ក្រសួងមហាផ្ទៃគ្មានគម្រោងប្ដឹងរំលាយបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចអតីតបក្សសង្គ្រោះជាតិ

សម្តេចក្រុមព្រះ ក្រោយបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងគ្មានគម្រោងប្ដឹងរំលាយគណបក្ស​ហ៊្វុនស៊ិនប៉ិចទេ ដោយថា គណបក្សនេះមិនទាន់បានទទួលជំនួយប្រទេសចិននោះទេ បើទោះបីជាប្រធានបក្សនេះបាន​ប្រកាសស្នើសុំជំនួយពីចិន ដើម្បីយកមកពង្រឹងបក្សនេះក៏ដោយ។

​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​មាន​បន្ទូល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ថា ទ្រង់​បាន​ដាក់​សំណើ​ទៅ​កាន់​​លោក វ៉ាង វ៉ៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​មក​ពី​ប្រទេស​ចិន ឲ្យ​ជួយ​ដល់​គណបក្ស​រាជា​និយម​មួយ​នេះ ដោយ​ទ្រង់​អះ​អាង​ថា គណបក្ស​មួយ​នេះ​ជា​បក្ស​ធំ​លំដាប់​ទី២ និង​ក្រី​ក្រ​ជាង​គេ។

សម្ដេច​ក្រុម​ព្រះ​បាន​អះ​អាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានក្រោយ​ជំនួប​ជាមួយ​លោក វ៉ៃគួង​​ ថា មន្ត្រី​ចិន​រូប​នេះ​បាន​សន្យា​នាំ​យក​សំណើ​របស់​ទ្រង់​ ទៅ​ប្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

ព្រះអង្គមានបន្ទួល​ថា៖ «ខ្ញុំបានស្នើខាងប្រទេសចិន ដែលបានជួយដល់យើងខ្ញុំហើយ ការពិតយើងខ្ញុំក្លាយទៅជា​គណបក្សទីពីរមែន ក៏ប៉ុន្តែ​ ក្រជាងគេតែម្តង វាគ្មានអ្វីសោះ ម្ល៉ោះហើយ​ចិន…គាត់ថា នឹង​រាយការណ៍ជូន​ឯកឧត្តម ស៊ី ជីនពីង​ ហើយគាត់នឹង​បន្ត[ផ្ដល់]នូវជំនួយដែល​​គាត់ធ្លាប់បានផ្តល់​ឲ្យមក​​ហ្វ៊ុនស៊ិនប៉ិច​តទៅទៀត​​»។

ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​មក គណបក្ស​រាជា​និយម​មួយ​នេះ បាន​បដិសេធ​ថា មិន​បាន​ទទួល​ជំនួយ​ពី​ចិន​នោះ​ឡើយ ហើយ​ថា អ្វី​ដែល​សម្ដេច​ក្រុម​ព្រះ​បាន​លើក​ឡើង​នោះ សំដៅ​ដល់​ជំនួយ​ដែល​ចិន​បាន​ផ្ដល់​មក​កម្ពុជា​នៅ​ក្រោម​រដ្ឋាភិបាល​ចម្រុះ​ក្នុង​ទសវត្សរ៍​១៩៩០ ដែល​បក្ស​នេះ​ថា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

ទោះជាយ៉ាងណា ក្នុង​កិច្ច​សម្ភាស​ជាមួយក្រុម​អ្នក​​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សម្ដេច​ក្រុម​ព្រះ​បាន​ទទួល​ស្គាល់​ថា ទ្រង់​ពិត​ជា​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន ក្នុង​នាម​ទ្រង់​ជា​មេដឹកនាំ​គណបក្ស​មួយ​ដែល​ទ្រង់​ហៅ​ថា ជា​បក្ស​ក្រ​ជាង​គេ។

សម្ដេច​ក្រុម​ព្រះ​មាន​បន្ទូល​ថា​៖ «ខ្ញុំអត់មានថាម៉េចទេ ជា​កាត​ព្វ​របស់ខ្ញុំ ក្នុងឋា​នៈ​ជា​ប្រធាន​នៃ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែល​សុំ​គេ ហើយ​គណបក្ស​ខ្ញុំ​ក្រ​ជាងគេ​ទាំងអស់​។ ឥឡូវ​លេខ ​២​មែន ប៉ុន្តែអស់​លោកអ្នកកាសែត​ជ្រាប​ស្រាប់​ហើយ ក្រ​ណាស់ មិនដែលចេះ​មាន​អ្វី​ទេ​។​ ​ទី​២ ស្រេច​តែ​ចិន​ដែល​ខ្ញុំ​សុំ​នេះ​សុំជា​ឋានៈ​របស់ខ្ញុំ​​ជា​ប្រធាន​នៃគណបក្សរាជានិយម​ហ្វ៊ុនស៊ិនប៉ិចដែលក្រជាងគេនេះ ក៏ប៉ុន្តែ​ស្រេច​តែ​ចិន គេ​ឲ្យ​ ឬ​មិន​ឲ្យ»។

បើ​ទោះជា​មេដឹកនាំ​បក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​បែប​នេះ​ក៏​ដោយ ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងមហាផ្ទៃគ្មានគម្រោងស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ប្ដឹងរំលាយគណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះទេ ដោយ​លោក​ថា​ ដោយសារ​តែ​បក្សនេះ មិនទាន់ទទួលបានជំនួយពីប្រទេសចិននៅឡើយ។ លោកបន្តថា  ប្រសិនបើជំនួយផ្ដល់មកដើម្បីជួយជាតិ លោកចាត់ទុកថា ជារឿងធម្មតា។

លោកថា៖ «រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ​យើងមិនទាន់មានវិធានការអីស៊ើបអង្កេតនោះទេ។ អាហ្នឹង ឧទាហរណ៍ ការប្រព្រឹត្តិបទល្មើសមែន…ឥឡូវបានទទួលជំនួយហើយ ឬនៅទេ ទៅស៊ើបអង្កេតម៉េច បើមិនទាន់បានទទួលផង ទាល់តែទទួលមកហើយ ហើយទទួលមកធ្វើអ្វីខ្លះ! អាហ្នឹងបានយើងធ្វើការស៊ើបអង្កេត ហើយជំនួយនោះ យកមកដើម្បីបំផ្លាញជាតិ ឬមួយដើម្បីបម្រើជាតិ។ បើជំនួយនោះ យកមកដើម្បី​បម្រើជាតិ! អាហ្នឹងជារឿងធម្មតា ប៉ុន្តែ បើយកមកបំផ្លាញជាតិ ឧទាហរណ៍យកមកដើម្បីផ្ដួលរំលំរដ្ឋាភិបាល​ស្របច្បាប់ ឬ​រដ្ឋអំណាចស្របច្បាប់ដូច កឹម សុខា ធ្លាប់ធ្វើ អាហ្នឹងបានយើងមានវិធានការ»។

នៅពេល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ក្រសួង​នឹង​ធ្វើការ​ស៊ើប​អង្កេត​ឬ​ទេ បន្ទាប់​ពី​សម្ដេច​ក្រុម​ព្រះ​មាន​បន្ទូល​ថា ចិន​បាន​ជួយ​ដល់គណបក្ស​ហ៊្វុនស៊ិនប៉ិច​យូរហើយ និងបន្ត​ជួយ​ជា​បន្ត​ទៀត​នោះ ប៉ុន្តែ លោក ខៀវ សុភ័គ ​បដិសេធ​ថា ក្រសួងនឹង​មិនធ្វើការស៊ើបអង្កេតទេ ​ដោយសារ រឿងនោះយូរហើយ។

លោក ខៀវ សុភ័គ ប្រាប់​ថា​៖«អាហ្នឹងៗអាជួយរហូតហ្នឹង ជួយតាំងពីជំនាន់ណាមកយើងមិនដឹង…បានអីយើងធ្វើការស៊ើប អង្កេត អត់ទាន់ដឹង អត់មានបានមកឃើញអីបា្រកដផងហ្នឹង»។

ច្បាប់​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​​ក្រុម​សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក បាន​ហាម​ឃាត់​គណបក្ស​នយោបាយ មិន​​ឲ្យ​ទទួល​វិភាគទាន​ពី​បរទេស ទោះជា​រូបភាព​ណា​ក៏​ដោយ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​​រំលាយ​បក្ស​នយោបាយ​នោះ​ចោល។

តាម​រយៈ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាល​ពីឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​តាម​បណ្ដឹង​ពី​ក្រសួង​មហាផ្ទៃ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​មក។

អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន អះអាងថា ករណីច្បាប់ចែងដូចនេះ លោក​ថា ក្រសួងមហាផ្ទៃ​មានកាតព្វកិច្ច​ធ្វើការស៊ើបអង្កេត ដើម្បីបង្ហាញនូវ​តម្លាភាពនៃ​ការអនុវត្តច្បាប់ដោយមិនរើសអើង​គណបក្ស​នយោបាយ។

លោកថា៖ «បើធ្វើអញ្ចឹង មានន័យថា លម្អៀង ហើយច្បាប់នឹងមិនអាចអនុវត្តបានទេ ទាល់តែ​មានអ្នកក្លាហានប្ដឹងបានអាចអនុវត្តកើត ហើយមន្ត្រីអនុវត្តច្បាប់លែងជាមន្ត្រីអនុវត្តច្បាប់ ទៅជាមន្ត្រីចាំទទួលបណ្ដឹងវិញហើយ»។

កាលពីអំឡុងខែកញ្ញាឆ្នាំ​មុន គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ស្នើ​សុំឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចោទ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ថា «បាន​ឃុប​ឃិត​ជាមួយ​បរទេស» ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ