តំណាង​កម្ពុជា​នៅ UN ចោទសហភាពអឺរ៉ុប និងអាមេរិកថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

សភាមេរិក​

ស្ថានបេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ បាន​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​នឹង​អាមេរិក និង​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​​ចោទថា បាន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ខណៈ​ដែល​ពួកគេ​គ្រោង​រៀបចំ​វេទិកា​មួយ​ដែល​នឹង​ជជែក​អំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្ថាន​បេសកម្ម​អាមេរិក និង​សហភាព​អឺរ៉ុប គ្រោង​រៀបចំ​វេទិកា «ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ ​ដោយ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​​ កញ្ញា កឹម មនោវិទ្យា កូន​ស្រី​លោក កឹម សុខា ស្ថាបនិក​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​​នាយក​​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​តំបន់​អាស៊ី លោក John Sifton។

យោងតាមសេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពីថ្ងៃម្សិលមិញ​នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានហៅវេទិកានោះ​ថា ត្រូវ​រៀបចំ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​មាន​ចេតនា​បំភាន់​សាធារណៈ​មតិ​អន្តរជាតិ។

ជាង​នេះ​ទៅ​ទៀត ស្ថាន​បេសកកម្ម​តំណាង​កម្ពុជា បាន​ចោទ​​អាមេរិក និង​សហភាព​អឺរ៉ុប​ថា បាន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ដោយ​ថា បាន​រំលោភ​ទៅ​នឹង​មាត្រា ២ នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ។

អ្នកវិភាគនយោបាយ​លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា វេទិកា​ពិភាក្សា​អំពី​បញ្ហា​កម្ពុជា​នោះ មិន​មែនជាការលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជានោះទេ ដោយថា វេទិកា​នោះ គឺ​ជា​ការ​ជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស ដែល​កើតចេញពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបាននាំមកនូវសន្ដិភាព និងលទ្ធិប្រជាធិបតេយ្យមកកម្ពុជា។ លោក​​បន្ថែមថា ទណ្ឌកម្មពីអន្ដរជាតិ នឹងធ្លាក់មកជាហូរហែរ បើគេរកឃើញថា កម្ពុជា​ពិតជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកថា៖​ «ប្រទេសមួយចំនួន គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ គេទាំងនោះបានសន្យាថា ជួយជំរុញឲ្យមានការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយអង្គការសហប្រជាជាតិ ក៏មានភារកិច្ច​តាមដានមើលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ គេអាចចាត់វិធានការដើម្បីលុបបំបាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ អាហ្នឹងគេមានឈានដល់ការដាក់ទណ្ឌកម្មផ្សេងៗ។ មួយកិច្ចការទូត គេមិនចេញ Visa មួយទៀត ដូចនៅប្រទេសភូមា​ក្នុងរបបយោធា ដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ច»។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ ស្ថានបេសកកម្ម​កម្ពុជា បានអះ​អាង​ថា ការចាប់ឃុំខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្នុងបុព្វហេតុទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ និងការឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

កម្ពុជាបានបកស្រាយទៀតថា ការបាត់បង់អតីតគណបក្សសង្គ្រោះជាតិ​ មិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យ​សេរីពុហបក្ស​នោះទេ ដោយថា នៅកម្ពុជា​មានគណបក្សចំនួន ៣៥​ផ្សេងទៀត ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។

បើតាមសេចក្ដីថ្លែងការណ៍ ភាគីកម្ពុជាពន្យល់ថា វិធានការបស់រដ្ឋាភិបាល ប្រឆាំងនឹងបុគ្គល អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នព័ត៌មានមួយចំនួន គឺដើម្បីថែរក្សាសន្ដិភាព និងស្ថិរភាពជាតិ ពង្រឹងនីតិរដ្ឋ និងទប់ស្កាត់ការជ្រៀតជ្រែកពីសំណាក់បរទេស។

សហគមន៍អន្ដរជាតិ នាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ក្រោយតុលាការកំពូលសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកាកន្លងទៅ ហើយសមាជិកអតីតបក្សប្រឆាំងចំនួន១១៨រូប ត្រូវបានគេហាមឃាត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ រីឯលោក កឹម សុខា ក៏កំពុងជាប់ក្នុងពន្ធនាគារ​ពីបទ «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ