កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជិត២ពាន់នាក់ក្នុងឆ្នាំ២០១៧

ជនបរទេសខុសច្បាប់នៅកម្ពុជា (ប្រភព៖ នគរបាលជាតិ)

មន្ត្រី​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ជន​បរទេស​ជិត ២​ពាន់​នាក់ ក្នុង​ចំណោម ៤៧​សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី​ នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក អ៊ុក ហៃសិលា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ជន​បរទេស​ដល់​ទៅ ១ ៨៨៥​នាក់ ក្នុង​ចំណោម ៤៧​សញ្ជាតិ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា​ នៅ​ក្នុង​ចំណោម ៣៩២​ករណី កាល​ពី​ឆ្នាំ​មុន។ លោក​ឲ្យ​បន្ថែម​ថា ភាគ​ច្រើន​នៃ​ជន​បរទេស​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​នោះ គឺ​ជា​ជន​ជាតិ​វៀតណាម។

មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​រូប​នេះ បញ្ជាក់​ថា ជន​បរទេស​ទាំង​នោះ ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ បន្ទាប់​ពី​ពួកគេ​បាន​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។

កាលពីថ្ងៃទី៩ ខែ​មករា អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បាន​អះអាងថា សមត្ថកិច្ច​កម្ពុជាសម្រេច​ដក​ហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ជនបរទេសបាន​ជាង ១០​ភាគរយ​ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​លើស​លុប ជា​ជន​អន្តោប្រវេសន៍​វៀតណាម គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក។

លោក សុខ ផល បញ្ជាក់ថា ជនជាតិវៀតណាមចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត ខណៈ​ដែល​ជន​ជាតិ​វៀតណាម ១៤ ​២៤៦​នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ