អតីតពលរដ្ឋតំបន់បឹងកក់ជំរុញ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ផ្ដល់​សំណង​បន្ថែម​ដល់​ពួកគេ

អតីតពលរដ្ឋរស់នៅតំបន់បឹងកក់ នៅថ្ងៃព្រហស្បតិ៍នេះ បាន​ជំរុញទៅសាលារាជធានីភ្នំពេញ ឲ្យផ្តល់សំណង​បន្ថែម​ដល់​ពួកគេ ដោយថា សំណងដែលផ្ដល់ឲ្យកន្លងមក​ពុំ​សមរម្យ និង​ត្រូវ​ធ្វើឡើងក្រោមការ​គាប់​សង្កត់។

តំណាងអតីត​ក្រុម​ពលរដ្ឋ​សហគមន៍​បឹងកក់ អ្នកស្រី ស៊ា ណារ៉េត ប្រាប់វីអូឌីនៅថ្ងៃនេះថា ​នៅក្នុងវេទិកាជាតិ «ការពារ និងអភិរក្សធនធានធម្មជាតិ» កាលពី​ខែសីហា​កន្លង​មក​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញថ្មី ត្រូវដោះស្រាយបញ្ចប់​ជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់ ប៉ុន្តែ អ្នកស្រីថា គិតមកដល់ថ្ងៃនេះ សាលារាជធានីភ្នំពេញនៅមិនទាន់បានដោះស្រាយឲ្យពួកគាត់នោះទេ។

អ្នកស្រីថា៖ «ពួកខ្ញុំបានដាក់ញត្តិជាមួយគ្នាទាំងអស់ ៤​សហគមន៍ហ្នឹង ហើយគេដោះស្រាយបានតែអ្នកសេសសល់ ៧គ្រួសារហ្នឹង។ ឥឡូវនៅអតីតបឹងកក់ ហើយបុរីកីឡា​ ហើយព្រលានយន្តហោះចាំប្លង់ហ្នឹង មិនទាន់មានប្លង់ចេញឲ្យ។ ពួកខ្ញុំឲ្យដោះស្រាយសំណងបន្ថែមសម្រាប់ពួកខ្ញុំ ឲ្យបានលំនៅឋានសមរម្យអញ្ចឹង»។

អ្នកស្រីអះអាងថា  សាលារាជធានីភ្នំពេញបានបណ្ដេញពួកគាត់ចេញពីលំនៅឋាន​ទាំងបង្ខំ ដោយផ្ដល់សំណងចំនួន ៨​ពាន់ដុល្លារ និងលុយខ្មែរ ២​លានរៀល ហើយបើមិនទទួលយកទេ ពួកគាត់មិនទទួលបានអ្វីទាំងអស់។

ប៉ុន្តែ អ្នកស្រីបញ្ជាក់បន្ថែមបន្ទាប់ពីជួបមន្ត្រីសាលារាជធានីភ្នំពេញថា សាលារាជធានីមិនទទួលញត្តិរបស់ពួកគាត់នោះទេ។ អ្នកស្រី​អះ​អាង​ថា ពួកគាត់នឹងដាក់ញត្តិម្ដងទៀត ដើម្បីជួបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង​ ដោយសារ​ថ្ងៃនោះ លោកជាអ្នកទទួលញត្តិដែលពួកគាត់បានដាក់ទៅលោកនាយករដ្ឋមន្ត្រី។

អ្នកនាំសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានដោះស្រាយឲ្យប្រជាពលរដ្ឋដែលបានចាកចេញរួចរាល់អស់ហើយ។ ពាក់ព័ន្ធនឹងការស្នើសុំទាមទារសំណងបន្ថែម លោកថា សាលារាជធានីកំពុងធ្វើការពិនិត្យមើលចំពោះរឿងនេះ។

លោកថា៖ «លោក [ពលរដ្ឋ] បានទទួលនូវ​ដំណោះ​ស្រាយ​គោលនយោបាយក្នុងតំបន់បឹងកក់រួចមកហើយ រហូតបានឯកភាព បានទទួលយកតាមសំណង និងគោលនយោបាយអីមកហើយ ហើយបានចាកចេញពីតំបន់បឹងកក់រាប់ឆ្នាំទៅហើយ ក៏ប៉ុន្តែ លោកមានបញ្ហាក៏មានការស្នើសុំឲ្យ ឬក៏យ៉ាងម៉េច យើងកំពុងពិនិត្យមើលលទ្ធភាពលើកិច្ចការនឹងបន្តទៀត»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា លោក​ពិបាកនឹងជឿថា អាជ្ញាធររាជធានីនឹងដោះស្រាយឲ្យប្រជាពលរដ្ឋ ដោយសារ ការអនុវត្តច្បាប់បច្ចុប្បនេះនៅមានកម្រិត។

លោកថា៖ «ជាមេរៀន​ទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរ​។ ជាមេរៀនរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លីមិនមែនជាការដោះស្រាយឲ្យចេះតែបានៗ ហើយចប់ទេ​​ គឺថា បើសិនជាដោះស្រាយមិនមានការទទួលយកពីប្រជាពលរដ្ឋដោយពេញចិត្តទេ សំណងសមរម្យទេ ឃើញថា ការតវ៉ានឹងវាអត់ចេះចប់អត់ចេះហើយរហូតមកដល់បច្ចុប្បន្ន»។

បើតាម​រ​បាយការណ៍របស់អង្គការលីកាដូ រកឃើញថា ការអភិវឌ្ឍនៅតំបន់បឹងកក់ធ្វើឲ្យប៉ះពា​ល់ដល់​ព​ល​​​រដ្ឋ​ជា​ង ៤ពាន់គ្រួសារ ក្នុងនោះពលរដ្ឋ​ជាង ៣ពាន់​គ្រួសារត្រូវបានបណ្តេញចេ​ញឲ្យទៅរស់​នៅជាយក្រុង និង​​ជិ​​ត ​​​១​ពាន់នាក់ទៀត បាន​ទាមទារ​អភិវឌ្ឍន៍​នៅនឹង​កន្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ