ពលរដ្ឋបុរីកីឡាធ្វើពិធីរំឭកខួប៦ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ

ពលរដ្ឋសហគមន៍បុរីកីឡានៅរសៀលថ្ងៃទី៣ធ្នូនេះ នឹងធ្វើពិធីរំលឹកខួប៦ឆ្នាំ នៃការបណ្តេញចេញទាំងបង្ខំ ស្របពេលពលរដ្ឋមួយចំនួនដែលមិនទាន់ទទួលបានសំណង ខណៈឱសានវាទលើកទី២ឲ្យទទួលយកសំណងផុតកំណត់ក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ​ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ និងអាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រឈួសឆាយផ្ទះពលរដ្ឋរាប់រយគ្រួសារនៅសហគមន៍បុរីកីឡាទាំងបង្ខំ ដោយពេលនោះ បណ្តាលឲ្យពលរដ្ឋខ្លះរងរបួស បាត់បង់ទ្រព្យសម្បត្តិ និងខ្លះព្រមទទួលសំណងទាំងបង្ខំទៅរស់នៅជាយក្រុង ឯខ្លះទៀតតវ៉ាដោយនាំគ្នាចងតង់ដេកលើគំនរសំរាមក្នុងសហគមន៍ដល់បច្ចុប្បន្ន។

តំណាងពលរដ្ឋម្នាក់អ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់ដែលនៅសេសសល់រួមជាមួយពលរដ្ឋរងផលប៉ះពាល់ដីធ្លី នៅសហគមន៍ផ្សេងទៀត ប្រមាណ​៥០នាក់ រៀបចំពិធីរំឭកខួបនៅរសៀលនេះ។​

អ្នកស្រីបន្តថា ក្នុងវិធីនោះ សហគមន៍នឹងធ្វើពិធីសូត្រមន្តតាមបែបសាសនាដោយមានព្រះសង្ឃ៤អង្គ និងមានពិធីបន់ស្រន់សុំ សេចក្តីសុខ និងសុំឲ្យឆាប់មានដំណោះស្រាយសម្រាប់ពលរដ្ឋដែលនៅសេសសល់ផងដែរ ប៉ុន្តែថា មិនមានការលើបដាឡើយ ដោយសារបារម្ភខ្លាចអាជ្ញាធររំខាន។

សាលារាជធានីភ្នំបានកំណត់ថ្ងៃឱសានវាទជាលើកទី២ ត្រឹមថ្ងៃទី៥ខែមករា តម្រូវឲ្យពលរដ្ឋនៅទីនោះទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ ប៉ុន្តែប្រជាសហគមន៍នៅតែបញ្ជាក់ជំហរថា មិនព្រមទទួលទេដោយថា សំណងតិចតួចពេក។​

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រូសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ៣៨០គ្រូសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ