លោក ហ៊ុន សែន កាន់​តំណែង​​ប្រធាន​មូលនិធិ​មនុស្ស​ចាស់​បន្ថែម​លើ​មូលនិធិ​ពីរ​ទៀត

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ​បាន​សម្រេច​ទទួល​យក​តំណែង​ប្រ​ធានមូលនិធីទ្រទ្រង់មនុស្ស​ចាស់ ទៅ​តាម​សំណើ​រ​​​ដ្ឋ​មន្ត្រី​ក្រ​សួងសង្គមកិច្ច លោក វង សូត ដោយថា ដើម្បីជំរុញឲ្យមានការប្រែប្រួលជាវិ​ជ្ជាមាននូវគុ​ណ​ភា​ព​​​ជី​​វិ​​ត​ម​នុ​ស្ស​​ចាស់​។

លោក ហ៊ុន សែន ក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ​ស្តីពី​មនុស្សវ័យចាស់ឆ្នាំ​២០១៧-២០៣០ បានថ្លែងថា គោលនយោបាយនេះ​សំដៅធានាឲ្យបាននូវ​សន្តិសុខ​ប្រា​ក់​ចំណូល កាត់ប​ន្ថ​យ​​​​​​​ភា​​​ពងាយរងគ្រោះ​ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​របស់ប្រជាជនវ័យចាស់ ព្រមទាំលើកក​ម្ពស់សុខមាល​ភាព​ប្រ​ក​​​ប​​​ដោយសមធម៌។

លោកថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំអ​នុវត្ត​រួ​ម​ចំ​ណែកការចូលរួមវិភាគទានយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានការប្រែប្រួ​យជាវិជ្ជមាននូវកម្រិ​តជីវ​ភាពរស់​នៅ ​និង​គុណភាពជីវិតរស់នៅមនុស្សកម្ពុជាគ្រប់រូប»។

គោលនយោបាយជាតិ​ស្តីពី​មនុស្សវ័យចាស់ បានផ្តោតទៅលើ​សន្ដិសុខហិរញ្ញវត្ថុ សុខភាព របៀបរបបកា​ររស់​នៅ​​ ការរំលោភបំពាន បរិស្ថានអំណោយផល និងសមាគម​ម​នុ​ស្ស​​​ចាស់ ជាដើម។

តែជាងកន្លះខែប៉ុណ្ណោះក្នុងរដូវជិតបោះឆ្នោតមកដល់នេះ លោក ហ៊ុន សែន បានប្រកាសធ្វើ​ជាប្រធានមូ​លនិធិ​ចំ​នួ​​​ន ​៣រួចមកហើយ រួមមាន​មូលនិធិទ្រទ្រង់មនុស្សចាស់  មូ​លនិ​ធិ​មន្ទីរពេ​ទ្យគន្ធបុ​ប្តា និងមូលនិធិអ្នកធាក់ស៊ីក្លូ។

ប្រធានអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មិនទាន់អាច​បញ្ជាក់បា​នថា មូលនិធិនេះ នឹងចែកជាលុយសុទ្ធប្រចាំខែ​ដល់មនុស្សចាស់ ឬក៏ផ្តល់សេវាគាំ​ពារយ៉ា​ងណា​ពិ​ប្រាក​ដនៅ​ឡើ​យ​​​ទេ ដោយថា ក្រសួងត្រូវការពេលវេលាបន្ថែម ដើម្បីសិក្សា​ទៅលើសេវាទ្រ​ទ្រង់មនុស្ស​ចាស់នេះ។

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាលទ្ធផលក្រសួងបានកសាងមជ្ឈមណ្ឌមួយ​នៅខណ្ឌសែនសុខ ក្នុងរាជធា​នីភ្នំពេ​ញ បា​នជា​​ង ៧​០​ភាគរយហើយ។ លោកថា ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការមជ្ឈមណ្ឌល​នោះ​នៅឆ្នាំនេះ ដើ​​ម្បី​ថែទាំ​​មនុស្សចាស់។

បើតាមអ្នកនាំពាក្យ​រូប​នេះ ក្រសួងនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលនៅតាមបណ្តាខេត្តមួយចំនួនទៀត តាមទំហំនៃមូលនិ​ធិដែ​លប្រ​មូ​លបាន និងកិច្ចសហការពីដៃគូពាក់ព័ន្ធ។

លោកថា៖ «មជ្ឈមណ្ឌលនេះ សូមជម្រាបថា ជាមជ្ឈមណ្ឌលជាតិដែលមានតែមួយសម្រាប់ស្រុកខ្មែរយើង ហើយយើ​ង​យកការ​អនុវត្ត​នៅមជ្ឈមណ្ឌលនេះ ធ្វើជាគំរូសម្រាប់ខេត្តដទៃ ឬសម្រាប់មជ្ឈមណ្ឌលដទៃទៀត ដើម្បីជាស្តង់ដា​មួ​យ​សម្រា​ប់ថែទាំមនុស្សចាស់ ហើយយើងកំពុងតែស្វែងរកដៃគូមួយចំនួន ដូចជា ជប៉ុនអី គាត់កំ​ពុងតែគាំទ្រ​យើងរឿ​​​ងហ្នឹងដែរ ហើយ​ជប៉ុនគា​ត់មាន​បទពិសោធន៍ក្នុងរឿងហ្នឹងដែរ ហើយជប៉ុនមានបទពិ​សោធន៍ល្អក្នុងកា​រងា​រថែ​​ទាំ​មនុស្សចាស់នេះ»។

របាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មនុស្សវ័យ​ចាស់​មានអាយុពី ៦០ឆ្នាំឡើង​ក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ឬ​ស្មើនឹង ១ លាន ២​សែននាក់នៃប្រ​ជាជ​ន​ស​រុប ១៥​លាននាក់ ។

ក្រសួង​នេះ បាន​ព្យាករថា នៅឆ្នាំ២០៣០ មនុស្សចាស់នឹងកើនដល់ចំនួន​ ២លាននាក់ ឬ​ស្នើនឹង​ ១១%​នៃ​​​​ប្រជា​​ជ​ន​​សរុប​ប្រមាណ ១៨លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ