លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា នឹងបន្តកាន់តំណែងរយៈពេលពីរអាណត្តិខាងមុខទៀត ដោយលោកថា ចង់ដឹកនាំប្រទេស និងអមដំណើរជាមួយប្រជាពលរដ្ឋ ដើម្បីនាំប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនបានចែងកំណត់អាណត្តិ និងតំណែងរបស់នាយករដ្ឋមន្ត្រីនោះទេ។
លោកបានថ្លែងបញ្ជាក់ជាថ្មីទៀតថា លោកនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីពីរអាណត្តិទៀតរហូតដល់ឆ្នាំ២០២៨ ពោលមានរយៈពេល១០ឆ្នាំទៀត
កាលពីដើមខែកញ្ញាឆ្នាំមុន លោក ហ៊ុន សែន បានថ្លែងដូចនេះម្តងមកហើយ ដោយថា លោកនៅតែបន្តកាន់តំណែងពីរអាណត្តិទៀត។
លោក ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា លោកប្តេជ្ញាបន្តដឹកនាំប្រទេសកម្ពុជាពីរអាណត្តិទៀត ដោយលោកថា ចង់ដឹកនាំប្រទេស និងអមដំណើរប្រជាពលរដ្ឋចូលទៅកៀកឆ្នាំដែលប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលខាងមុខនេះ។
លោកថ្លែងថា៖ «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម ១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់អមដំណើរជាមួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រោះបើគិតទៅតាមអាណត្តិនៃសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ អញ្ចឹងវាកៀកទៅនឹងពេលវេលាមួយ ដែលប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»។
លើសពីនេះទៀត លោក ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពថា លោកបានដឹកនាំប្រទេសកម្ពុជាចេញពីសំណល់នៃភ្លើងសង្គ្រាម ពោលគឺពីប្រទេសដែលក្រីក្រី ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ដោយថា ប្រជាពលរដ្ឋកម្ពុជាទាំងមូល កំពុងមានស្ថានភាពជីវភាពល្អប្រសើរ។
ប៉ុន្តែ លោក ហ៊ុន សែន ត្រូវបានការសែតអាមេរិក វ៉ាស៊ីងតោន ប៉ុស្តិ៍ ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀត ដែលមិនព្រមចាកចេញពីតំណែង បើទោះជាមានបាតុកម្មទាមទារឲ្យលាលែង ឬចាញ់ឆ្នោតក៏ដោយ។ កាសែតអាមេរិកមួយនេះ ក៏បានបរិយាយដែរថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន មានទាំងជោគជ័យ ភាពរីកចម្រើន ការភ័យខ្លាច និទណ្ឌភាព បកក្ខពួក-គ្រួសារនិយម និងពុករលួយ។
លោក ហ៊ុន សែន ដែលបច្ចុប្បន្នអាយុ ៦៥ឆ្នាំ បានគ្រប់គ្រងកម្ពុជារយៈពេល ៣៣ហើយ បន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៥។
អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីចុងខែឧសភាឆ្នាំមុនថា លោក ហ៊ុន សែន បាន និងកំពុងប្រើប្រាស់ប្រព័ន្ធយុត្តិធម៌កម្ចាត់ក្រុមអ្នករិះគន់លោក។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយក្នុងរបាយការណ៍របស់ខ្លួនកាលពីខែមករាឆ្នាំ២០១៥ថា នៅអំឡុងពេលកាន់អំណាចរយៈពេលជាង ៣ទសវត្សរ៍មកនេះ លោក ហ៊ុន សែន បានប្រើប្រាស់ម្ដងហើយម្ដងទៀតនូវអំពើហិង្សានយោបាយ ការបង្ក្រាប និងអំពើពុករលួយ ដើម្បីរក្សាអំណាច៕