រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស ដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈក្រុមតាមដានយល់ថា អាចប៉ះពាល់សិទ្ធិសេរីភាពក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។
យោងតាមសេចក្ដីសម្រេចមួយ ចេញផ្សាយក្នុងសៀវភៅរាជកិច្ច ដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីដើមខែធ្នូឆ្នាំមុន បានឲ្យដឹងថា គណៈកម្មាធិការអន្ដរក្រសួងនេះ មានសមាសសភាពមន្ដ្រីចំនួន ៣៣រូប ក្នុងនោះ មានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធិ ជាសហប្រធាន។
ចំណែករដ្ឋលេខាធិការក្រសួងយុត្ដិធម៌ លោក កើត រិទ្ធិ និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ វិជិត្ត ត្រូវបានចាត់តាំងឲ្យធ្វើជាអនុប្រធាន និងមានមន្ដ្រី ២០រូបទៀត មកពីស្ថាប័នផ្សេងៗ។
បើតាមសេចក្ដីសម្រេច គណៈកម្មាធិការនេះ មានតួនាទីគ្រប់គ្រង និងធានាការអនុវត្តច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចំពោះអង្គការបរទេសណា ដែលរំលោភច្បាប់ និងបំពានអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ ក៏បានបែងចែកតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗផងដែរ ដោយក្រសួងសេដ្ឋកិច្ច មានភារកិច្ចពិនិត្យ និងតាមដានកាតព្វកិច្ចបង់ពន្ធ ចំណែកធនាគារជាតិកម្ពុជា នឹងតាមដានប្រតិបត្តិការហិរញ្ញវត្ថុរបស់ស្ថាប័នបរទេស។
VOD បានទាក់ទងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ជូ វិជិត្ត ប៉ុន្ដែជំនួយការរបស់លោកប្រាប់ថា លោកកំពុងជាប់ប្រជុំ។
ដោយឡែករដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម បានឲ្យភ្នំពេញ ប៉ុស្ដិ៍ ដឹងកាលពីម្សិលមិញថា លោកបានបង្កើតអនុគណៈកម្មាធិការមួយ ជាមួយក្រសួងការបរទេស ដើម្បីត្រួតពិនិត្យថា តើក្រុមអង្គការក្រៅរដ្ឋាភិបាលណាខ្លះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងថាតើអង្គការទាំងនោះ មកពីប្រទេសណាខ្លះ។
កាសែតភ្នំពេញ ប៉ុស្ដិ៍ បានដកស្រង់សម្ដីលោក ប៉ុល លឹម ចុះផ្សាយថា៖ «យើងមិនទាន់បានជួបប្រជុំនៅឡើយទេ។ យើងបានបង្កើតអនុគណៈកម្មាធិការធ្វើការជាមួយក្រសួងការបរទេស ដើម្បីពិនិត្យថា តើអង្គការក្រៅរដ្ឋាភិបាលណាខ្លះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងពិនិត្យថា តើមានអង្គការក្រៅរដ្ឋាភិបាលប៉ុន្មាន និងមានមកពីប្រទេសណាខ្លះ?»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា យល់ថា ការបង្កើតគណៈកម្មាធិការថ្មីនេះ គឺជាការគំរាមកំហែងមួយទៀតលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការជំរុញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោកយល់ថា ក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស គួរត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពដោយសេរី និងគ្មានការរឹតត្បិត។
លោកថា៖ «អញ្ចឹង វាមានការប៉ះពាល់សម្រាប់អ្នកធ្វើក្នុងកិច្ចការងារសង្គម ពិសេសសង្គមស៊ីវិល ដែលផ្តោតទៅលើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ យើងយល់ថា ការត្រួតពិនិត្យមួយនេះ ដែលធ្វើឲ្យអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការរបស់ខ្លួន មានការព្រួយបារម្ភចំពោះវិធានការបែបនេះ ពីព្រោះនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ជាទូទៅ អង្គការសង្គមស៊ិវិលមានសិទ្ធិពេញលេញ ក្នុងការបំពេញនូវតួនាទីរបស់ខ្លួនតាមទស្សនៈវិស័យដោយស្របទៅតាមច្បាប់រួចទៅហើយ»។
នាយិការអង្គការសីលកា លោកស្រី ធីតា ឃឹះ បង្ហាញការព្រួយបារម្ភថា នេះជាការវិវឌ្ឍថ្មីមួយ នឹងធ្វើឲ្យបះពាល់ដល់សិទ្ធិសេរីភាព ទាំងអង្គការសង្គមស៊ីវិលបរទេស និងសង្គមស៊ីវិលក្នុងស្រុកផងដែរ។
លោកស្រីថា៖ «ខ្ញុំថា ជារឿងមួយ ដែលយើងព្រួយបារម្ភ នៅពេលដែលយើងអត់មានតម្លាភាព ក្នុងចាត់ចែងធ្វើការងារអស់ទាំងហ្នឹង។ អញ្ចឹងនៅពេលហ្នឹង ទាល់តែយើងពិនិត្យទៅមើលពីនីតិវិធីលម្អិត ដែលគេរៀបចំធ្វើបានយើងដឹង។ ពីព្រោះ ទោះបីមិនមែនជាអង្គការក្នុងស្រុកក៏ដោយ បើសិនជាអង្គការអន្ដរជាតិ ក៏ធ្វើឲ្យប៉ះពាល់អង្គការក្នុងស្រុកដែរ អានេះ បើតាមយោបល់ខ្ញុំ»។
ក្នុងឆ្នាំ២០១៧កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលជាអង្គការអាមេរិក ធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ បិទកាសែតភាសាអង់គ្លេស The Cambodia Daily និងការបង្ខំចិត្តផ្អាកដំណើរការរបស់វិទ្យុអាស៊ីសេរី ដោយចោទថា ខកខានកាតព្វកិច្ចបង់ពន្ធ និងមិនបានចុះបញ្ជីត្រឹមត្រូវ៕