លោក កឹម សុខា អំពាវនាវទៅបក្សកាន់អំណាចឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំ បានយកឱកាសថ្ងៃឆ្លងឆាំ្នសកល អំពាវនាវទៅបក្សកាន់អំណាចឲ្យធ្វើការបង្រួបបង្រួមជាតិ ដោយថា របត់នយោបាយបច្ចុប្បន្ន នឹងធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់​បង់កិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ។

ក្នុងឱកាសចូលឆាំ្នសកល ឆ្នាំ២០១៨ លោក កឹម សុខា លើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ កម្ពុជាប្រឈមនឹង ការបាត់បង់ជំនួយ ឱកាសទីផ្សារ និងកិច្ចសហការសេដ្ឋកិច្ចផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសបណ្ដាលប្រទេស លោកសេរី ដែលជាហត្ថលេខីនៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីស។  នេះបើតាមសារលិខិតរបស់លោក កឹម សុខា ក្នុងឱកាសឆ្នាំថ្មី២០១៨ ដែលអានដោយកូនស្រី កញ្ញា កឹម មនោវិទ្យា ដែលបានបង្ហោះតាមគេហទំព័ហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី១មករាឆ្នាំ២០១៨នេះ។

បើតាមសារលិខិត លោក កឹម សុខា មានប្រសាសន៍ថា ដើម្បីរក្សាអត្ថប្រយោជន៍ប្រទេសជាតិនោះ គឺមានតែការផ្សះផ្សាជាតិ ដើម្បីលើកស្ទួយប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។

សារលិខិតសរសេរបន្តថា៖ «ខ្ញុំយល់ឃើញថា ខ្មែរត្រូវតែរួមគ្នាដោះស្រាយ​បញ្ហាជាតិ បញ្ហាប្រជាពលរដ្ឋ និង បញ្ហានយោបាយ តាមរយៈការផ្សះផ្សាជាតិ  ដោយប្រកាន់យកនូវគោលការណ៍អហិង្សា ខ្មែរតែមួយមិនគុំគួន មិនសងសឹក មិនយកខ្មែរណាធ្វើជាសត្រូវ»

ទាក់ទងនឹងសារលិខិតនេះដែរ វីអូឌី នៅព្រឹកនេះ បានទាក់ទងទៅលោក ហែម សុជាតិ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ដើម្បីសុំការបញ្ជាក់បន្ថែមពីភាពត្រឹមត្រូវ និងសេចក្តីពិតនៃលិខិតនោះ។ លោក សុជាតិ ឲ្យដឹងថា លោកនៅមិនទាន់បានដឹងពីលិខិតនោះនៅឡើយទេដោយសារតាំងពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧មក ក្រុមមេធាវី អត់ទាន់បានទៅជួបកូនក្ដីនោះទេ ប៉ុន្តែលោកថា លោក កឹម សុខា អាចផ្ញើសារលិខិតនេះ តាមរយៈក្រុមគ្រួសាររបស់គាត់។

លោកថា៖ «ពាក់ព័ន្ធនឹងសារលិខិត គឺ​ក្រុមមេធាវីអត់បានដឹង! ប្រហែលជាអាចតាមរយៈគ្រួសារគាត់មើលទៅ ពីព្រោះគ្រួសារពីថ្ងៃទី២២ [ធ្នូ២០១៧] មកដល់ថ្ងៃហ្នឹង! គាត់ឧស្សាហ៍ទៅជួបឯកឧត្ដម កឹម សុខា។ ប៉ុន្តែ តាមរយៈមេធាវី គឺយើងអត់បានទទួលព័ត៌មានអីពីឯកឧត្ដម កឹម សុខាទេ!»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក កឹម សុខា ថា មិនបានផលប្រយោជន៍អ្វីនោះទេ ដោយសារលោក កឹម សុខា ជាអ្នកទោស។

លោកថា៖ «​យន្តនាការរបស់គាត់ចង់ឲ្យមានការសម្របសម្រួលនយោបាយ ដើម្បីដោះលែងគាត់ឲ្យរួចពិរុទ្ធភាព ក៏ដូចជា គណបក្សប្រឆាំងនឹងដែលមានឧបាយកល ចង់ត្រឡប់មកធ្វើសកម្មភាពនយោបាយវិញ។ ខ្ញុំយល់ថា បញ្ហាទាំងអស់ដែលលើកឡើងនេះ មិនអាចទទួលលទ្ធផល បានតាមបំណងរបស់គាត់ទេ។ ឥឡូវនេះ រាជរដ្ឋាភិបាល ក៏ដូចជាតុលាការកំពុងដំណើរការនីតិវិធីស្របទៅតាមអំពើល្មើសច្បាប់ ដែលឃុបឃិតជាមួយបរទេស…»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី សម្ដែងការគាំទ្រ ចំពោះសារលិខិតនោះ ដោយលោកថា អ្នកនយោបាយគួរតែឈប់ឈ្លោះគ្នា ហើយងាកមកធ្វើការចចារគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ។

លោកថា៖ «បើសិនជាខ្មែរនាំគ្នាធ្វើដោយសារតែគេបង្ខំឲ្យធ្វើ ឬក៏រួបរួមគ្នាដោយសារគេបង្ខំឲ្យរួបរួម​ ដូចក្នុងពេលនេះ ខ្ញុំគិតថា ការរួបរួមគ្នារបស់យើងក៏អត់បានយូរ ព្រោះយើងជាប់ក្នុង គេហៅថាខ្សែស្រឡាយមួយគឺខ្សែស្រឡាយឈ្លោះ គ្នាមិនចេះចប់ក្នុងចំណោមគ្នាឯង។ ខ្ញុំនៅតែចង់ឃើញសមត្ថភាពរបស់អ្នកដឹកនាំខ្មែរណាមួយក្នុងពេលនេះ ហើយពេលអនាគត​ ដើម្បីរកឲ្យឃើញនូវឯកភាពជាតិហើយនាំខ្មែរទាំងអស់គ្រប់ភាគី គ្រប់និន្នាការឲ្យចូលរួមឲ្យកើតជាខ្មែរតែមួយកុំឲ្យវាមានការទាស់ទែងគ្នា…»។

ទោះជាយ៉ាណា នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១មករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជូនពរឆ្នាំសកល បានលើកឡើងថា «នឹងរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមអោយបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន»

ក្រោយពីមានការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ ប្រទេសរួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានប្រកាសថ្កោលទោស និងព្រមានពីការដើរវិលថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សហគមន៍អន្តរជាតិ ក៏បានអំពាវនាវឲ្យអ្នកនយោបាយកម្ពុជា ស្តារស្ថានការណ៍នយោបាយឲ្យវិលទៅរក​ស្ថានភាពដើមវិញ ដើម្បីធានាដល់​លំហូរប្រជាធិបតេយ្យ និងការបោះឆ្នោ​តឆ្នាំ២០១៨នេះ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ