មេដឹកនាំកម្ពុជា អះអាងថា ទំហំពាណិជ្ជទ្វេភាគីកម្ពុជា-ថៃមួយឆ្នាំកន្លងមកនេះ បានកើនដល់ទៅ ៥ពាន់ ៥០០លានដុល្លារ ជាមួយកំណើនជាង ១០ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៦កន្លងមក។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ថា លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅក្រៅវេទិកាថ្នាក់តំបន់ «មេគង្គ-ឡានឆាង» នៅរាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំថៃ លោក ហ៊ុន សែន អះអាងថា ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកាលពីឆ្នាំ២០១៧ មានតម្លៃ ៥ពាន់ ៥០០លានដុល្លារ (៥,៥ពាន់លានដុល្លារ) កើនឡើង ១០% បើធៀបទៅនឹងឆ្នាំ២០១៦។
ជំនួបទ្វេភាគីកម្ពុជា-ថៃនេះ ធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីថៃ មកចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង។ កិច្ចប្រជុំនេះ មានប្រទេស ៥ចូលរួម ក្នុងនោះមានមហាអំណាចចិន ប្រទេសថៃ ភូមា ឡាវ វៀតណាម ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕