​ហ៊្វុនស៊ិនប៉ិច​ ថាមិន​បាន​ទទួល​ជំនួយ​ពី​ចិន ខណៈ​អ្នក​វិភាគ​ថាបក្ស​នេះ​អាច​ត្រូវ​រំលាយ​ចោល

សម្តេចក្រុមព្រះ ក្រោយបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

គណបក្ស​ហ៊្វុនស៊ិន​ប៉ិច បាន​បដិសេធ​ថា ខ្លួន​មិន​ដែល​បាន​ទទួល​ជំនួយ​ហិរញវត្ថុ​ម្ដង​ណា​ឡើយ​ពី​ប្រទេស​ចិន ខណៈ​អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​រាជា​និយម​មួយ​នេះ អាច​ប្រឈម​មុខ​នឹង​បណ្ដឹង​ស្នើ​ឲ្យ​រំលាយ​ចោល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​បក្ស​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ទទួល​ជំនួយ​ពី​បរទេស​មែន​នោះ។

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​មាន​បន្ទូល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ថា ទ្រង់​បាន​ដាក់​សំណើ​ទៅ​កាន់​​លោក វ៉ាង វ៉ៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​មក​ពី​ប្រទេស​ចិន ឲ្យ​ជួយ​ដល់​គណបក្ស​រាជា​និយម​មួយ​នេះ ដោយ​ទ្រង់​អះ​អាង​ថា គណបក្ស​មួយ​នេះ​ជា​បក្ស​ធំ​លំដាប់​ទី២ និង​ក្រី​ក្រ​ជាង​គេ។

សម្ដេច​ក្រុម​ព្រះ​បាន​អះ​អាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានក្រោយ​ជំនួប​ជាមួយ​លោក វ៉ៃគួង​​ ថាមន្ត្រី​ចិន​រូប​នេះ​បាន​សន្យា​នាំ​យក​សំណើ​របស់​ទ្រង់​ ទៅ​ប្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

ព្រះអង្គមានបន្ទួល​ថា៖ «ខ្ញុំបានស្នើខាងប្រទេសចិន ដែលបានជួយដល់យើងខ្ញុំហើយ ការពិតយើងខ្ញុំក្លាយទៅជា​គណបក្សទីពីរមែន ក៏ប៉ុន្តែ​ ក្រជាងគេតែម្តង វាគ្មានអ្វីសោះ ម្ល៉ោះហើយ​ចិន…គាត់ថា នឹង​រាយការណ៍ជូន​ឯកឧត្តម ស៊ី ជីនពីង​ ហើយគាត់នឹង​បន្ត[ផ្ដល់]នូវជំនួយដែល​​គាត់ធ្លាប់បានផ្តល់​ឲ្យមក​​ហ្វ៊ុនស៊ិនប៉ិច​តទៅទៀត​​»។

ការ​អះ​អាង​បែប​នេះ​របស់​សម្ដេច​ក្រុម​ព្រះ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា អាច​ជា​ការ​រំលោភ​លើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបបាយ ដែល​ហាម​ឃាត់​គណបក្ស​នយោបាយ​​នៅ​កម្ពុជា មិន​ឲ្យ​ទទួល​ជំនួយ​ពី​បរទេស បើ​ទោះបី​ជា​ជំនួយ​នោះ ត្រូវ​បាន​ផ្ដល់​ក្រោម​រូបភាព​បែប​ណា​ក៏​ដោយ។

ប៉ុន្តែក្នុង​សេចក្តីថ្លែងការណ៍​​កាលពីថ្ងៃម្សិល​មិញ​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បដិសេធ​ថា មិន​បាន​ទទួល​ជំនួយ​ពី​ចិន​នោះ​ឡើយ ហើយ​ថា អ្វី​ដែល​សម្ដេច​ក្រុម​ព្រះ​បាន​លើក​ឡើង​នោះ សំដៅ​ដល់​ជំនួយ​ដែល​ចិន​បាន​ផ្ដល់​មក​កម្ពុជា​នៅ​ក្រោម​រដ្ឋាភិបាល​ចម្រុះ​ក្នុង​ទសវត្សរ៍​១៩៩០ ដែល​បក្ស​នេះ​ថា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

អ្នកនាំពាក្យ​​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ញេប ប៊ុនជិន​ ប្រាប់វីអូឌី​​នៅថ្ងៃនេះ​​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន បាន​ដក​ស្រង់​សម្ដី​សម្ដេច​ក្រុម​ព្រះ ដោយ​ភាន់​ច្រឡំ។

លោកបក​ស្រាយថា៖ «គេ[ប្រទេសចិន]ជួយគណបក្សហ្វ៊ុនស៊ិនប៉ិច​ គេជួយរបៀប​កសិកម្ម​ពីជំនាន់រដ្ឋាភិបាល​ចម្រុះ​តំាងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០៣ ហើយយើងពិចារណាទៅច្បាប់[ច្បាប់ស្តីពីគណបក្សនយោបាយថ្មី]ហ្នឹងវាយ៉ាងម៉េច ហើយ​គេជួយ​ផ្នែក​​មនុស្សធម៌ គេជួយផ្នែកកសិកម្ម​វាយ៉ាងម៉េច គេមិនដែលយកវិភាគទាន​ជាលុយ…មកជួយដល់​គណបក្សហ្វ៊ុនស៊ិនប៉ិចទេ ដែលយើងថា​ អរគុណដែលគេនៅតែជួយបន្តក្នុងន័យថា គណបក្សហ្វ៊ុនស៊ិនប៉ិច​នៅសភាលើកនេះ ជាគណបក្សមួយ​គេហៅថា គណបក្សភាគតិច​ មិនមែនគណបក្សប្រឆំាងទេ។ ដូច្នេះ អ្វីដែលរដ្ឋាភិបាលដែលគេធ្វើបានល្អ គេធ្វើបានច្រើន យើងជួយជំរុញ ហើយយើងមានការសសើរថា ចិនគេបន្តជួយរដ្ឋាភិបាលយើង។ ឃើញទេវាពីរដាច់ដោយឡែកពីគ្នា​»។

​ច្បាប់​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​​ក្រុម​សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​នេះ បាន​ហាម​ឃាត់​គណបក្ស​នយោបាយ មិន​​ឲ្យ​ទទួល​វិភាគទាន​ពី​បរទេស ទោះជា​រូបភាព​ណា​ក៏​ដោយ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​​រំលាយ​បក្ស​នយោបាយ​នោះ​ចោល។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាល​ពីឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​តាម​បណ្ដឹង​ពី​ក្រសួង​មហាផ្ទៃ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​មក ដោយ​យោង​តាម​វិសោធនកម្ម​ច្បាប់​នេះ។

វីអូឌី​បាន​ព្យាយាម​ស្វែងរក​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​​មហាផ្ទៃ លោក ខៀវ សុភ័គ ជុំ​វិញ​ជំហរ​របស់​ក្រសួង​ទៅ​លើ​គណបក្ស​រាជា​និយម​មួយ​នេះ ប៉ុន្តែ មិន​ទាក់​ទង​បាន​នោះ​ឡើយ។

ប្រ​ធាន​គណបក្ស​យុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែល​បាន​ចូល​រួម​ប្ដឹង​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នោះ មានប្រសាសន៍ថា គណបក្សរបស់លោកកំពុងពិនិត្យមើលព្រះរាជបន្ទួលរបស់​សម្តេចក្រុមព្រះ ដើម្បីរកភស្តុងបន្ថែម។ ករណីនេះ លោកស្នើទៅសួងមហាផ្ទៃឲ្យ​ជួយ​ស្រាវជ្រាវ ដើម្បីចាត់វិធានការស្របតា​ម​ច្បាប់​។

លោកប្រាប់​ថា៖ «ផលរបស់លោក កឹម សុខា ឃើញទេ មានការបាតុកម្ម… ប៉ុន្តែ យើងមើលសម្តេចក្រុមព្រះ យើងអត់​ទាន់ឃើញផលហ្នឹងទេ ប៉ុន្តែ យើងមិនបដិសេធយ៉ាងណានោះទេ ប៉ុន្តែ យើងនឹង​ពិនិត្យពិច័្ចយឲ្យល្អិតល្អន់ជានេះទៅទៀត​ អ្វីដែល​យើង​ចង់បាននោះ គឺចង់ឲ្យក្រសួងមហាផ្ទៃធ្វើការងារឲ្យមានតម្លាភាព​»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ដើម្បីកុំឲ្យអ្នកនយោបាយបកស្រាយការពារតែបក្សរបស់ខ្លួននោះ លោកថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ត្រូវធ្វើការស៊ើបអង្កេតលើគណបក្សនយោបាយទាំងអស់ឲ្យមានតម្លាភាព ជុំវិញប្រភពថវិកាដែលបក្សនោះទទួលបាន សម្រាប់ដំណើរការបក្សរបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ «វិធានការក្រសួងមហាផ្ទៃក៏ដោយ វិធានការរបស់ស្ថាប័នផ្សេងៗក៏ដោយ ខ្ញុំយល់ឃើញថា បើសិនជាអាចគួរណាធ្វើការស៊ើបអង្កេតទំាងគណបក្សទំាងអស់ មិនត្រឹមតែគណបក្សហ្វ៊ុន ស៊ិន ប៉ិចទេ គណបក្សណាក៏ដោយ ដែលគាត់ទទួលពីបរទេស ហើយគាត់មិនមានភាពច្បាស់លាស់នៅក្នុងការធ្វើឲ្យក្លាយទៅជាគណបក្សនយោបាយមួយ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យបាន គួរតែធ្វើការស៊ើបអង្កេត មិនត្រូវឲ្យ ចាប់ត្រីចង្វា ត្រីរ៉ស់ ត្រីធំៗអត់ចាប់នោះទេ វាធ្វើឲ្យប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាដើរថយក្រោយដូចសព្វថ្ងៃនេះ»។

កាលពីអំឡុងខែកញ្ញា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចោទ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ថា «បាន​ឃុប​ឃិត​ជាមួយ​បរទេស» ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ចោល ព្រម​ទាំងសម្រេច​ហាម​ឃាត់​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​​របស់​ក្រសួង​មហាផ្ទៃ​។

បន្ទាប់​ពី​ត្រូវ​បាន​រំលាយ​ចោល អាសនៈ​សភា​ទាំង ៥៥​របស់​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ដែល​មិន​មាន​អាសនៈ​នៅ​ក្នុង​សភា ក្នុង​នោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ៤១​អាសនៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ