លោក ហ៊ុន សែន ព្រមានដកអភិបាលខណ្ឌ១រូប​ បើមិនរៀប​ចំ​ចរាចរណ៍ឲ្យ​ល្អ​នៅក្បែរផ្ទះលោក​​

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអភិបាលខណ្ឌដូនពេញ ដោយលោក​ថា បើនៅតែមិនព្រមរៀបចំចរាចរណ៍ឲ្យមានសណ្តាប់ធ្នាប់នៅម្តុំវិមានឯករាជ្យក្បែរផ្ទះរបស់លោក ឲ្យមានរបៀបរៀបរយល្អទេនោះ។​​

ថ្លែងក្នុង​ពិធីជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី៣ ខែមករានេះ លោក ហ៊ុន សែន បានថ្លែងព្រមាន​ដកដំណែងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដោយថាបើមិនរៀបចំចរាចរណ៍​នៅម្តុំវិមាន​ឯករាជ្យ​ឲ្យបាន​ល្អ ដើម្បីងាយស្រួល​ឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ​​ជាដើម។

 

អភិបាលខ័ណ្ឌដូនពេញ លោក សុខ ពេញវុធ បានអះអាងថា ក្រុមការងារ​លោកបានសហការជាមួយមន្ទីរ​សាធារណៈ​​ការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ​ ដើម្បីរៀប​ចំសណ្តាប់ធ្នាប់នៅក្នុងទូទំាងខ័ណ្ឌដូនពេញ​ ជាពិសេស​ក្បែរផ្ទះ​លោក ហ៊ុន សែន ដោយថាដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកអះអាងថា «យើងបានពិភាក្សាគ្នាជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ​ ដើម្បីបំពាក់ផ្លាកសញ្ញាចរាចរណ៍​ផ្លាកសញ្ញាបង្ហាញទិស បន្ទាប់មក​យើងគូសគំនូសចរាចរណ៍ឲ្យបានស្អាត ឲ្យបានច្បាស់ ដើម្បីឲ្យបងប្អូនប្រជាពល​រដ្ឋលោកមើលគំនូស​ ហើយលោកគោរពទៅតាម​ច្បាប់ ដូចមន្ត្រីចរាចរណ៍ដែលបញ្ជាទិសនៅតាមគោលដៅ​ចរាចរណ៍​នានា គោលបំណងសំខាន់គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​ទំាងអស់គោរពច្បាប់ចរាចរណ៍ ទីពីរ​​​​រឿង​ដែល​សំខាន់បំផុត​នោះគឺទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមួយថ្ងៃៗកើនឡើង​»។

លោក សុខ ពេញវុធ ជាអតីតអភិបាលរងខណ្ឌដូនពេញ ហើយបន្ទាប់មកនៅខែធ្នូឆ្នាំ២០១៦ ត្រូវបានតែងតាំងជា អភិបាលខណ្ឌជំនួស លោក គួច ចំរើន។​

របាយការណ៍សាលារាជធានីភ្នំពេញឲ្យដឹងថា នៅភ្នំពេញ ចំនួន​រថយន្តនិងម៉ូតូ មានប្រមាណជាង ៣,២លាន​គ្រឿង បូក​រួម​ជាមួយតាក់ស៊ី និង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេលបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ បានក្លាយជា​ បញ្ហា​ពិបាក​ដោះ​ស្រាយ​។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា រដ្ឋាភិបាលបញ្ជាឲ្យមន្ត្រីក្រោម​ឱវាទ​ទំាង​អស់​ធ្វើការកែសម្រួលចរាចរណ៍នៅម្តុំវិមានឯករាជ្យមានភាពលម្អៀង ដោយថាគួរតែបញ្ជាឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ កែ​​សម្រួលចរាចរណ៍នៅទូទំាងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់កកស្ទះ ទើបទទួលបានការគំាទ្រពីពលរដ្ឋ​។

 

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វីអូឌី​កាលពីថ្ងៃទី២ ខែមករានេះថា តួលេខ​អ្នក​ស្លាប់​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង៦៣​នាក់ ខណៈ      ​តួ​លេខ​​​អ្ន​ក​រង​របួស​បាន​ថយ​ចុះ ១០៦៨​នាក់ បើប្រៀប​ធៀប​នឹង​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ប្រឈម​មុខ​ជាមួយ​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​បែប​នេះ ក្រសួងមហាផ្ទៃ​ កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​មក បាន​ដាក់​បញ្ជា​ឲ្យ​​ជំរុញ​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ថា ដើម្បី​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត រង​របួស និង​ការ​ខូច​  ខា​ត​​ទ្រព្យ​សម្បត្តិ។

ក្នុងបទបញ្ជាផ្ទៃក្នុងនោះ ក្រសួងមហាផ្ទៃបានបញ្ជាទៅ​​មន្រ្តីរាជការ​ក្រោមឱវាទទាំងអស់ ត្រូវធ្វើជាគំរូក្នុង​ការ​គោរព​ប្រតិ​បត្តិ​ច្បា​​ប់ស្ដីពី​ចរាចរណ៍ផ្លូវគោកតាមរយៈការអនុវត្តឲ្យបាននូវប្រការដែលដាក់ចេញចំនួន ១២ ដូចជា ការ​ពាក់​​មួក​​សុវត្ថិភាព​ជា​និច្ច​ទាំង​​អ្នកបើក និងអ្នករួមដំណើរតាមម៉ូតូ និង​ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចទាំង​អ្នក​បើកបរ និង​អ្នករួមដំណើរ​ខាងមុខ​តាម​រយៈ​រថយន្តជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ