ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី និងប្រទេសវៀតណាម បានអន្ដរាគមន៍ជួយសង្គ្រោះពលករខ្មែរ២៩នាក់ ដោយថា អ្នកខ្លះមិនអាចស៊ូទ្រាំនឹងការងារនៅទីនោះ និងខ្លះទៀតលួចឆ្លងដែនទៅប្រទេសទំាងនោះដោយខុសច្បាប់។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងថា ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ីសង្គ្រោះពលករខ្មែរ២២នាក់ ដោយក្នុងនោះ១១នាក់ ចាញ់បោកមេខ្យល់នំាទៅធ្វើការនៅលើទូកនេសាទ កាលពីឆ្នាំ២០១៥ និង១១នាក់ទៀត នាំគ្នាទៅធ្វើការដោយខុសច្បាប់នៅប្រទេសនោះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ដោយឡែក ពលករខ្មែរ៧នាក់(ស្ត្រី)ផ្សេងទៀត ដែលធ្វើដំណើរតាមម៉ូតូពីកម្ពុជាតាមខេត្តតាកែវ រួចបន្តឆ្លងកាត់ខេត្តអានយ៉ាង រហូតដល់ទីក្រុងហូជីមីញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ដោយពុំមានលិខិតឆ្លងដែន បម្រុងឡើងរថយន្តបន្តដំណើរទៅព្រំដែនវៀតណាម-ចិននោះ ត្រូវបានសមត្ថកិច្ចក្រុងហាណូយ ឃាត់ខ្លួនសាកសួរ និងបញ្ជូនត្រឡប់មកស្ថានទូតកម្ពុជាប្រចំាប្រទេសនេះ ដើម្បីធ្វើបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះផងដែរ។
ក្រសួងការបរទេសបានឲ្យដឹងកាលពីខែកញ្ញា ឆ្នាំ២០១៧ ថា ក្រសួងនេះ បានជួយពលករខ្មែរពីប្រទេសម៉ាឡេងស៊ីចំនួន១៦នាក់បន្ទាប់ពីពួកគេថា មិនអាចស៊ូទ្រាំនឹងការងារនៅទីនោះ។
តាមរបាយការណ៍របស់ក្រសួងការបទេសកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍ ពលករខ្មែរចំនួន ៤៥០នាក់។ ក្នុងនោះ បញ្ជូនមកពីប្រទេសថៃ មានចំនួន១៧៨នាក់ ម៉ាឡេស៊ី ចំនួន១៣៤នាក់ វៀតណាម ចំនួន៦៨នាក់ មកពីឡាវ ចំនួន២៤នាក់ និង ចំនួន ២២នាក់ផ្សេងទៀត បញ្ជូនមកពីប្រទេសចិន៕