បើទោះបីជាក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការមិនឲ្យមានការរើសអើងជនពិការយ៉ាងណាក៏ដោយ ប៉ុន្តែជនពិការមួយចំនួននៅតែត្អូញត្អែពីផលលំបាក និងការរើសអើង ពេលដែលពួកគេទៅរកការងារធ្វើតាមស្ថាប័នរដ្ឋ និងឯកជនមួយចំនួន។
កំពុងអង្គុយអ៊ុតខោអាវឲ្យភ្ញៀវក្នុងហាងបោកសម្លៀកបំពាក់តូចមួយនៅសង្កាត់បឹងទំពុន ក្នុងខណ្ឌមានជ័យ ជនពិការស្វិតជើងទាំងសងខាងកញ្ញា ពៅ ធាវី រៀបរាប់ថា កាលពីពេលថ្មីៗនេះ នាងបានដាក់ពាក្យសុំការងារធ្វើនៅរោងចក្រមួយម្តុំផ្សារជម្ពូវ័ន្ត។ ស្ត្រីរូបនេះ រៀបរាប់ថា ដំបូងឡើយពេលដែលភាគីរោងចក្រមិនឃើញពីរូបរាងពិត គឺខាងរោងចក្របានហៅឲ្យទៅធ្វើការ ប៉ុន្តែ ដល់ថ្ងៃចូលធ្វើការបែរជាខាងរោងចក្រមិនទទួលយកទេ ដោយលើកហេតុផលថា ក្រុមហ៊ុនរើសបានបុគ្គលិកគ្រប់ចំនួនហើយ។
កញ្ញាបន្ថែមថា៖ «មានអារម្មណ៍ថា មើលទៅគេរើសអើងអ្នកពិការមែនទែន ហើយបើប៉ះចំពិការខ្សោយសតិបញ្ញាទៀត ចប់ហើយ គេលែងយកតែម្តង។ ខ្ញុំឧស្សារហ៍សំណូមពរទៅលើ[ក្រសួងសង្គមកិច្ច]ដែរថា ធ្វើម៉េចជួយជំរុញឲ្យគ្រប់ក្រុមហ៊ុនហ្នឹង ជនពិការម៉េចឲ្យបានម្នាក់ ឬពីរនាក់នៅក្នុងហ្នឹងដែរ ប៉ុន្តែ អត់ហ្មង រោងចក្រហ្នឹងអត់យកហ្មង ដល់ពេលអញ្ចឹងទៅ មានអារម្មណ៍ស្មុគស្មាញ ពេលគេរើសអើងជនពិការអញ្ចឹង។ បើផ្តល់ឱកាស ខ្ញុំមានសមត្ថភាពធ្វើ»។
ក្នុងវ័យ ៣៣ឆ្នាំ ជាសិស្សរៀនបានត្រឹមថ្នាក់ទី១២ កញ្ញា ពៅ ធាវី កំពុងបម្រើការងារក្នុងហាងបោកអ៊ុតសម្លៀកបំពាក់មួយរបស់ អង្គការយុវជនកម្ពុជា និងអភិវឌ្ឍន៍។ នាងនិយាយថា ប្រសិនបើអង្គការនេះពុំជួយស្វែងរកការងារឲ្យធ្វើទេ នាងប្រហែលមិនអាចមានឱកាសទទួលបានការងារធ្វើដូចសព្វថ្ងៃនេះទេ។
កញ្ញាបន្ថែមថា៖ «និយាយទៅ បន្ទាប់ពីរោងចក្រគេអត់យក ខ្ញុំឲ្យអង្គការគេជួយរកការងារឲ្យខ្ញុំធ្វើ។ ឥលូវខ្ញុំធ្វើការកន្លែងបោកគក់។ ខ្ញុំមកតាមរយៈឡាវីឡា។ ខ្ញុំមិនដែលទៅរកការងាររដ្ឋធ្វើផង ព្រោះខ្ញុំមិនដឹងទៅដាក់នៅកន្លែងណា»។
នៅឯម្ដុំផ្សារពោធិ៍ចិនតុងឯណោះវិញ កំពុងតែអង្គុយលក់ចាបហួយក្នុងហាងតូចមួយ កញ្ញា ស៊្រុន ប៊ុនហេង បានប្រាប់ថា នាងបានសម្រេចចិត្តប្រកបរបររកស៊ីខ្លួនឯង បន្ទាប់ពីនាងបរាជ័យក្នុងការស្វែងរកការងារធ្វើនៅតាមរោងចក្រនានា ដោយថា នាងត្រូវបានគេបដិសេធដោយសារតែពិការរភាព។
ស្ថិតក្នុងវ័យ ២៧ឆ្នាំ និងបាត់បង់ដៃខាងស្ដាំនៅក្នុងឡឥដ្ឋកាលពីកុមារភាពនោះ នារីរូបនេះ បានឲ្យដឹងថា ដោយសារតែរៀនបានតិចតួច នាងបានទៅរកការងារធ្វើនៅតាមក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់មួយចំនួន ប៉ុន្តែ មិនត្រូវបានក្រុមហ៊ុនទាំងនោះទទួលយកឲ្យបម្រើការងារនោះទេ ដោយសារគេឃើញនាងពិការដៃ។
កញ្ញាបន្ថែមថា៖ «ខ្ញុំខ្វះលុយ ខ្ញុំក៏ចូលទៅក្រុមហ៊ុនធ្វើការរោងចក្រ។ កាលណោះ ពេលចូល អ្នកធម្មតាគេឲ្យចូល ចំណែកខ្ញុំ ថៅកែចិន គេថា គេអត់យកទេ ហើយគេឲ្យខ្ញុំចេញវិញ ខ្ញុំក៏ចេញវិញ។ កាលណោះ ខ្ញុំគិតថា ខ្ញុំអត់ធ្វើការក៏បានដែរ បើគេមិនឲ្យចូល។ គេរើសអើង បើគេគិតថា ខ្ញុំគ្មានសមត្ថភាពដេរឲ្យគេបាន»។
ទោះបីបាត់បង់ដៃខាងស្ដាំដល់ស្មា ប៉ុន្តែ កញ្ញា ប៊ុនហេង អះអាងថា កញ្ញាអាចបំពេញការងារទាំងនោះ ប៉ុន្តែ ក្រុមហ៊ុនឯកជននានា មិនបានផ្តល់ឱកាសឲ្យនាងនោះឡើយ។
មន្រ្តីសម្របសម្រួល និងស្វែងការងារឲ្យជនពិការ នៃអង្គការយុវជនកម្ពុជា និងអភិវឌ្ឍន៍ លោក ធី លាងហួរ អះអាងថា បើទោះបីជាក្នុងច្បាប់ហាមឃាត់មិនឲ្យមានការរើសអើងជនពិការក្នុងទទួលបានការងារធ្វើក៏ដោយ ប៉ុន្តែ លោកថា ជាបទពិសោធន៍ក្នុងការជួយរកការងារឲ្យជនពិការធ្វើកន្លងមកនេះ គឺស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ក៏នៅតែមានការរើសអើងជនពិការដោយសារស្ថាប័នទាំងនោះ មិនយល់ដឹងពីសិទ្ធិ និងច្បាប់គាំពារជនពិការ។
លោកបន្ថែមថា៖ «រើសអើងភាគច្រើនដែរ ព្រោះការងារគេយកសម្រាប់តែមនុស្សល្អ។ ជាជនពិការ ជួនណា យើងត្រូវអង្វរគេ និយាយប្រាប់គេថា ពួកគាត់អាចធ្វើបានកម្រិតនេះៗ បងឯងជួយគាត់ផងទៅ។ ជួនគេអាណិត គេយក ជួនណាគេមិនអាណិត គេមិនយក ព្រោះអីអ្នករៀនដល់បរិញ្ញាបត្រប្រឡងអត់ជាប់ផង ចុះទំរាំគាត់រៀនបានត្រឹមថ្នាក់ទី១២ ឬវគ្គខ្លីៗអីហ្នឹង ហើយសង្គមសម័យ ឥលូវវាលំបាកដែរ»។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា ក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ គឺតម្រូវឲ្យស្ថាប័នរដ្ឋទទួលយកជនពិការចូលបំរើការងារ ២ភាគរយ និងឯកជន ១ភាគរយ នៃចំនួនបុគ្គលិកក្នុងស្ថាប័ននោះ។
លោកបន្តថា បច្ចុប្បន្នមានជនពិការជាច្រើនចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន បើប្រៀបធៀបទៅនឹងមុនៗ ប៉ុន្តែ លោកថា នៅតែមានស្ថាប័នរដ្ឋ និងឯកចំនួន កំពុងរើសអើងមិនព្រមទទួលយកជនពិការចូលបម្រើការងារដែរ។ លោកថា តាមគោលការណ៍ច្បាប់ ប្រសិនបើស្ថាប័នទាំងឡាយមិនព្រមទទួលយកជនពិការចូលបម្រើការងារទេ គឺត្រូវផាកពិន័យ ឬអាចប្រឈមមុខនឹងផ្លូវច្បាប់។
លោកបន្ថែមថា៖ «បើតាមគោលការណ៍ស៊ីស្តឹម ក្រុមហ៊ុននោះដែលបុគ្គលិកចាប់ពី ៥០នាក់ឡើងទៅ គាត់មិនបានជួលបងប្អូនជន ពិការឲ្យធ្វើការងារ គឺគាត់ត្រូវទទួលពិន័យ ១% ដែលត្រូវបង់ឲ្យមូលនិធិជនពិការ ដើម្បីជួយដល់បងប្អូនជនពិការ។ អញ្ចឹងទី១គាត់ អាចប្រឈមនឹងការផាកពិន័យ។ ទី២ គាត់អាចប្រឈមមុខនឹងផ្លូវច្បាប់»។
ជនពិការ និងអ្នកធ្វើការងារលើកកម្ពស់វិស័យពិការភាព បានស្នើទៅរដ្ឋាភិបាលឲ្យជំំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យទទួលយកជនពិការ ឲ្យស្របតាមច្បាប់កំណត់ និងផាកពិន័យស្ថាប័នទាំងឡាយណាដែលមិនព្រមទទួលយកជនពិការចូលបម្រើការងារ។
វិអូឌីមិនអាចសុំការឆ្លើយតបពីមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំវិញបញ្ហានេះ។ ប៉ុន្តែ កាលពីចុងឆ្នាំ ២០១៧ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា មានប្រសាសន៍ថា ក្រុមអធិការកិច្ចវិស័យពិការភាព នឹងជំរុញទៅស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ឲ្យអនុវត្តគោលការណ៍ទទួលយកជនពិការ ចូលបម្រើការងារស្របតាមច្បាប់ជាតិ-អន្តរជាតិកំណត់។
របាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ ឲ្យដឹងថា ជនពិការមានប្រហែល ៤%នៃចំនួនប្រជាជនសរុប ឬប្រហែល ៥២៤ ០០០នាក់ ប៉ុន្តែ បើអង្គការសង្គមវិលលើកឡើងថា ចំនួនជនពិការអាចច្រើនជាងនេះ។
របាយការណ៍របស់ក្រសួងដដែលឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ ជនពិការចូលបម្រើការងារនៅក្នុងក្រសួង និងស្ថាប័នរដ្ឋមានចំនួន២៥៧៦នាក់ គិតជាភាគរយស្មើនឹង ១.៧២% ហើយជនពិការបម្រើការងារក្នុងវិស័យឯកជនចំនួន ១៩ស្ថាប័នមានជនពិការចំនួន២១២៤នាក់។ ជារួម ជនពិការចូលបម្រើការងារទាំងវិស័យរដ្ឋ និងឯកជន គឺមានចំនួន ៤៧០០នាក់៕