កូនស្រីមេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានអះអាងថា ឪពុករបស់នាងនៅតែរក្សាជំហរមិនចូលរួមនឹងចលនាសង្គ្រោះជាតិផ្ដួចផ្ដើមឡើងដោយអតីតមេដឹកនាំបក្សប្រឆាំងនោះឡើយ ដោយថា ជំហរបែបនេះ ត្រូវបានសម្រេចឡើងដោយឆន្ទៈ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯបរទេសដើម្បីគេចពីបណ្ដឹងនានានៅតុលាការកម្ពុជានោះ បានប្រកាសឲ្យដឹងកាលពីថ្ងៃទី១៤ ខែមករានេះ អំពីការផ្ដួចផ្ដើមបង្កើតនូវ «ចលនាសង្គ្រោះជាតិ» បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
ប៉ុន្តែ មេធាវីលោក កឹម សុខា គឺលោក ហេង ផេង បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោកថា លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងនោះ បានសម្រេចចិត្តមិនចូលរួម និងមិនគាំទ្រចលនាដែលផ្ដួចផ្ដើមឡើងដោយលោក សម រង្ស៊ី នោះទេ។
បើតាមការអះអាងរបស់មេធាវីរូបនេះ លោក កឹម សុខា នៅតែបន្តទាមទារយកមកវិញនូវគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង ៣លានសំឡេង នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។
បន្ទាប់ពីលោក កឹម សុខា បានបង្ហាញជំហរបែបនេះតាមរយៈមេធាវីរបស់លោករួចមក លោក សម រង្សី បានរៀបរាប់នៅទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា លោក កឹម សុខា មិនអាចប្រកាសជំហរគាំទ្រ «ចលនាសង្គ្រោះជាតិ» នោះទេ ដោយសារតែលោកស្ថិតក្នុងកណ្ដាប់ដៃលោក ហ៊ុន សែន។
ទោះជាយ៉ាងណា កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា បានអះអាងលើគណនីហ្វេសប៊ុករបស់នាងកាលពីថ្ងៃម្សិលមិញផងដែរថា ឪពុករបស់នាងសម្រេចដោយឈរលើឆន្ទៈផ្ទាល់ខ្លួន ដោយមិនខ្លាចបញ្ហាសុវត្ថិភាពនោះឡើយ។
កញ្ញា កឹម សម្មាធីតា រៀបរាប់ថា៖ «ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំ គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថា ខ្លាចពីសុវត្ថិភាពឡើយ»។
កញ្ញាបន្ថែមថា៖ «ឪពុករបស់នាងខ្ញុំមានស្មារតីរាំងមាំ និងឧត្ដមគតិដែលពុំមាននរណាម្នាក់អាចឃុំបានឡើយ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង ហង្ស វិទូ យល់ថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់បក្សនេះ កំពុងខ្វែងគំនិតផ្ទៃក្នុងបក្ស ដោយថា បើពួកគេនៅតែបន្តបកស្រាយផ្ទុយគ្នាបែបនេះ អ្នកដែលទទួលបានប្រយោជន៍ គឺបក្សកាន់អំណាច។
ដំណាក់កាលនេះ លោកថា អតីតមេដឹកនាំបក្សប្រឆំាង និងមន្ត្រីរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ហើយត្រូវរួមគ្នាគិតធ្វើយ៉ាងណា ដើម្បីឲ្យពួកគេបានចូលរួមប្រកួតប្រជែងនយោបាយប្រកបដោយតម្លាភាព និងទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។
លោកយល់ថា៖ «រឿងទាក់ទងនឹងការខ្វែងគំនិត គឺលោក សម រង្ស៊ី ផ្ទាល់ និងក្រុមកូនលោក កឹម សុខា គួរតែជួបគ្នាដោយផ្ទាល់និយាយគ្នា ដើម្បីដោះស្រាយបញ្ហាជៀសវាងការខ្វែងគំនិត និងការយល់ប្រឡំ ដែលនំាទៅដល់ការបែកបាក់។ ចំណុចទីបី គណបក្សសង្គ្រោះជាតិ គឺគាត់ត្រូវតែប្រើយុទ្ធសាស្ត្រ វិធីសាស្ត្រការទូត ដើម្បីឲ្យប្រជាពលរដ្ឋគាត់យល់អំពីគណបក្សសង្គ្រោះជាតិ ថា សង្គ្រោះជាតិមានគោលដៅរឹងមំាច្បាស់លាស់ ហើយដើម្បីពន្យល់ទៅដល់អន្តរជាតិ ដើម្បីឲ្យអន្តរជាតិគាត់ធ្វើអន្តរាគមន៍ជួយនៅក្នុងលក្ខខណ្ឌណាមួយ ដែលអាចជួយបាន»។
ក្រុមមេដឹកនាំអតីតបក្សប្រឆាំង បានឈានទៅដល់ការខ្វែងគំនិតគ្នា បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសឲ្យដឹងអំពីការផ្ដួចផ្ដើមបង្កើតចលនាសង្គ្រោះជាតិ កាលពីថ្ងៃទី១៤ ខែមករាកន្លងមកនេះ។
ចលនាថ្មីនេះ ត្រូវបានផ្ដួចផ្ដើមឡើង ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ដាក់ឃុំក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» កាលពីដើមខែកញ្ញាឆ្នាំមុន៕