សមាជិកសភាកាណាដាស្នើដាក់សម្ពាធ​លើរដ្ឋាភិបាលលោក ហ៊ុន សែន   

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

សមាជិកសភាកាណាដាមួយរូប បានស្នើទៅរដ្ឋាភិបាលប្រទេសនេះ ឲ្យដាក់សម្ពាធ​លើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ប៉ុន្ដែរដ្ឋាភិបាលអះអាងថា ករណីនេះ​ជាការអនុវត្តច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​​ប្រហែល ៣​លាន​នាក់ កាលពី​បោះ​ឆ្នោត​ថ្នាក់ជាតិ​​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លងទៅ ហើយមន្ដ្រីអតីតគណបក្សប្រឆាំងចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ រីឯប្រធានគណបក្សនេះ គឺ​លោក កឹម សុខា ក៏នៅតែជាប់​ក្នុង​ពន្ធនាគារ ក្រោម​ការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។

ក្នុងកិច្ចប្រជុំសភាមួយ​​កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ សមាជិកសភាកាណាដាមួយរូប​មកពីគណបក្សអភិរក្សនិយម លោក Michael Cooper បានថ្លែងរិះគន់ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួន លោក កឹម សុខា គឺផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងដំណើរការបោះឆ្នោត ដែលមានភាពត្រឹមត្រូវ និងយុត្តិធម៌។

សមាជិកសភារូបនេះ ក៏ស្នើទៅនាយករដ្ឋមន្ដ្រីកាណាដា លោក Justin Trudeau ឲ្យ​ចូលរួមជំរុញទៅ​រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យ​បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអតីតគណបក្សប្រឆាំង និងគោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

លោកថា៖ «ដោយហេតុថា ប្រទេសកាណាដា ក៏ជាហត្ថលេខីមួយ​នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដើមបណ្ដឹង​អំពាវនាវឲ្យសភា ដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលកម្ពុជា ឲ្យគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស អំពាវនាវឲ្យរដ្ឋាភិបាលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បង្ហាញក្ដីកង្វល់ អំពីវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន និងបរាជ័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ពន្យល់ថា ចំណាត់ការប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់ និងដើម្បីការពារសន្ដិភាពក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

លោកថា៖ «ការមានវិធានការផ្លូវច្បាប់​ចំពោះមេបក្សប្រឆាំង ក៏ដូចជាក្រុមមេដឹកនាំបក្សប្រឆាំង ខ្ញុំយល់ថា អាហ្នឹង គឺជាការអនុវត្តច្បាប់ ពីព្រោះ គាត់ប្រព្រឹត្ដល្មើសច្បាប់មែន»។

​បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចោលនោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដោយថា កម្ពុជា​ហាក់កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ