ក្រុមមេធាវីការពារក្ដីឲ្យអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា អះអាងសារជាថ្មី នៅថ្ងៃព្រឹកថ្ងៃទី២២ធ្នូ ថា ពួកគេនឹងមិនចូលរួមក្នុងនីតិវិធីសាកសួររបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ប្រសិនបើចៅក្រម ដែលកាន់សុំណុំរឿងនេះ នៅតែបន្តសួរចម្លើយកូនក្ដីរបស់ខ្លួន នៅក្នុងពន្ធនាគារ។
លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការធ្វើពហិការមិនចូលរួមនេះ ដោយសារ ក្រុមមេធាវីចង់ឲ្យចៅក្រម នាំយកកូនក្ដីមកសាកសួរនៅតុលាការ ដោយកន្លងមក កូនក្ដីរបស់លោក ក៏បានស្នើទៅចៅក្រមផងដែរ ប៉ុន្តែសំណើរទាំងនេះ ត្រូវបានតុលាការបដិសេធ។
លោកថា៖ «ជាឆន្ទៈ គឺជាបំណងរបស់ឯកឧត្ដម [កឹម សុខា] ផ្ទាល់តែ!…ថ្មីៗនេះ នៅពេលដែលចៅក្រមស៊ើបសួរ ទៅសាកសួរឯកឧត្ដមនៅក្នុងពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី១៤ នេះ ក៏ឯកឧត្ដម បានធ្វើសំណើរ ស្នើសុំឲ្យធ្វើនីតិវិធីនៅក្នុងតុលាការ ហើយក្រុមមេធាវីការពារក៏បានស្នើទៅតុលាការផងដែរ។ គោលបំណងគឺឯកឧត្ដម ឲ្យមានការផ្លាស់ប្ដូរពីពន្ធនាគារត្រពាំងផ្លុង មកពន្ធនាគារភ្នំពេញ ប៉ុន្តែអ្វីដែលយើងបានស្នើសុំកន្លងមក វាត្រូវបានបរាជ័យ»។
លោក សំ សុគង់ ចាត់ទុកការសាកសួរកូនក្ដីរបស់ខ្លួននៅក្នុងពន្ធនាគារថា ខុសពីគោលការណ៍ច្បាប់ ដោយថា ពន្ធានាគារមិនមែនកន្លែងសួរចម្លើយនោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសានស៍ថា កាលពីម្សិលមិញនេះ ចៅក្រម បានទៅសួរចម្លើយលោក កឹម សុខា បើទោះបីជាក្រុមមេធាវីការពារក្តី បានធ្វើពហិការមិនចូលរួមក៏ដោយ។ ដោយឡែក នៅថ្ងៃទី២២ធ្នូ លោកមិនទាន់ដឹងនៅឡើយ។
លោកថា៖ «ចាំមើលខ្ញុំពិនិត្យជាមួយលោកចៅក្រមបន្តិចសិនថ្ងៃនេះ។ បើម្សិលមិញ នីតិវិធីបន្តធម្មតាខ្ញុំឆែក [ពិនិត្យ] មើលជាមួយគាត់ [ក្រុមចៅក្រម] បន្តិចសិន»។
វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង លោក សួស វិទ្យារ៉ាឌី ប៉ុន្តែ ទូរសព្ទចូល គ្មានអ្នកទទួល។
អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ជាលក្ខណៈទូទៅថា បើតាមនីតិវិធីច្បាប់នៅក្នុងដំណាក់ការស៊ើបសួរ ចៅក្រម អាចធ្វើការសួរចម្លើយជនត្រូវចោទនៅក្នុងពន្ធនាគារ ដោយមិនចាំបាច់មានមេធាវីចូលរួមក៏បានដែរ ប៉ុន្តែ លោកថា ជនត្រូវចោទ ក៏អាចមានសិទ្ធិមិនឆ្លើយនឹងសំណួររបស់ចៅក្រមដែរ ហើយករណីនេះមិនមានអ្វីខុសច្បាប់នោះទេ។ លោកបន្តថា ប្រសិនបើករណីជំនុំជម្រះវិញ តុលាការជនត្រូវយកចោទមកចូលសវនាការ។
លោកថា «ធម្មតារឿងចៅក្រមស៊ើបសួរ ខ្ញុំថាអត់មានបញ្ហាទេ ពីព្រោះមិនមែនមានរឿងនេះមួយទេជាទូទៅ ប៉ុន្តែបើរឿងកាត់ក្ដី សវនាការ វាជារឿងមួយផ្សេងទៀត! មិនខុស ហើយក៏មិនរំលោភសិទ្ធិជនត្រូវចោទដែរ ព្រោះជនត្រូវចោទមានសិទ្ធិនៅស្ងៀមមិនឆ្លើយ»។
បើគិតត្រឹមថ្ងៃសុក្រទី២២ធ្នូនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរចម្លើយលោក កឹម សុខា ចំនួន៤ដងហើយ ដោយចៅក្រម ធ្វើឡើងនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំតែម្ដង។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ក្រោយចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយអតីតគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិបានថ្កោលទោស និងព្រមានពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕