រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថ្លៃងថា ការបង្កើតផ្សារគំរូនៅព្រំដែនកម្ពុជា-វៀតណាម នឹងជួយបង្កើនទំហំពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពពលរដ្ឋនៃប្រទេសទាំងពីរឲ្យបានប្រសើរឡើង។
នៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងថា ផ្សារគំរូបដែលឡើងលើកដំបូងនេះ វានឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការដាក់លក់ទំនិញនៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការដោះដូរទំនិញនៅពេលកន្លងមក។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
លោកចាត់ទុកការបង្កើតផ្សារនៅព្រំដែនកម្ពុជា-វៀតណាមនេះ ជាចំណុចថ្មីបន្ថែមទៀតក្នុងការពង្រឹងទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យឈានដល់៥០០០លានដុល្លារ តាមគម្រោងរបស់រដ្ឋាភិបាលទាំងពីរ។
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការបង្កើតផ្សារនៅព្រំដែនវាផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរក្នុងការទៅទិញទំនិញ ហើយដើម្បីបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណម និងការរួម ចំណែកក្នុងអភិវឌ្ឍន៍នៅតាមជនបទផងដែរ ។ប៉ុន្តែលោកថា ប្រសិនបើការបង្កើតផ្សារនេះ ដើម្បីនាំទំនិញពីវៀតណាមមកកម្ពុជា នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។
លោកថា៖ «បើយើងមើលអ្នកផលិតនៅក្នុងស្រុក អ្នកនៅស្រុកយើងអត់មានអ្នកណាចិញ្ចឹមសត្វអត់មានអ្នកណាដាំបន្លែទេ នៅក្នុង ខេត្តត្បូងឃ្មុំភាគច្រើន ដាំដំណាំកសិឧស្សាហកម្ម។ អញ្ចឹងកាលណាគេនិយាយពីសេដ្ឋកិច្ចតាមច្រកព្រំដែន ដែលគេហៅថា ជាច្រកតំបន់នេះគឺមិនមានផលប៉ះពាល់ទេ ប៉ុន្តែបើទំនិញនោះហូរមកដល់ក្នុងស្រុកវាអាចប៉ះពាល់ទៅនឹងប្រជាពលរដ្ឋខ្មែរដទៃទៀត បើសិនជាវាច្រកសម្រាប់បង្ហូរចូលមក នៅក្នុងប្រទេសទាំងមូល តែបើសិនជាច្រក សម្រាប់ប្រើប្រាស់នៅតំបន់ក្នុង ស្រុកគឺមិនមានផលប៉ះពាល់ទេ តែវាជួយឲ្យកំណើនសេដ្ឋកិច្ចក្នុងស្រុកបានប្រសើរវិញ»។
ផ្សារគំរូនេះ សង់លើផ្ទៃដីប្រហែល ២ ហិកតា មានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយពី ១ គីឡូម៉ែត្រ ពីព្រំដែនវៀតណាមជាប់ខេត្តតៃនិញ។ ទុនវិនិយោគសាងសង់ផ្សារនេះសរុបប្រមាណ ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ ផ្សារគំរូ កម្ពុជា-វៀតណាម ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៨នេះ ហើយបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។
គិតត្រឹមរយ:ពេល១១ខែ ក្នុងឆ្នាំ២០១៧កន្លងមក កម្ពុជា-វៀតណាម បានសម្រេចទំហំពាណិជ្ជកម្ម ៣ ៤៣៨លានដុល្លារ ពោលគឺបានកើនឡើង ៣១,៥% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២ ៩២៦ លានដុល្លារ៕