សាលាក្តីខ្មែរក្រហម បានស្នើកញ្ចប់ថវិកាជាង ៤៦លានដុល្លារពីម្ចាស់ជំនួយ សម្រាប់ប្រតិបត្តិការរយៈពេល ២ឆ្នាំខាងមុខ ប៉ុន្តែ សំណើកញ្ចប់ថវិកានោះ ត្រូវបានកាត់បន្ថយ បើធៀបទៅនឹងកញ្ចប់ថវិកាចំណាយរយៈពេល ២ឆ្នាំកន្លងមកនេះ។
សំណើកញ្ចប់ថវិកាសម្រាប់រយៈពេលពីរឆ្នាំ ២០១៨-២០១៩ ដែលចេញផ្សាយដោយសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃម្សិលមិញនេះ បង្ហាញថា តុលាការកូនកាត់មួយនេះ បានអនុម័តសំណើកញ្ចប់ថវិកាទំហំ ៤៦.១២លានដុល្លារ ដោយក្នុងនោះមានសំណើកញ្ចប់ថវិកាទំហំ ២៤.៧២លានដុល្លារសម្រាប់ចំណាយនៅក្នុងឆ្នាំ២០១៨ និងសំណើកញ្ចប់ថវិកា ២១.៤០លានដុល្លារសម្រាប់ចំណាយនៅឆ្នាំ២០១៩ខាងមុខ។
ឯកសារដដែលនេះ បានបង្ហាញថា គម្រោងចំណាយថវិការបស់សាលាក្ដីខ្មែរក្រហម ត្រូវបានកាត់បន្ថយពីចំនួនជាង ៦០លានដុល្លារ នៅក្នុងការចំណាយរយៈពេល ២ឆ្នាំ ២០១៦-២០១៧ មកនៅត្រឹមជាង ៤៦លានដុល្លារនៅក្នុងគម្រោងចំណាយរយៈពេល ២ឆ្នាំ២០១៨-២០១៩ ដោយត្រូវបានកាត់បន្ថយអស់ ២៣.៤ភាគរយ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា បានប្រាប់ VOD នៅថ្ងៃនេះថា សាលាក្ដីខ្មែរក្រហម បានកាត់បន្ថយសំណើកញ្ចប់ថវិកាចំណាយរបស់ខ្លួន បន្ទាប់ពីគម្រោងមួយចំនួន ត្រូវបានបិទបញ្ចប់ ហើយបុគ្គលិកមួយចំនួន បានផុត ឬត្រូវបានបញ្ចប់កិច្ចសន្យាការងារនៅស្ថាប័ននេះ។
អ្នកនាំពាក្យរូបប្រាប់ថា៖ «រហូតមកដល់ពេលនេះ ដំណើរការរបស់តុលាការរបស់យើង កិច្ចការមួយចំនួន យើងលែងត្រូវការចំណាយលើការងារហ្នឹងបន្តទៀតហើយ។ ការិយាល័យមួយចំនួន ឬមន្ត្រីបុគ្គលិកមួយចំនួនដែលធ្វើការងារនៅក្នុងគម្រោងការងារដែលយើងបានបញ្ចប់ ក៏បានបញ្ចប់កិច្ចសន្យារបស់គាត់ដែរ បានធ្វើឲ្យគម្រោងចំណាយដែលយើងស្នើសុំសម្រាប់ឆ្នាំ២០១៨ និង២០១៩ មានការថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៦ និងឆ្នាំ២០១៧»។
នៅក្នុងឯកសារដដែលនេះ សាលាក្ដីខ្មែរក្រហម បានស្នើកញ្ចប់ថវិកាជិត ៣៥លានដុល្លារពីម្ចាស់ជំនួយអន្តរជាតិ និងជាង ១១លានដុល្លារទៀតពីភាគីរដ្ឋាភិបាលកម្ពុជា សម្រាប់ចំណាយលើផ្នែកការិយាល័យតុលាការ ផ្នែកការពារ និងគាំពារជនរងគ្រោះ ផ្នែកការិយាល័យរដ្ឋបាល និងសម្រាប់ដំណើរការករណី ០០៣ និង ០០៤។
លោក នេត្រ ភក្ត្រា បានឲ្យដឹងបន្ថែមថា សាលាក្ដីខ្មែរក្រហមបានដាក់សំណើស្វែងរកជំនួយពីប្រទេសជប៉ុន បារាំង អាមេរិក អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអ៊ែត និងបណ្ដាប្រទេសដទៃទៀតរួចរាល់ហើយ ប៉ុន្តែ លោកថា បណ្ដាភាគីរដ្ឋាភិបាលនៃប្រទេសទាំងនេះ នៅពុំទាន់ឆ្លើយតបនៅឡើយទេ។
VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីមន្ត្រីស្ថានទូតជប៉ុន អាមេរិក និងមន្ត្រីសហភាពអឺរ៉ុបបានទេនៅថ្ងៃនេះ។
ប្រធានកម្មវិធីសាលាក្តីខ្មែរក្រហមនៃសមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់លោក ភក្ត្រា ជុំវិញកញ្ចប់ថវិកាស្នើទៅម្ចាស់ជំនួយ ប៉ុន្តែ លោកថា សាលាក្តីខ្មែរក្រហម ត្រូវអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជឿជាក់ ដើម្បីទុកជាកេរ្តិ៍ដំណែលឲ្យកូនចៅជំនាន់ក្រោយ។
លោកមានប្រសាសន៍ថា៖ «កេរ្តិ៍ដំណែលជារឿងមួយចំាបាច់ និងគិតគូរទន្ទឹមគ្នា និងដំណើរការសាលាក្តី កំពុងស្វែងរកថវិកាហ្នឹងផងដែរ ហើយវាបង្ហាញនូវប្រវត្តិសាស្ត្រយ៉ាងជាក់ច្បាស់នៅក្នុងការដែលពាក់ព័ន្ធក្នុងការរកឃើញរបស់សាលាក្តី ទាក់ទិននឹងមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសវាពិតជាកេរ្តិ៍ដំណែលមួយយ៉ាងវិសេសវិសាលនៅក្នុងការតម្កល់ទុកសម្រាប់ឲ្យពួកគាត់រៀនសូត្រ ឬក៏កុំត្រាប់តាមមេដឹកនាំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»។
របាយការណ៍ចំណាយរបស់សាលាក្ដីខ្មែរក្រហម បានដឹងថា សាលាក្ដីនេះ បានចំណាយថវិកាដល់ទៅ ២៩៣លានដុល្លារហើយ ចាប់តាំងពីកើតសាលាក្ដីនេះនៅឆ្នាំ២០០៦ដល់ឆ្នាំ២០១៦កន្លងមកនេះ។ ថវិកាទំាងនោះ ទទួលបានជំនួយពីបណ្តាប្រទេសជិត ៤០ ដោយក្នុងនោះប្រទេសជប៉ុនឈលំដាប់ទី១ អាមេរិកលេខ ២ និងសហភាពអឺរ៉ុបលំដាប់លេខ៣៕