ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមអបអរសាទរចំពោះថ្ងៃ៧មករា បើទោះបីជាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចោទអាមេរិកថា ស្ថិតនៅពីក្រោយនៃភ្លើងសង្គ្រាមស៊ីវិល និងការឈានទៅរករបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាក៏ដោយ។
ស្របពេលកម្ពុជាប្រារព្ធខួបទី ៣៩ នៃថ្ងៃជ័យជម្នះ ៧ មករា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយថា អាមេរិកចង់ចាំជីវិតមនុស្ស ២លាននាក់ បានបាត់បង់អំឡុងសម័យខ្មែរក្រហម ហើយមនុស្សរាប់លាននាក់ទៀត បានទទួលរងភាពឈឺចាប់។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ស្ថានទូតអាមេរិក បានលើកឡើងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបខ្មែរក្រហមដ៏ឃោឃៅ ហើយប្រទេសកម្ពុជាបានចាប់ផ្ដើមដំណើររបស់ខ្លួន ឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង និងពោរពេញដោយក្ដីសង្ឃឹម។
ស្ថានទូតអាមេរិកបានសរសេរថា៖ «យើងក៏អបអរសាទរចំពោះភាពប៉ិនប្រសព្វ ភាពក្លាហាន និងភាពអត់ធ្មត់ ដែលប្រជាជនកម្ពុជាបានងើបចេញពីសម័យខ្មៅងងឹត កសាងប្រទេសរបស់ពួកគេឡើងវិញ និងឆ្ពោះទៅរកដំណើការផ្សះផ្សាជាតិ»។
ប៉ុន្តែ នៅក្នុងពិធីរំឭកខួប ៣៩ឆ្នាំនៃថ្ងៃ ៧ មករា កាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ទោសទៅលើអាមេរិកថា បានបង្កឲ្យមានសង្គ្រាមស៊ីវិលនៅកម្ពុជា និងឈានទៅរកការកាប់សម្លាប់ប្រជាជនកម្ពុជា បន្ទាប់ពីពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅចន្លោះឆ្នាំ១៩៧៥ ដល់ពួកគេត្រូវបានផ្ដួលរំលំទៅវិញនៅដើមឆ្នាំ១៩៧៩។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្ដរាយរបស់ជាតិ ដែលបណ្ដាលមកពីភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ នល់ នៅថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកឃាតក ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានធ្វើឲ្យកម្ពុជា បន្ទាប់ពីត្រូវបំផ្លាញដោយសង្គ្រាមរួចហើយនោះ បានក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន»។
មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend C. Zwartjes បានប្រាប់វីអូឌីតាមរយៈសារអេឡិចត្រូនិចថា លោកមិនមានអ្វីថ្មីសម្រាប់ជាការឆ្លើយតបនោះទេ ដោយថា ស្ថានទូតអាមេរិកបានបញ្ជាក់រួចហើយ កាលពីពេលកន្លងទៅ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែកញ្ញាឆ្នាំមុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានសម្ដែងការសោកស្ដាយ ដែលកម្ពុជាទទួលរងផលប៉ះពាល់នៃសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ លោកថា អាមេរិក បានផ្ដល់ប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក ដើម្បីកម្ចាត់មីន ដែលសេសសល់ពីសង្គ្រាមនៅកម្ពុជា ដោយថា ក្នុងនោះ អាមេរិក ក៏បានជួយដោះមីន ដែលទម្លាក់ដោយប្រទេសចិន អតីតសហភាពសូវៀត និងវៀតណាមផងដែរ។
ទំនាក់ទំនងកម្ពុជា-អាមេរិក ស្ថិតក្នុងភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៧កន្លងមកនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅពីក្រោយអតីតគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាល ដូចកាលពីសម័យសាធារណៈរដ្ឋ លន់ នល់។ ប៉ុន្ដែ អាមេរិកបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងប្រាស់ចាកពីការពិតទាំងស្រុង៕