថា កម្ពុជា​គួរមានទំនាក់ទំនងល្អ ទាំងជាមួយអាមេរិក និងចិន ដោយថា ការងាកទៅរកចិនខ្លាំងពេក នឹងធ្វើឲ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីបណ្ដាប្រទេសលោកសេរី។

លោកថា៖​ «អ្វីដែលអាមេរិកថា គេនឹងអាចធ្វើបន្ដទៅទៀត ព្រោះអីមានមតិសាធារណជនជាច្រើនគិតថា អន្ដរជាតិ ដូចអាមេរិកនោះ គេគ្រាន់តែថា តែគេមិនដែលធ្វើ តែក្នុងរយៈពេលមិនដល់មួយខែនេះ យើងឃើញថា មានការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ […] លើកលែងតែចិន យកលុយមកបោះទាំងបាវៗតែម្ដង អាហ្នឹង​ ប្រហែលជាមិនអីទេ ក៏ប៉ុន្ដែបើសិនចិន គេគ្រាន់តែថា គេជួយតិចតួច ហើយទុកឲ្យយើងរស់នៅខ្លួនឯង វាធ្វើឲ្យមានឯកោរបស់ប្រទេសយើង ក្នុងសហគមន៍អន្ដរជាតិ»

ទំនាក់ទំនងកម្ពុជា និងអាមេរិក បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទអាមេរិកថា នៅក្រោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ អាមេរិក​បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយ​ថា ប្រាស់ចាកពីការពិតទាំងស្រុង។

ទោះបីអាមេរិកបានបកស្រាយយ៉ាងនេះក្ដី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដចំណាត់ការរបស់ខ្លួន ដោយបានស្នើសុំឲ្យតុលការកំពូល​រំលាយអតីតគណបក្សប្រឆាំង និងនៅតែបន្ដឃុំខ្លួន​លោក កឹម សុខា ជាបណ្ដោះអាសន្ន ពីបទ «ក្បត់ជាតិ»។

សហគមន៍អន្ដរជាតិ បានថ្កោលទោសជាបន្ដបន្ទាប់ ដោយថា កម្ពុជា​កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ ប៉ុន្តែ មានតែប្រទេសកុម្មុនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខការពាររដ្ឋាភិបាលកម្ពុជា ក្នុងរឿងរំលាយអតីតបក្សប្រឆាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ