អ្នកបុរីកីឡាថាមិនយកសំណងតាមគោលនយោបាយ ខណៈដល់ថ្ងៃឱសានវាទ

ពលរដ្ឋនៅសហគមន៍​បុរីកីឡា (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

ក្រុមអ្នកមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាមួយចំនួន ដែលមិនទាន់​ទទួលបានដំណោះស្រាយ ឲ្យដឹងថា គ្មាននណាម្នាក់ព្រមទៅទទួលយកសំណងគោលនយោបាយនោះទេ ខណៈថ្ងៃឱសានវាទរបស់សាលារាជធានីភ្នំពេញផុតកំណត់នៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃទី៨ខែធ្នូ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ឲ្យពលរដ្ឋបុរីកីឡាចំនួន ១១គ្រួសារដែលមិន​ព្រមទទួលសំណងគោលនយោបាយ មកទទួលយកសំណងនេះ ដោយដាក់ឱសានវាទពីរសប្តាហ៍ គឺ​ចាប់ថ្ងៃទី៨ ដល់​ថ្ងៃ២២ខែធ្នូ​ ហើយថា បើខកខានដូចតាមពេលកំណត់ ពលរដ្ឋ​ទាំងនោះ នឹងបាត់បង់សិទ្ធិទទួលបានសំណង និងដំណើរការដោះស្រាយទំនាស់ក៏ត្រូវបានបញ្ចប់ដែរ។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា រហូតមកដល់ថ្ងៃកំណត់ឱសានវាទនេះ មិនមានពលរដ្ឋបុរីកីឡាណាម្នាក់ ទៅទទួលយកសំណងតាមគោលនយោបាយរបស់សាលារាជធានីភ្នំពេញនោះទេ ហើយអ្នកស្រីថាក៏ពុំមានពលរដ្ឋណា​ម្នាក់ ព្រមចាកចេញពីអាគារចាស់នោះដែរ។

អ្នកស្រីបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះបាត់បង់សំណង និងការបណ្តេញចេញទាំងបង្ខំជាលើកទី២ ប៉ុន្តែពួកគាត់គ្មានជំរើស ដោយថា សំណងគោលនយោបាយរបស់សាលារាជធានីភ្នំពេញនោះតិចតួចពេក។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់វីអូឌីកាលពីថ្ងៃទី១១ធ្នូ ថា ការរក្សាជំហរមិនមកទទួលយកសំណង តាមគោលនយោបាយនោះ វាជាសិទ្ធិរបស់រដ្ឋពលរដ្ឋ ប៉ុន្តែលោកថា រាជធានីភ្នំពេញ នឹងអនុវត្ត​វិធានការរដ្ឋាបាល និងយន្តការតុលាការបន្តទៀត ដោយមិនទទួលខុសត្រូវ ចំពោះការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋទាំងនោះឡើយ។

កាលពីថ្ងៃទី២០ខែធ្នូ អង្គការនិងសហគមន៍ សរុបចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវ​នាវ​ទៅ​សាលារាជធានីភ្នំពេញ ឲ្យ​ទម្លាក់ចោល​ឱសានវាទនេះ និងបន្តដំណើរការដោះស្រាយវិវាទនោះ តាមនីតីវិធីឡើងវិញ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុងអង្គការទាំង៣៤ បានចាត់ទុការដាក់ឱសានវាទនោះថា ធ្វើឡើងផ្ទុយពីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ននិងរដ្ឋធម្មនុញ្ញ ដែលចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរស់នៅ​ក្នុងស្ថានភាពមួយសមរម្យ ទទួលបានលំនៅឋានសមរម្យ និងការការពារពីការបណ្តេញចេញដោយបង្ខំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ