អតីតបក្សប្រឆាំងស្នើព្យួរកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​សកម្ពុជា​​ថ្លែង​សុន្ទរកថា​នៅ​​​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ឆ្នាំ​២០១៥ នៅ​ទី​ស្នាក់ការ​​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉ក កាល​ពីថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ (រូបភាពពី Reuters)

មន្ត្រី​ជាន់​ខ្ពស់ និងជាកូនស្រីមេដឹកនាំបក្សប្រឆាំង លោក កឹម​ សុខា បានស្នើទៅអង្គការសហប្រជាជាតិ ឲ្យព្យួរសមាជិកភាពរបស់កម្ពុជា ដោយថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជិតពាក់កណ្ដាលប្រទេស។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាច វាយបកថា មិនអាចធ្វើទៅរួច។

កាលពី​ថ្ងៃ​ទី​១៩​ធ្នូ ស្ថាន​បេសកម្ម​អាមេរិក និង​សហភាព​អឺរ៉ុប បាន​រៀបចំ​វេទិកាមួយស្ដីអំពី «ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ​ដោយ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​​ កញ្ញា កឹម មនោវិទ្យា កូន​ស្រី​លោក កឹម សុខា នាយកប្រតិបត្តិ​​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​​នាយក​​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​តំបន់​អាស៊ី លោក John Sifton។

ថ្លែងប្រាប់សារព័ត៌មានវីអូអេនៅក្រោយកិច្ចប្រជុំនោះ កញ្ញា កឹម មនោវិទ្យា អះអាងថា អតីតគណបក្សប្រឆាំង បានស្នើទៅអង្គការសហប្រជាជាតិ ឲ្យពិចារណា នៃការព្យួរសមាជិកភាពរបស់កម្ពុជាជាបណ្ដោះអាសន្ន ដោយចោទថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការចែកអាសនៈរបស់បក្សប្រឆាំង ឲ្យទៅគណបក្សផ្សេងទៀត ដែលមិនបានជាប់ឆ្នោត ព្រមទាំងការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

កញ្ញា កឹម មនោវិទ្យា ព្រមានថា បើ UN ព្យួរអាសនៈមែន នោះនឹងធ្វើឲ្យកម្ពុជា កាន់តែឯកាពីសហគមន៍អន្ដរជាតិ និងថា ទណ្ឌកម្មជាបន្ដបន្ទាប់នឹងធ្លាក់មក ហើយបង្ខំឲ្យកម្ពុជាងាកទៅគោរពកាតព្វកិច្ចអន្ដរជាតិរបស់ខ្លួន។

កញ្ញា កឹម មនោវិទ្យា អះអាងថា៖ «ខ្ញុំសូមស្នើឲ្យតំណាងប្រទេស ដែលមានអាសនៈនៅអង្គការសហប្រជាជាតិហ្នឹង ជាប្រទេសហត្ថលេខីហ្នឹង គឺសូមឲ្យគាត់ស្នើទៅអគ្គលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ ដើម្បីឲ្យបញ្ជូនឲ្យមានបេសកកម្មមួយ ទៅក្នុងប្រទេសកម្ពុជាយើងតែម្ដង […]ហើយមួយទៀត គឺខ្ញុំសូមឲ្យពួកគាត់គិតគូឡើងវិញ ទៅលើកៅអីសមាជិកភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិ! គឺអាឡូវហ្នឹង ធ្ងន់ធ្ងរដល់រំលាយបក្សសង្គ្រោះជាតិ ហើយមានការប្លន់អាសនៈ ដែលបានបោះឆ្នោតជូនដោយប្រជាពលរដ្ឋខ្មែរយើងពីគណបក្សសង្រ្គោះជាតិ»។

បន្ថែមលើសនេះ កញ្ញាថា អតីតគណបក្សប្រឆាំង គ្រោងបញ្ចុះបញ្ចូលឲ្យប្រទេសមហាអំណាច និងប្រទេសហត្ថលេខីនៃសន្និសីទទីក្រុងប៉ារីស ចូលរួមដោះស្រាយចំពោះវិបត្តិនយោបាយនៅកម្ពុជានេះ។

បើតាមធម្មនុញអង្គការសហប្រជាជាតិត្រង់មាត្រា៥ ចែងថា រដ្ឋហត្ថលេខី​ អាចនឹងត្រូវគេព្យួរសមាជិកភាពជាបណ្ដោះអាសន្ន បើប្រទេសនោះ រំលោភគោលការណ៍ ដែលមានចែងក្នុងធម្មនុញរបស់ស្ថាប័នកំពូលមួយនេះ។

នាយកប្រតិបត្តិ​​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះដែរថា រដ្ឋាភិបាលកម្ពុជា គួរបើកឲ្យមានលំហូរប្រជាធិបតេយ្យឡើងវិញ តាមរយៈការអនុញ្ញាតឲ្យអតីតគណបក្សប្រឆាំងធ្វើសកម្មភាពដោយសេរី ដោះលែងប្រធានបក្សប្រឆាំង លោក កឹម សុខា និងបញ្ឈប់ការរិតត្បិតក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញផ្សព្វផ្សាយឯករាជ្យ ដោយថា ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំក្រោយ មានភាពត្រឹមត្រូវ និងអាចទទួលយកបាន។

លោក ប៉ា ងួនទៀង ក៏ចូលរួមទទូចឲ្យមានការព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិផងដែរ ដោយថា ករណីរំលាយអតីតបក្សប្រឆាំងដ៏ធំ និងការបែងចែងអាសនៈរបស់បក្សនេះឲ្យទៅគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យនោះ គឺធ្វើឲ្យរដ្ឋាភិបាលសព្វថ្ងៃ បាត់បង់នូវភាពស្របច្បាប់។

លោកថា៖ «ខ្ញុំស្នើថា គួរតែពិចារណាព្យួរកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។ ចំណុចទី២​ នៅក្នុងមាត្រា៧៦​នៃរដ្ឋធម្មនុញ្ញ ចែងថា សមាជិកសភាត្រូវតែជាអ្នកដែលទទួលបានការបោះឆ្នោតពីប្រជាពលរដ្ឋ ដោយសម្ងាត់ ដោយសកល និងសេរី ដូច្នេះ នៅពេលរំលាយគណបក្សសង្គ្រោះជាតិ ហើយយកកៅអី ទៅចែកគណបក្សដទៃ! អាហ្នឹងវារំលោភរដ្ឋធម្មនុញ្ញមាត្រា៧៦ សភាបច្ចុបន្ន គឺអត់តំណាងឆន្ទៈប្រជាពលរដ្ឋ»។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ​ ឥសាន​ ច្រានចោលការលើកឡើងទាំងអស់នេះ ថា មិនអាចធ្វើទៅរួច ដោយថា អង្គការសហប្រជាជាតិមិនអាចលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។

លោកថា៖ «ខ្ញុំយល់ថា កញ្ញាគ្រាន់ជាការស្រមើស្រម៉ៃរបស់គាត់ទេ វាអត់មានផ្លូវណាមួយ ដែលអាចប៉ះពាល់ទៅដល់ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាទេ។ ទី១ គឺអង្គការសហប្រជាជាតិ មានធម្មនុញ្ញរបស់ខ្លួន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិក។ ទី២ អត្ថលេខីទាំង១៨ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស គេហាមមិនឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។

នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៨ធ្នូ តំណាងបេសកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានហៅវេទិកាខាងលើនេះ​ថា ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​មាន​ចេតនា​បំភាន់​​មតិ​អន្តរជាតិ។ កម្ពុជា ថែមទាំងបាន​ចោទ​​អាមេរិក និង​សហភាព​អឺរ៉ុប​ថា បាន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់ខ្លួន ដែល​ថា បាន​រំលោភ​ទៅ​នឹង​មាត្រា២ នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ។

បន្ថែមលើសពីនេះ រដ្ឋាភិបាលកម្ពុជាថា បាន​ចាត់តាំងមន្ដ្រីចំនួន៨០នាក់ មកពីគ្រប់ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីធ្វើ​របាយការណ៍​​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដាក់ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ។

គួររំលឹកថា អង្គការសហប្រជាជាតិ ​បានព្រមានព្យួរសមាជិកភាពរបស់កម្ពុជាម្ដងរួចមកហើយ កាលពីឆ្នាំ១៩៩៧ ជុំវិញភាពចម្រូងចម្រាស់នៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនៅពេលនោះ បន្ទាប់ពីគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ ចេញពីតំណែងនាយករដ្ឋមន្ដ្រីទី១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ